ជាតិ
សង្គមជាតិ
ខ្មែរឥស្លាម​នឹង​ចាប់ផ្តើម​ខែ​បួស​របស់ខ្លួន​នៅ​ពាក់កណ្តាល​ខែមិថុនា​នេះ
03, Jun 2015 , 11:44 am        
រូបភាព
ពលរដ្ឋ​ខ្មែរឥស្លាម​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា នឹង​ចាប់ផ្តើម​ខែ​រ៉​ម៉ា​ឌន ឫ​ខែ​បួស​របស់ខ្លួន​នៅ​ពាក់កណ្តាល​ខែមិថុនា​ខាងមុខ​នេះហើយ។ មិនទាន់​កំណត់​ថ្ងៃ​ពិតប្រាកដ​បាន​នោះទេ ព្រោះថា​ការចាប់ផ្តើម​បួស​របស់​សាសនិក​ឥស្លាម ត្រូវ​មើល​លើ​លោក​ខែ នៃ​ថ្ងៃ​ផ្តើម​ខែ​រ៉​ម៉ា​ឌន​នោះ។



គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន​បាន​ឲ្យ​ដឹងថា ការកំណត់​ថ្ងៃ​ចូល​បួស​រ៉​ម៉ា​ឌន​ឆ្នាំ២០១៥នេះ គឺ​ត្រូវ​រង់ចាំ​មើល​ខែខ្នើត​ខែ​រ៉​ម៉ា​ឌន នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី ២៩ ខែ​សាក់​ពាន ត្រូវ​នឹង​ថ្ងៃទី ១៦ មិថុនា។ ប្រសិន​មើលឃើញ​លោក​ខែ​នៅ​ល្ងាច​ថ្ងៃទី ១៦នោះ គឺ​ត្រូវ​ផ្តើម​បួស នៅ​ថ្ងៃទី ១៧ មិថុនា តែបើ​មើលមិនឃើញ​វិញ នោះ​ការផ្តើម​បួស គឺ​ត្រូវចំ​ថ្ងៃទី ១៨ មិថុនា ដោយ​រាប់​បង្គ្រប់ ៣០ថ្ងៃ​នៃ​ខែ​សាក់​ពាន (ខែ​របស់​សាសនា​ឥស្លាម)។

គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា តាមរយៈ​លោក សុះ កំ​រ៉ី ដែលជា​ចាងហ្វាង បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន ដែល​ធ្វើ​នៅ​ថ្ងៃទី២ មិថុនា ដោយ​ជម្រាប​ទៅ​អ៊ី​មាំ អ្នកគ្រប់គ្រង​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​ផ្តល់ដំណឹង​មកកាន់​ខ្លួន ប្រសិនបើ​អ្នកណា​បានឃើញ​ខែខ្នើត​ខែ​រ៉​ម៉ា​ឌន ដើម្បី​ត្រួតពិនិត្យ និង​ចៀសវាង​ការខុស​ណាមួយ។ សម្រាប់​ការប្រកាស​ជា​សាធារណៈ​អំពី​ការផ្តើម​បួស នឹង​ធ្វើឡើង​តាមរយៈ​វិទ្យុ FM 96 MHz ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​អប្សរា នៅ​ល្ងាច​ថ្ងៃទី ១៦ មិថុនា ឆ្នាំ២០១៥ វេលា​ម៉ោង ៧កន្លះ​យប់។

គួររម្លឹកថា ដើម្បី​រិត​ចំណង​រវាង​ថ្នាក់ដឹកនាំ​ប្រទេស និង​សាសនិក​ឥស្លាម​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានប្រកាសថា​ខ្លួន​នឹង​រៀបចំ​ពិធី​ពិសា​អាហារ​ស្រាយ​បួស​រួមគ្នា​ជា​រៀងរាល់ឆ្នាំ។ ជាក់ស្តែង​នៅ​ឆ្នាំនេះ ដែលជា​ឆ្នាំ​ទី​ពីរ​នៃ​ការរៀបចំ​អាហារ​ស្រាយ​បួស គឺត្រូវធ្វើ​ឡើង​នៅ​ថ្ងៃទី ២៦ មិថុនា (ក្នុង​ខែ​រ៉​ម៉ា​ឌន) ដែល​គ្រោង​មាន មន្ត្រីការទូត ថ្នាក់ដឹកនាំ និង​សាសនិក​ឥស្លាម​មកពី​ទីជិត​ឆ្ងាយ​ចូលរួម​ច្រើន​កុះករ​ផងដែរ។ កាលពី​ឆ្នាំទៅ ពិធី​ជួបជុំ​អាហារ​ស្រាយ​បួស​ជា​ថ្នាក់ជាតិ រៀបចំឡើង​នៅ​សាលសន្និសីទ​កោះ​ពេជ្រ នៅ​ថ្ងៃទី ១៨ ខែកក្កដា៕


© រក្សាសិទ្ធិដោយ thmeythmey.com