សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ជា​មិត្ត​គួរ​ឲ្យ​ទុកចិត្ត​របស់​អាហ្វ្រិក ឬជាអ្នក​កេងប្រវ័ញ្ច?
01, Jun 2015 , 3:00 pm        
រូបភាព
ចិន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​សម្រាប់​ប្រទេស​នៅ​តំបន់​អាហ្វ្រិក។ បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​ជាច្រើន​បន្តកន្ទុយ​គ្នា​ទៅកាន់​តំបន់​អាហ្វ្រិក​ដើម្បី​វិនិយោគ ខណៈពេលដែល​ក្រុមហ៊ុន​រាប់រាប់​ទៅហើយ​កំពុង​ប្រតិបត្តិការ​នៅ​ទីនោះ។ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាហ្វ្រិក​កើនឡើង​ជាប្រចាំ ទំហំ​វិនិយោគ​បន្ត​កើនឡើង​ជាប់​រហូត​ដូចគ្នា​ដោយសារ​ការហូរចូល​នៃ​ទុនវិនិយោគ​នៅក្នុង​តំបន់​អាហ្វ្រិក ហើយ​ចិន​បន្ត​ផ្តល់ប្រាក់​កម្ចី​ច្រើនសន្ធឹក​សន្ធាប់​ដល់​ប្រទេស​អាហ្វ្រិក។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានក្លាយ​ជា​ប្រទេស​ដែលមាន​ឥទ្ធិពល​បំផុត​មួយ​នៅ​អាហ្វ្រិក ហើយ​ប្រទេស​នេះ​ព្យាយាម​បង្កើន​តួនាទី​របស់ខ្លួន​កាន់តែ​សកម្ម​ផងដែរ​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​អាហ្វ្រិក ជា​ឧទាហរណ៍​ជួយ​ដោះស្រាយ​ជម្លោះ​ស៊ូដង់​ខាងត្បូង។ ប៉ុន្តែ រដ្ឋាភិបាល​កំពុង​រង​ការចោទប្រកាន់ថា បាននិងកំពុង​កេងប្រវ័ញ្ច ទាញយក​ផលប្រយោជន៍​ច្រើនសន្ធឹក​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ដែល​សម្បូរហូរហៀរ​ដោយ​ធនធាន​មានតម្លៃ​និង​ធនធាន​ថាមពល​មាន​ប្រេង​និង​ឧស្ម័ន តាមរយៈ​ការ​ផ្តល់ជំនួយ ជាពិសេស​បង្កើន​ការវិនិយោគ​នៅ​ទីនោះ។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ៖




ការកើនឡើង​នៃ​ឥទ្ធិពល​របស់​មហាអំណាច​អាស៊ី​ចិន​នៅលើ​ដែនដី​ក្រីក្រ​អាហ្វ្រិក​កំពុង​ក្លាយជា​ប្រធានបទ​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ចម្រូងចម្រាស​បំផុត​ដែរ។ ពីរ​មួយថ្ងៃ​ទៅមួយថ្ងៃ​គេ​ឃើញ​ចិន​ដើរតួនាទី​កាន់តែ​ធំ​និង​សំខាន់​នៅ​តំបន់​អាហ្វ្រិក ស្រប​ពេលដែល​ចំណង​ពាណិជ្ជកម្ម នយោបាយ សេដ្ឋកិច្ច​ទ្វេភាគី​រវាង​រដ្ឋ​អាហ្វ្រិក​និង​ប្រទេស​ចិន​ក៏​ចេះតែ​កើនឡើង​ឥត​ឈប់។ ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន​រដ្ឋ​ចិន ស្កេ​ក​ស្កះ បន្តកន្ទុយ​គ្នា​ឥត​ដាច់​ចូល​វិនិយោគ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ជា​ឧទាហរណ៍​ប្រទេស​អាហ្វ្រិក​ខាងត្បូង នី​ហ្សេ​រី​យ៉ា អ៊ូ​ហ្ក​ង់​ដា ស៊ូដង់ ស៊ូដង់​ខាងត្បូង អង់​ហ្កូ​ឡា​ជាដើម។ និយាយ​ឲ្យ​ខ្លី​រដ្ឋ​ណា​ដែល​សម្បូរ​ធនធានធម្មជាតិ ជាពិសេស​ប្រេង​តែម្តង។ចិន​មិន​ត្រឹមតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាហ្វ្រិក​ឡើយ ប៉ុន្តែ​ប្រទេស​នេះ​ក៏​កំពុង​ព្យាយាម​ជំនួស​តំណែង​ប្រទេស​មហាអំណាច​អតីត​ម្ចាស់​អាណានិគម​អាហ្វ្រិក​មានបារាំង​និង​អង់គ្លេស​ជាដើម​ផងដែរ។  

