អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អំណាច​និង ឥទ្ធិពល​មហា​យក្ស​ចិន​កើន​ពេញ​តំបន់​អាមេរិក​ឡាទីន
25, May 2015 , 4:14 pm        
រូបភាព

ដំណើរ​ទស្សនកិច្ច​បួន​ប្រទេស​នៅ​អាមេរិក​ឡាទីន របស់​ប្រមុខ​រដ្ឋាភិបាល​ចិន ក្លាយជា​សញ្ញា​វិជ្ជមាន​សម្រាប់​ប្រទេស​នានា​ក្នុង​តំបន់​នោះ។ មេដឹកនាំ​ចិន​ខាងលើ​បាន​នាំ​កញ្ចប់​លុយ​ទៅជា​មួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ផ្តល់​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ប្រើប្រាស់​ដើម្បី​ជំរុញ​ការផ្សាភ្ជាប់​និង ចំណង​សេដ្ឋកិច្ច​តាមរយៈ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ និង​ជា​លក្ខណៈ​អន្តជាតិ​ដើម្បី​បន្ថយ​គម្លៀត​រដ្ឋ​អាមេរិក​ឡាទីន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម។ ចិន​ក៏​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​គម្រោង​នេះ​ដូចគ្នា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មេដឹកនាំ​ចិន និង​អាមេរិក​ឡាទីន​ប្តេជ្ញាចិត្ត​ថា​នឹង​ប្រឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ៥០០ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល១០ឆ្នាំ​ខាងមុខ​ដែរ។ ភាព​រី​ចម្រើន​នៃ​ចំណង​ការទូត​និង​ពាណិជ្ជកម្ម​ចិន​និង​ប្រទេស​តំបន់ បង្ហាញ​ឲ្យ​ឃើញថា​ឥទ្ធិពល​ក្រុង​ប៉េកាំង​កំពុង​គ្របដណ្តប់​ពាសពេញ​តំបន់​អាមេរិក​ឡាទីន  ហើយ​ដែន​ឥទ្ធិពល​អាមេរិក​នោះ​បន្ត​ធ្លាក់ចុះ​ខ្លាំង​គួរ​ឲ្យ​បារម្ភ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​ជុំវិញ​វិញ​បញ្ហា​នេះ៖



ម្សិលមិញ ប្រមុខ​រដ្ឋាភិបាល​ចិន​លោក Li Keqiangបាន​អញ្ជើញ​ទៅដល់​ទីក្រុង Santiago ប្រ​ទេ​ស៊ី​លី​ជា​ទិសដៅ​ចុងក្រោយ ដើម្បី​ជជែក​ពិភាក្សា​ពី​ការ​រឹតចំណង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​នយោបាយ​រវាង​ប្រទេស​ទាំងពីរ។ ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ចិន​ខាងលើ ចាប់​ផ្តើមឡើង​តាំងពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ម្ល៉េះ​ដោយ​លោក​ចាប់ផ្តើម​អញ្ជើញ​ទៅកាន់​ប្រទេស​ប្រេ​ស៊ី​ល​មុនគេ​បន្ទាប់មក​លោក​បន្ត​ទៅកាន់​ប្រទេស​កូ​ឡុំ​ប៊ី និង​បន្ត​ចេញទៅ​ប៉េ​រូ និង​ចុងក្រោយ​ប្រទេស​ស៊ី​លី។ 

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​អាមេរិក​ឡា​ទីនេះ នាយ​រដ្ឋមន្ត្រី​ចិន​ពាំ​នាំនូវ​កញ្ចប់​ហិរញ្ញវត្ថុ​សម្រាប់​ផ្គត់ផ្គង់​ដល់​រដ្ឋ​អាមេរិក​ឡាទីន​ក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ រួមជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ផងដែរ។ បណ្តា​ប្រទេស​អាមេរិក​ឡាទីន​បង្ហាញ​គោលជំហរ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​មើលឃើញ​ពី​សារសំខាន់​របស់​ចិន​ក្នុង​ការជួយ​ជំរុញ​កំនើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ប្រទេស​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ។ សម្រាប់​របប​ដឹកនាំ​ក្រុង​ប៉េកាំង​របស់លោក ស៊ី ជិន​ពីង ហេដ្ឋារចនាសម្ព័ន្ធ​ជា​កម្លាំងចលក​ជម្រុញ​ការផ្សាភ្ជាប់ បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​នយោបាយ​ជាដើម។ បច្ចុប្បន្ននេះ​ចិន បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង​គម្រោង​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ ដែល​រាល់​គម្រោង​ទាំងនេះ​ជា​ផែនការ​ស្នូល​នៃ​ការជួយ​បង្កើន​ការអភិវឌ្ឍន៍​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់​ពី​ចិន​ទៅដល់​អាហ្វ្រិក អឺរ៉ុប​ជា​ថែម​ទៀតផង។

