កីឡាជាតិ
ជាតិ
កម្ពុជា និងឡាវ ដែលមានស្ថានភាពដូចគ្នា ប៉ះគ្នាក្នុងជំនួបមិត្តភាពនៅពហុកីឡដ្ឋានជាតិ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ស្វាគមន៍ក្រុមជម្រើសជាតិឡាវនាវេលាម៉ោង៦ និង៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ក្នុងជំនួបមិត្តភាពអន្តរជាតិ ដោយក្រុមជិតខាងទាំងពីរកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះជុំទីពីរក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។
ក្នុងសន្និសីទសារព័ត៌មាននៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី១ ខែមិថុនា លោក Kazunori Ohara គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងលោក Steve Darby គ្រូបង្វឹកក្រុមជម្រើសជាតិឡាវ សុទ្ធតែបានទទួលស្គាល់ថា ក្រុមរបស់ខ្លួន បាត់បង់កីឡាករវ័យក្មេងឆ្នើមជាច្រើន ដែលទៅចូលរួមក្នុងឈុតស៊ីហ្គេម ប៉ុន្តែពួកលោកនៅតែមានទស្សនៈវិជ្ជមានក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតជម្រុះជុំទីពីរនៃព្រឹត្តិការណ៍ World Cup។
លោក Kazunori Ohara ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតជម្រុះ World Cup ដោយសារតែកម្មវិធីប្រកួតប្រកៀកគ្នាជាមួយឈុត U-23 នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងប្រទេសសឹង្ហបុរី។ នៅមុនចូលដឹកនាំក្រុមជម្រើស បុរសជនជាតិជប៉ុន វ័យ៤២ឆ្នាំ រូបនេះ ក៏ទើបទទួលបានតំណែងជានាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។
ស្របពេលដែលលោក Ohara ចូលដឹកនាំក្រុមជម្រើសជាតិ ហើយគ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon ផ្តោតទៅលើឈុតស៊ីហ្គេមរបស់កម្ពុជា លោក Steve Darby ជនជាតិអង់គ្លេសអាយុ៦០ឆ្នាំ បានចែករំលែកការងារជាមួយលោក David Booth ដែលជាមិត្តរួមជាតិរបស់ខ្លួន។ លោក Darby ដែលជានាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់ឡាវផងដែរនោះ ត្រូវដឹកនាំឈុត World Cup របស់ឡាវ ខណៈលោក Booth ទទួលភារកិច្ចដឹកនាំឈុតស៊ីហ្គេម។
លោក Ohara ដែលបានដឹកនាំក្រុមជម្រើសជាតិប៊ូតង់ពីឆ្នាំ២០១២ ដល់២០១៤ លើកឡើងថា ការប្រកួតមិត្តភាពជាមួយឡាវ គឺជាដំណាក់កាលវាស់ស្ទង់សមត្ថភាពដ៏សំខាន់នៅមុនការប្រកួតជម្រុះ World Cup។ គ្រូបង្វឹកជនជាតិជប៉ុនបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាការប្រកួតចុងក្រោយក្នុងទឹកដីកម្ពុជា នៅមុនព្រឹត្តិការណ៍ប្រកួតជម្រុះ World Cup ដូច្នេះខ្ញុំសង្ឃឹមថា កីឡាករនឹងប្រឹងលេងប្រកបដោយការតាំងចិត្តខ្ពស់ ហើយនឹងទទួលលទ្ធផលល្អពីការប្រកួត»។
លោក Darby ដែលចាប់អាជីពជាគ្រូបង្វឹកតាំងពីឆ្នាំ១៩៧៩មក នៅប្រទេសប៉ារែន អូស្ត្រាលី ម៉ាឡេស៊ី វៀតណាម សឹង្ហបុរី ឥណ្ឌា រួមទាំងធ្លាប់ដឹកនាំឈុតស៊ីហ្គេមរបស់ថៃ ផងនោះ រំពឹងថា ក្រុមទាំងពីរនឹងមិនមានបញ្ហារបួសនោះឡើយសម្រាប់ការប្រកួតមិត្តភាពនេះ។
លោកបានលើកឡើងថា៖ «យើងត្រូវការត្រៀមខ្លួនឲ្យបានល្អប្រសើរសម្រាប់ការប្រកួតជម្រុះ World Cup នាពេលខាងមុខ ដូច្នេះយើងមិនចង់ឃើញផលអវិជ្ជមានដែលកើតចេញពីការប្រកួតមិត្តភាពអន្តរជាតិនេះឡើយ»។
មុនជួបជាមួយកម្ពុជា ក្រុមជម្រើសជាតិឡាវ បានចាញ់អាហ្វហ្គានីស្ថាន ២-០ ក្នុងជំនួបមិត្តភាពដូចគ្នានៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ អាហ្វហ្គានីស្ថាន គឺគូប្រជែងមួយរបស់កម្ពុជាដែលស្ថិតនៅក្នុងពូល E នៃវគ្គជម្រុះ World Cup។ បន្ទាប់ពីជំនួបជាមួយឡាវ កម្ពុជាបានណាត់ការប្រកួតមិត្តភាពមួយទៀតជាមួយមីយ៉ាន់ម៉ារនៅខេត្ត Samut Sakhon ប្រទេសថៃ នាថ្ងៃទី៥ ខែមិថុនា។
សម្រាប់ការប្រកួតវគ្គជម្រុះ World Cup នាពេលខាងមុខ កម្ពុជានឹងទទួលភ្ញៀវសឹង្ហបុរី នាថ្ងៃទី១១ ខែមិថុនា ខណៈឡាវទទួលភ្ញៀវមីយ៉ាន់ម៉ារនៅថ្ងៃដូចគ្នា។
កម្ពុជាស្ថិតក្នុងពូល E ជាមួយសឹង្ហបុរី អាហ្វហ្គានីស្ថាន ស៊ីរី និងជប៉ុន ខណៈឡាវស្ថិតក្នុងពូល G ជាមួយមីយ៉ាន់ម៉ារ គូវែត លីបង់ និងកូរ៉េខាងត្បូង។ គ្រូបង្វឹកក្រុមជម្រើសជាតិឡាវ គូសបញ្ជាក់ថា ជប៉ុនគឺជាមហាឧបសគ្គសម្រាប់កម្ពុជា ខណៈកូរ៉េខាងត្បូងគឺជាមហាឧបសគ្គសម្រាប់ឡាវ៕
© រក្សាសិទ្ធិដោយ thmeythmey.com