ក្រៅពី​វិនិយោគ​នៅ​តំបន​អាហ្វ្រិក​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ការទូត ព្រមទាំង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅលើ​តំបន់​អាហ្វ្រិក​ដោយ​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍ និង​ប្រាក់កម្ចី​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ។  យោងតាម​របាយការណ៍​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ គ្រាន់តែ​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាហ្វ្រិក​ចិន កើនឡើង​ពី​ត្រឹម៤៩១លាន​ដុល្លារ រហូតដល់១៤.៧ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។តាមពិតទៅ​បណ្តា​ប្រទេស​អាហ្វ្រិក​រំពឹង​ឃើញថា ទំនាក់ទំនង​ចិន និង​អាហ្វ្រិក​នឹង​ជួយ​ឲ្យ​បណ្តា​ប្រទេស​អាហ្វ្រិក​ដែល​ក្រីក្រ មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​អាច​ទទួលបាន​ការអភិវឌ្ឍ​ន៍ ជាពិសេស​ការរីកលូតលាស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​មាន​កំណើនសេដ្ឋកិច្ច​ឆាប់រហ័ស។ តើ​ការកើនឡើង​នៃ​អំណាច​ចិន​នៅ​អាហ្វ្រិក​ជាស​ញ្ញា​វិជ្ជា​មាន​ឬ​ជា​បណ្តាសារ? ហើយ​ចិន​ពិតជា​មិត្ត​ល្អ​គួរ​ឲ្យ​ទុកចិត្ត​របស់​ប្រជាជន​អាហ្វ្រិក​ឬ​យ៉ាងណា?

 ជានិច្ច​ជា​កាល មេដឹកនាំ​ចិន​បានប្រកាសថា ទំនាក់ទំនង​ចិន​អាហ្វ្រិក​ពិតជា​ប្រសើរ ដោយ​គ្មាន​ភាគី​ណាមួយ​ឡើយ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​ស្អិតល្មួត​បច្ចុប្បន្ននេះ។ វា​ជា​នយោបាយ​ឈ្នះ​ឈះ​ទាំងសងខាង។ ប៉ុន្តែ​គេ​នៅតែ​ពិបាក​សន្និដ្ឋាន​ដែរ​ថា​ចិន​ពិត​ជាមាន​ចេតនា​ស្មោះត្រង់​ជួយ​ចូក​ជួយ​ចែវ​ប្រជាជន​អាហ្វ្រិក​ឲ្យ​ស្គាល់​ការអភិវឌ្ឍន៍​ពិតប្រាកដ និង​រួច​ផុតពី​ភ្លក់​ភ្លើងសង្គ្រាម​ដោយ​សុទ្ធតែ​ចិត្ត ខុសពី​មហាអំណាច​លោកខាងលិច​ផ្សេងទៀត​នោះ។ បើ​មើល​ឲ្យ​ស៊ីជម្រៅ​ទៅ​ចិន​ទំនងជា​មិនសូវ​ស្មោះត្រង់​ដូច​ការអះអាង​របស់​មេ​ដឹកនាំ​ចិន​ឡើយ។ រយៈពេល​ច្រើន​ឆ្នាំ​ហើយ ក្រៅពី​ស្វះ​ស្វែងរក​ធនធានធម្មជាតិ ប្រឹង​បូម​យក​ប្រេង ឧស្ម័ន រ៉ែ គេ​មិនទាន់​ឃើញ​ការអភិវឌ្ឍន៍​អ្វី​ជា​ដុំកំភួន​ឡើយ​ក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ទាំងនោះ។ក្រុមហ៊ុន​ចិន​បន្ត​ទាញយក​ប្រយោជន៍ ខណៈពេលដែល​ប្រជាជន​ម្ចាស់​ស្រុក​បានទទួល​ប្រយោជន៍​តិចតួច​ប៉ុណ្ណោះ។

