កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ វឌ្ឍនាកា អបអរបែប «Boxing Celebration» ដូច Rooney និង Cahill
× ការអបអរគ្រាប់បាល់បញ្ចូលទីរបស់ ចាន់ វឌ្ឍនាកា នាជ័យជម្នះ ៣-១ លើហ្វីលីពីន ក្នុងការប្រកួតដំបូងរបស់កម្ពុជានៅពូល A ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រជាច្រើន។ តាមរូបភាពវីដេអូ កាយវិការអបអរបែបជាការប្រដាល់នេះ ដូចទៅនឹងការអបអររបស់កីឡាករអង់គ្លេស Wayne Rooney និងកីឡាករអូស្ត្រាលី Tim Cahill ផងដែរ ហើយកាសែតបរទេសមួយចំនួនចាត់ទុកជា «Boxing Celebration»។
ក្រោយការបញ្ជូនរបស់ ប្រាក់ មុន្នីឧត្តម ដែលជាប្រធានក្រុម ចាន់ វឌ្ឍនាកា បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ នៅនាទី៨០ ពោលគឺ៣នាទីក្រោយការបង្ហាញវត្តមាននៅលើទីលាន។ ក្រោយការស៊ុតបាល់បញ្ចូលទី វឌ្ឍនាកា បានរត់សំដៅទៅ អុល រ៉ាវី ហើយបានប្រើក្បាច់ប្រដាល់ដាក់មិត្តរួមក្រុមរបស់ខ្លួន មុននឹងឱបគ្នាដើម្បីអបអរ។
ខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បានធ្វើការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួនក្នុងរូបភាពជាកីឡាករប្រដាល់ផងដែរ នាជំនួបកាលពីថ្ងៃអាទិត្យ ទី១៥ ខែមេសា នាជ័យជម្នះ ៣-០ លើ Tottenham Hotspurs នៅ Old Trafford។ រូបភាពវីដេអូ បានបង្ហាញថា Rooney ធ្វើកាយវិការជាអ្នកប្រដាល់ ហើយក្រោយមកដួលនៅលើសង្វៀន (Knocked out) ដែលរូបភាពនេះ ស្រដៀងនឹងការចេញផ្សាយឃ្លីបរបស់កាសែត The Sun។ The Sun បានបង្ហាញឃ្លីបវីដេអូឯកជនរបស់ Rooney ដែលបានហាត់ប្រដាល់នៅផ្ទះរបស់ខ្លួនជាមួយ Phil Bardsleyខ្សែការពារ Stoke City។
ប៉ុន្តែ យោងតាមសារព័ត៌មាន ESPNFC ខ្សែប្រយុទ្ធ Rooney ដែលស្រឡាញ់កីឡាប្រដាល់យ៉ាងងប់ងុលនោះ បាននិយាយថា រូបគេឈប់អបអរបែប «Boxing Celebration» ទៀតហើយ ដោយសារតែកូនប្រុសច្បងរបស់ខ្លួន គឺ Kai Rooney បានធ្វើត្រាប់នៅសាលា។ «ពេលភរិយារបស់ខ្ញុំទៅយកកូននៅសាលា គាត់បានឃើញកូនធ្វើត្រាប់តាមខ្ញុំនៅក្នុងថ្នាក់រៀនរបស់គេ។ ខ្ញុំនឹងមិនអបអរបែបនោះទៀតឡើយ»។ នេះជាការអះអាងរបស់ Rooney។
«Boxing Celebration» ក៏ជាការអបអរដ៏ពេញនិយមរបស់ខ្សែប្រយុទ្ធ Tim Cahill ផងដែរ ជាពិសេសនៅពេលដែលគេស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិអូស្ត្រាលី ក្លិប Everton និង New York Red Bulls ជាដើម។ សារព័ត៌មានមួយចំនួនបានសរសេរថា ការអបអររបស់ Cahill ជា «Boxing Kangaroo»។ ក្រោយការស៊ុតបាល់បញ្ចូលទី Cahill បានរត់សំដៅទៅខាងជ្រុង ហើយប្រើក្បាច់ប្រដាល់វាយទៅលើទង់។
អ្វីដែលគួរឲ្យកត់សម្គាល់នេះ ហ្គេម FIFA 10 កន្លងមក ក៏បានបង្ហាញពីការអបអរបែប «Boxing Celebration» ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com