១.ចិន​ជម្រុញ​ការសិក្សា​គម្រោង​សាង​ផ្លូវ​រថភ្លើង​ភ្ជាប់​ពី​ប្រេ​ស៊ី​ទៅ​ប៉េ​រូ
ខណៈ​នៅ​ប្រេ​ស៊ី​ល ប្រមុខ​រដ្ឋាភិបាល​ចិន​បាន​ជួបពិភាក្សា​ជា​លក្ខណ​ទ្វេភាគី​ជាមួយ​ប្រ​ធានា​ធីប​តី​ប្រេ​ស៊ី​ល  DilmaRousseffជុំវិញ​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​បង្ក​ន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច។ កិច្ចព្រមព្រៀង​ជាច្រើន​ត្រូវ​មេដឹកនាំ​ទាំងពីរ​ចុះហត្ថលេខា ប៉ុន្តែ​អ្វីដែល​សំខាន់​មេដឹកនាំ​ចិន​នេះ​បានប្រកាស​ផ្តល់​លុយ​ប្រមាណ៥០ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រេ​ស៊ី​ល​អភិ​វិ​ឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំក្រោយ។ ប្រេ​ស៊ី​ល និង​ចិន​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយគ្នា​យូរ​មកហើយ ហើយ​ម្យ៉ាង​ចិន​និង​ប្រេ​ស៊ី​ល​សុទ្ធតែជា​សមាជិក​អង្គការ​BRICS ផងដែរ​នោះ។ ដោយឡែក​លោក Li Keqiangបានប្រកាស​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​គម្រោង​ពិសេស​សាង​ផ្លូវ​រថភ្លើង​អន្ត​រអា​ម៉ា​ហ្សូ​ន ភ្ជាប់​ពី​ក្រុង​Rio de Janeiroឆ្នេរសមុទ្រ អា​ត្ល​ង់​ទិ​ក ជាមួយ​ឆ្នេរសមុទ្រ​ប៉េ​រូ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ភាគី​ទាំងបី​ចិន ប៉េ​រូ និង ប្រេ​ស៊ី​ល​កំពុង​យកចិត្ត​ទុក​សិក្សា​ពី​គម្រោង​នេះ ដើម្បី​ត្រួស​ត្រាយផ្លូវ​ឲ្យ​មានការ​សាងសង់​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​កាត់បន្ថយ​ការចំណាយ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​និង​វត្ថុធាតុដើមផ្សេង។  ប៉ុន្តែ​គេ​ឃើញ​មានការ​ព្រួយបារម្ភ​ផងដែរ​ចំពោះ​គម្រោង​នេះ ដ្បិត​វា​អាច​ផ្តល់​ផល់ប៉ះពាល់​ដល់​បរិស្ថាន ជាពិសេស​លំនៅដ្ឋាន​នៃ​សហគមន៍​ជនជាតិដើម​ភាគតិច​តែម្តង។

២.ឥទ្ធិពល​ចិន ឆ្លង​ដល់​ស៊ី​លី និង កូ​ឡុំ​ប៊ី
ប្រទេស​ពីរ​ទៀត​ដែល​នាយករដ្ឋមន្ត្រី​ចិន​អញ្ជើញ​ទៅដល់​គឺ ស៊ី​លី និង​កូ​ឡុំ​ប៊ី។ ចិន​សម្លឹង​ឃើញ​សក្តានុពល​នៃ​រដ្ឋ​លាតសន្ធឹង​ប្រប​មហាសមុទ្រ​ប៉ាស៊ីហ្វិក ស៊ី​លី។ ស៊ី​លី​ជា​រដ្ឋ​ដែល​ជិតស្និទ្ធ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ជាងគេ ដ្បិត​រដ្ឋ​នេះ​កំពុង​ចរចា​គ្នា​ក្នុង ក្របខណ្ឌ​នៃ​គម្រោង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន​ផង។ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រមុខ​រដ្ឋាភិបាល​ចិន ជាការ​រឹតបន្តឹង​ចំណងមិត្តភាព​ទ្វេភាគី ស្រប​ពេលដែល​អាមេរិក​បាត់បង់​ឥទ្ធិពល​បន្តិចម្តងៗពី​តំបន់​សមុទ្រ​ការី​ប៊ី​ន។ សូម​រំលឹក​បន្តិច​ថា លោក Li បាន​ជួបពិភាក្សា​ដើម្បី​រឹតបន្តឹង​ចំណង​ពាណិជ្ជកម្ម​ទេ្វ​ភាគី​ជាមួយ​ប្រធានាធិបតី​ស៊ី​លី​Michelle Bachelet មុន​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ឡាទីន។
ចំណែក​កូ​ឡុំ​ប៊ី​ឯណោះ​វិញ ក៏​ជា​ទិសដៅ​ពិសេស​សម្រាប់​ចិន​ដូចគ្នា​ក្នុងការ​បណ្តាក់ទុន​រក​ស៊ី។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយចំនួន ដែល​មេដឹកនាំ​ចិន​និង  ប្រធានាធិបតី​កូ​ឡុំ​ប៊ី Juan Manuel Santos ចុះ​រួមគ្នា ហើយ​ភាគី​ទាំងពីរ​បន្ត​ពិភាក្សា​រួមគ្នា​ជុំវិញ​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ផង។ លោក Li Keqiangក៏​ប្រកាស​ផ្តល់ជំនួយ​ទំហំ ៨លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី ដើម្បី​កសាង​តំបន់​ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម បើសិន​ករណី​ភាគី​កងកម្លាំង​ឧទ្ទាម​និង​រដ្ឋាភិបាល អាច​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ៦ទសវត្ស​មកហើយ​នោះ។