បច្ចុប្បន្ននេះ​ទាំង​ចិន​និង​ទាំង​អាមេរិក​សុទ្ធតែ​កំពុងតែ​ប្រកួតប្រជែង​គ្នា​ដណ្តើមយក​តំបន់​អាហ្វ្រិក ដោយសារ​ទីផ្សារ​សេដ្ឋកិច្ច និង​ធនធានធម្មជាតិ​ដ៏​សម្បូរហូរហៀរ​នោះ។  យ៉ាងណាក៏ដោយ​ទាក់ទិន​ការរីកដុះដាល​នៃ​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន​លើ​បណ្តា​ប្រទេស​អាហ្វ្រិក វា​មិនមែនជា​សញ្ញា​ល្អ​ឡើយ ដ្បិត​ទីណា​មាន​ក្រុមហ៊ុន​ចិន ទីនោះ​អាចមាន​បញ្ហា​រឿងអាស្រូវ​ច្រើន​ជាពិសេស​ទាក់ទិន​ការ​ខួង​បូម​យក​រ៉ែ​ប្រេង វត្ថុ​មានតម្លៃ កាប់បំផ្លាញ​ព្រៃឈើ បំពុលបរិស្ថាន​និង​ការបណ្តេញ​ប្រជាជន​ពី​សហគមន៍​ជាដើម។ ជា​ការពិត​លោកខាងលិច​ខ្លះ​បាន​ចោទប្រកាន់ ចិន​ថា​កំពុង​ព្យាយាម​កេងប្រវ័ញ្ច​ទាញយក​ប្រយោជន៍​ពី​បណ្តា​ប្រទេស​អាហ្វ្រិក ជាពិសេស​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​ប្រជាជន​អាហ្វ្រិក​ក្រីក្រ។ ហើយ​អ្វីដែល​ធ្វើ​រូបភាព​ចិន​រឹតតែ​អាក្រក់ នោះ​គឺ​ចិន​មិនសូវ​ខ្វល់ខ្វាយ​បញ្ហានយោបាយ របប​គ្រប់គ្រង ស្ថានភាព​សិទ្ធិមនុស្ស ឬ​បញ្ហា​បរិស្ថាន​ឡើយ មានន័យថា ឲ្យ​តែ​បាន​ប្រយោជន៍​ក្រុង​ប៉េកាំង​ធ្វើ​ទាំងអស់។ បញ្ហា​ពុករលួយ បញ្ហា​រំលោភសិទ្ធិ និង​បញ្ហា​បរិស្ថាន​នៅតែ​ជា​កង្វល់​ដ៏​ធំ​បំផុត​សម្រាប់​ប្រជាជន​អាហ្វ្រិក។ 

ថ្មីៗនេះ ចិន​ចាប់ផ្តើម​បង្ហាញ​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ស​និ្ត​សុខ​នៅ​អាហ្វ្រិក ជាពិសេស​ជួយ​បញ្ចប់សង្គ្រាម​ស៊ីវិល​និង​ជម្លោះ​ប្រដាប់អាវុធ​ជាដើម​ផង។ ជាក់ស្តែង ក្រុង​ប៉េកាំង​បាន​ជួយ​ដោះស្រាយ​បញ្ហា​ស៊ូដង់​ខាងត្បូង ដើម្បី​ជួយ​ឲ្យ​រដ្ឋ​ក្មេងខ្ចី​មួយ​នេះ​បញ្ចប់​សង្គ្រាមស៊ីវិល​អូសបន្លាយ​រាប់​ឆ្នាំ​មក​នោះ។ ចិន​ប្រើប្រាស់​សព្វគ្រប់ វិធានការ​ការទូត​ផង និង​បញ្ជូន​កងទ័ព​ខ្លួន​ក្រោម​ស្លាក​អង្គការសហប្រជាជាតិ​ផង​ដើម្បី​រក្សា​សន្តិភាព​នៅ​ស៊ូដង់​ខាងត្បូង។ កងទ័ព​ចិន​ប្រហែល ៧០០នាក់ មាន​ទាំង​ជំនាញ​វិ​ជ្ជ​សាស្ត្រ ទ័ព​ប្រយុទ្ធ ការពារ ជាដើម​ផង បាន​ទៅដល់​ស៊ូដង់​ខាងត្បូង​ដើម្បី​បំពេញភារកិច្ច​របស់ខ្លួន។

តែ​ណ្ហើយ បើទោះជា​ចិន​ចូលចិត្ត​ដើរ​ខ្សែលើ​បន្ត​ក៏ដោយ លោកខាងលិច​ដែល​ចោទប្រកាន់​ចិន​នោះ ក៏​មិនត្រូវ​ភ្លេចខ្លួន​ថា ពួកគេ​ធ្លាប់ជា​ម្ចាស់​អាណានិគម អនុវត្ត​គោលនយោបាយ​ជិះជាន់ គៀបសង្កត់ និង​កេងប្រវ័ញ្ច​ប្រទេស​ក្រីក្រ​នៅក្នុង​ទ្វីបអាហ្វ្រិក​ដូចគ្នា​ដែរ​កាលពី​អតីតកាល​ដើម្បី​មានបាន​បច្ចុប្បន្ន៕



© រក្សាសិទ្ធិដោយ thmeythmey.com