ជាតិ
សង្គមជាតិ
កម្មករ​អូស​រទេះ​ទំនិញ កំទេច​ការិយាល័យ​គយ​នៅ​ប៉ោយប៉ែត
25, May 2015 , 5:38 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក លោក សោម អូន
រូបភាពពីហ្វេសប៊ុក លោក សោម អូន
ដោយ:

ការតវ៉ា​របស់​កម្មក​រ​អូស​រទេះ​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន​ប៉ោយប៉ែត​បាន​ឈានដល់​ការផ្ទុះ​ហិង្សា កំទេច​ទីស្នាក់ការ​គយ ដោយបាន​បង្ក​អោយ​ខូចខាត​រថយន្ត​មន្ត្រី​គយ និង​អគារ​ការិយាល័យ​គយ​ប្រចាំ​នៅ​ច្រក​ប៉ោយប៉ែត។ អំពើហិង្សា​បានកើត​ឡើង ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា កម្មករ​ម្នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​មាន​គ្រោះថ្នាក់​ដល់​ជីវិត។



ពី​ម៉ោង៩ព្រឹក​នៅ​ថ្ងៃទី២៥ឧសភា​នេះ កម្មករ​អូស​រទេះ​ប្រមាណ១០០នាក់ បាន​ជួបជុំគ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ៥ ប្រឆាំង​សាខាគយ​នៅ​ច្រក​ប៉ោយប៉ែត ដែល​បាន​ទារលុយ​បង់ពន្ធ​ពី​ក្រុមកម្មករ​ដោយ​មិន​ចេញ​បង្កាន់ដៃ។ តំណាង​កម្មករ​ម្នាក់​ឈ្មោះ ស៊ុំ ចាន់​ធី បាន​រៀបរាប់​ប្រាប់​សារព័ត៌មានថ្មីៗថា ពួកគេ​ទាមទារ​ឲ្យ​មន្ត្រី​គយ​ចេញ​បង្កាន់ដៃ​លើ​រាល់​ការបង់ពន្ធ​របស់​ពួកគេ។

លោក​ថា៖«ពួក​ខ្ញុំ​ស្នើ​ដល់​រដ្ឋាភិបាល​ផង ជួយ​ពិនិត្យ​មេ​គយ និង​មេ​នគរបាល​អន្តោប្រវេសន៍ នៅ​ប៉ោយប៉ែត​ផង។ មន្ត្រី​ទាំងនេះ បាន​ឲ្យ​ខ្ញុំ​បង់ពន្ធ​ទំនិញ​ចាប់ហួយ​តាម​រទេះ​ចាប់ ៥ ទៅ ១០ម៉ឺន​រៀល ដោយ​មិនមាន​វិ​ក្ក័​យ​ប​ត្រ​ត្រឹមត្រូវ។ ខ្ញុំ​លែង​ជឿ ពួកគាត់​សន្យា​ជួយ​ដោះ ស្រាយ​ហើយ»។

បើតាម​លោក ចាន់​ធី ដដែល ក្រុមកម្មករ​ចង់​ឲ្យ​ប្រធាន​សាខាគយ​ចេញមុខ​ដោះស្រាយ ប៉ុន្តែ​គេ​នៅតែ​មិនឃើញ​ប្រធាន​សាខាគយ​នោះ​ចេញមក​ឡើយ ហើយ​ថែមទាំង​ដាក់​កម្លាំង​សមត្ថកិច្ច​មក​បង្ក្រាប​ទៀតផង។ ពេលនោះ​មានការ​ប៉ះទង្គិច​ខ្លះ​រវាង​សមត្ថកិច្ច និង​ក្រុមកម្មករ។ ហើយ​កម្មករ​ម្នាក់​ដែល​រងរបួស​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ។ តំណាង​កម្មករ​បន្តថា អំពើហិង្សា​របស់​កម្មក​រ​បាន​ផ្ទុះឡើង នៅពេល​ដែលមាន​ពាក្យ​ចចាមអារ៉ាម​ថា កម្មករ​ដែល​រងរបួស​បាន​ស្លាប់។

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួ​ន បានធ្វើ​របាយការណ៍​ទៅ​អភិបាលខេត្ត​ដោយ​រៀបរាប់​អំពី​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​សាខាគយ​ប៉ោយប៉ែត​ដែល​រូ​ម​មាន​រថយន្ត៧គ្រឿង របង​ទីស្នាក់ការ​គយ និង​អគារ​ការិយាល័យ​គយ។ អភិបាលក្រុង​ប៉ោយប៉ែត បានដាក់​បន្ទុក​ទៅលើ​មនុស្ស​មួយក្រុម​ថា ជា​អ្នក​ញុះញង់​ឲ្យ​កម្មករ​ផ្ទុះ​កំហឹង៕



© រក្សាសិទ្ធិដោយ thmeythmey.com