កីឡាអន្តរជាតិ
អន្តរជាតិ
លោក Sepp Blatter ប្រកាសលាលែងពី​តំណែងជា​ប្រធាន FIFA
03, Jun 2015 , 12:27 am        
រូបភាព
ដោយ: ថ្មីៗ
លោក Sepp Blatter ដែល​ទើប​ជាប់ឆ្នោត​សម្រាប់រយៈពេល​៤​ឆ្នាំ​ទៀត​ ជាប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់អន្តរជាតិ (FIFA) នោះ បានប្រកាស​លាលែងពី​តំណែង​ពី​ស្ថាប័ន​បាល់ទាត់​កំពូលមួយនេះ។ តាម​រយៈការប្រកាស​របស់​ខ្លួន បុរស​ជន​ជាតិ​ស្វីស​វ័យ​៧៩​ឆ្នាំ​រូបនេះ បាន​ជុំរុញឲ្យ​មាន​សមាជវិសាមញ្ញ​មួយ​ដើម្បី​រៀបចំ​ជ្រើស​រើស​ប្រធាន​ថ្មី។



កាលពី​សប្តាហ៍មុន បន្ទាប់ពី​ជាប់​ឆ្នោត​សារជាថ្មី លោក Blatter បាន​សន្យាបន្ត​ដឹកនាំ​ស្ថាប័ន FIFA ឲ្យឆ្ពោះទៅមុខ​បន្ថែមទៀត ដោយអាយុ​របស់​លោក​មិនមែន​ជាបញ្ហាចោទនោះ​ឡើយ។ ការ​លាលែង​របស់​លោក ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​ជាប់ពាក់ព័ន្ធ​នឹងការស៊ើបអង្កេត​ករណី​ពុក​រលួយ​ក្នុងពិភពបាល់ទាត់ បើគិតចាប់តាំងពី​លោក​កាន់កាប់តំណែង​ជាប្រធាន​ FIFA កាលពី​ឆ្នាំ​១៩៩៨ មក។

នៅមុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានអណ្តត្តិ​ថ្មីកន្លងមក ស្ថាប័ន FIFA បាន​ទទួល​រង​នូវ​រឿងរ៉ាវ​ជាច្រើន ជាពិសេស​ការឃាត់ខ្លួន​មន្ត្រីសំខាន់ៗចំនួន​១៤នាក់ ក្រោម​ដី​ការបស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិក។ អ្នក​ទាំងនោះ ជាប់ចោទពី​បទប្រព្រឹត្តអំពើពុក​រលួយ ស៊ីសំណូក និងលាងលុយកខ្វក់​ជាដើម។ អាជ្ញាធរស្វីសក៏បើកការស៊ើបអង្កេតផង​ដែរទាក់ទងនឹងការ​ដេញ​ថ្លៃធ្វើ​ជាម្ចាស់ផ្ទះ World Cup ឆ្នាំ​២០១៨ និង​២០២២៕


© រក្សាសិទ្ធិដោយ thmeythmey.com