៣.ចិន និង​រុស្ស៊ី សម្លឹង​ឃើញ​ឱកាស​ពង្រីក​ឥទ្ធិពល ស្របពេល​រដ្ឋ​អាម​រិ​ក​ឡាទីន​មិន​ពេញចិត្ត​អាមេរិក
ដំណើរ​ទស្សនកិច្ច របស់​មេដឹកនាំ​កំពូល​ចិន​មាន​ទាំង​ប្រធានាធិបតី​ស៊ី​ជិន​ពីង​ផង និង​នាយករដ្ឋមន្ត្រី​ចិន​ផង​ទៅ​អាមេរិក​ឡាទីន បញ្ជាក់ថា​ចិន​កំពុងតែ​ព្យាយាម​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​អាមេរិក​ទីន​ជាពិសេស​ទៅកាន់​ប្រទេស​ផ្សេងទៀត​ដែល​ខ្លួន​មិនសូវមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ។បច្ចុប្បន្ននេះ មិន​ត្រឹមតែ​ចិន​មួយ​ទេ ដែល​កំពុង​រត់​សំដៅទៅ​អាមេរិក​ឡាទីន រុស្ស៊ី​ជា​ដៃគូ​ចិន​ក៏​ជា​ប្រទេស​ដែលមាន​ទឹកមាត់ប្រៃ​នៅ​អាមេរិក​ឡាទីន​ដែរ។ ប្រទេសធំៗដូចជា​ប្រ​ស៊ី​ល អា​ហ្ស​ង់​ទីន បូ​លី​វី និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជាដើម​នោះ​សុទ្ធតែជា​មិត្ត​របស់​រុស្ស៊ី ព្រោះ​ពួកគេ​មិនមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន។ វេ​ណេ​ហ្សូ​អេ​ឡា​រង​ទណ្ឌកម្ម​អាមេរិក ប្រមុខរដ្ឋ​នី​កូ​ឡា​ម៉ា​ឌុយ​រ៉ូ បន្ត​ស្រែក​ប្រឆាំង​របប​ដឹកនាំ​លោក​អូ​បា​ម៉ា ឥត​ដាច់។ ចំណែក​របប​ដឹកនាំ​អា​ហ្ស​ង់​ទីន​របស់​លោកស្រី  Cristina Kirchner និង​របប​ដឹកនាំ​ប្រេ​ស៊ី​ល​DilmaRousseff សុទ្ធតែ​រង​ការរិះគន់​ពី​ក្រុង​វ៉ាស៊ីនតោន​រឿង​ពុករលួយ​ជាដើម ហើយ​ប្រទេស​ទាំងពីរ​ខឹង​អាមេរិក​រឿង​ប្រើ​ភ្នាក់ងារ​សន្តិសុខ​ជាតិ​លួច​ចារកម្ម​មេដឹកនាំ​ខ្លួន​ផង។ យ៉ាងណាមិញ តាំងពី​យូរ​មកហើយ សហរដ្ឋអាមេរិក​ហាក់​មិនសូវ​ខ្វា​យ​ខ្វាល់​រឿង​តំបន់​នៅ​ជិត​ខ្លួន​ប៉ុន្មាន​ទេ។ អាមេរិក​ខ្វាយខ្វល់​ពី​តំបន់​ផ្សេង​នៅ​ឆ្ងាយ ដែល​ផ្តល់ឱកាស​ដល់​មហាអំណាច​ក្រៅ​តំបន់​ឈាន​ជើង​ចូល​បាន​យ៉ាង​ស្រួល៕


© រក្សាសិទ្ធិដោយ thmeythmey.com