ជាតិ
សង្គមជាតិ
កសិដ្ឋាន​ចិញ្ចឹមសត្វ​ក្រពើ​នៅ​កម្ពុ​ជាមាន​ជាង៥៦០កន្លែង
28, May 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
លោក សួន ផល្លា មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​មា​នក​សិ​ដ្ឋា​ន​ចិញ្ចឹម​ក្រពើ​ប្រមាណ​ជាង៥៦០កន្លែង។ ក្នុងចំណោម​កសិដ្ឋាន​ទាំង៥៦០នោះ គឺ​មានតែ​ចំនួន២០កសិដ្ឋាន​ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី អនុសញ្ញា​អន្តរជាតិ CITES និង​អាច​នាំ​ផលិតផល​ស្បែក ក្រពើ​ទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន។ លោក​បន្ដថា ទីផ្សារ​ស្បែក​សត្វ​ក្រពើ​ដែល​កម្ពុជា​នាំ​ចេញទៅ​តំបន់​អឺរ៉ុប ក៏​កំពុង​ជួបប្រទះ​បញ្ហា ដោយសារតែ​មានតម្លៃ​ទាប​ដែរ។



ក្នុងជំនួប​ប្រជុំ​ជាមួយ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ខាង​អភិរក្ស និង​ចិញ្ចឹមសត្វ​ក្រពើ មកពី​បណ្ដា​ប្រទេស៤០ នៅ​ក្រុង​សៀមរាប​កាលពីពេលថ្មីៗនេះ លោក សួន ផល្លា មន្ត្រី​ជំនាញ​គ្រប់គ្រង​អនុសញ្ញា​សាយ​តេស (CITES) បាន​បញ្ជាក់ថា មូលហេតុ​ដែល​ស្បែក​សត្វ​ក្រពើ​ក្នុងប្រទេស​កម្ពុជា ពិបាក​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ គឺ​ទី១ស្បែក​មិនសូវ​ល្អ​ត្រូវ​តាម​ស្ដង់ដារ និង​ទី២ដោយសារតែ​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ CITES មិនទាន់​ទទួលស្គាល់ថា​ស្បែក​ក្រពើ​ទាំងនោះ។

លើសពីនេះ​លោក សួន ផល្លា បន្ដថា ស្បែក​សត្វ​ក្រពើ​កម្ពុជា​ក៏​លក់​មិនបាន​ថ្លៃ ហើយ​មិនអាច​នាំចេញ​ទៅកាន់​ទីផ្សា​រ​អន្តរជាតិ​បាន​ច្រើន​នោះ គឺ​ដោយសារតែ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា​មួយចំនួន​នោះ មិនបាន​ចុះបញ្ជី​ផ្លូវច្បាប់ តាម​អនុសញ្ញា​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង រុក្ខជាតិ​ដែល​កំពុង​រងគ្រោះថ្នាក់ ហៅ​កាត់​ថា​CITES នៅឡើយ​ទេ។

បច្ចុប្បន្ន​កម្ពុជា​មា​នក​សិ​ដ្ឋា​ន​ចិញ្ចឹម​ក្រពើ​ប្រមាណ​ជាង៥៦០កន្លែង រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ពោធិ៍សាត់ និង​ខេត្តកណ្ដាល ៕


© រក្សាសិទ្ធិដោយ thmeythmey.com