ជាតិ
សង្គមជាតិ
បក្សប្រឆាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​របាយ​ការណ៍​ពាក់ព័ន្ធ​នឹង​ការសម្លាប់​បាតុករ
04, Jun 2015 , 3:03 pm        
រូបភាព
អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូ សុខ​ហួរ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​នូវ​របាយការណ៍​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​លើ​ក្រុមបាតុករ​ដែល​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​កាលពី​អំឡុង​ឆ្នាំ ២០១៣ និង២០១៤ កន្លងទៅ។ តែ​អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី បានចាត់ទុក​សំណើ​របស់​មន្ត្រី​គណបក្ស​នេះ​ថា មិន​យល់ដឹង​ពី​នីតិវិធី​ត្រឹមត្រូវ​ក្នុងនាម​ខ្លួន​ជា​តំណាងរាស្ត្រ។



ថ្លែង​ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូ សុខ​ហួរ ស្នើ​ឲ្យ​រដ្ឋាភិបាល បញ្ចេញ​របាយការណ៍​ពិតប្រាកដ​នៃ​ការសម្លាប់​បាតុករ​ក្នុងពេល​បង្ក្រាប​ដោយ​ហិង្សា​កាលពី​អំឡុងពេល​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការតវ៉ា​របស់​ក្រុមកម្មករ​កន្លងទៅ។ ក្នុង​ពិធី​រម្លឹក​ខួប ៦៦ ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​យ៉ាងនេះ​ថា៖«  សូម​ឲ្យ​បញ្ចប់​វប្បធម៌​និ​ទណ្ឌ​ភាព។ សូម​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​នូវ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ការសម្លាប់​នៃ​ការបង្ក្រាប​ដ៏​សហាវ​យង់ឃ្នង ទៅលើ​បាតុករ​ដែល​ក្នុងនោះ​មានកម្ម​ករ ប្រជាពលរដ្ឋ​ស្លូតត្រង់​ក្នុងអំឡុងពេល ២០១៣ ២០១៤ កន្លងមកនេះ»។

លើសពីនេះ​បញ្ហា​ប្រើ​កងកម្លាំង​ខុសច្បាប់ យកមក​បង្ក្រាប​វាយ​ដុំ​លើ​ប្រជាជន​ខ្មែរ​ស្លូតត្រង់ និង​បញ្ហា​យក​ប្រព័ន្ធតុលាការ​មក​ធ្វើជា​ឧបករណ៍​ដើម្បី​បង្ក្រាប និង​ចាប់ចង ព្រមទាំង​ផ្តន្ទាទោស​ដល់​ពលរដ្ឋ​ខ្មែរ កន្លងមក ក៏​អ្នកស្រី មូ សុខ​ហួរ  បានលើកឡើង និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល លុបបំបាត់​ផងដែរ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ថែមទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្តតាម​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី ឆ្នាំ ២០០៩ ឲ្យ​បាន​ពេញលេញ។

អ្វីដែល​អ្ន​ស្រី មូ សុខ​ហួរ លើកឡើង អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន ចាត់ទុកថា គណបក្សប្រឆាំង តាមរយៈ​អ្នកស្រី មូ សុខ​ហួរ កំពុង​កេងចំណេញ​នយោបាយ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​រម្លឹក​ខួប​ដី​កម្ពុជា​ក្រោម។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រូបនេះ បាន​រិះគន់​អ្នកស្រី មូ សុខ​ហួរ ថា មិន​យល់ដឹង​ពី​ច្បាប់ ខណៈដែល​ខ្លួន​ជា​អ្នកតំណាងរាស្ត្រ ព្រោះ​រឿង​ចាប់ខ្លួន ឬ​ការវិនិច្ឆ័យ​យ៉ាងណា​ចំពោះ​អំពើហិង្សា​ពេល​បាតុកម្ម​នោះ គឺជា​សមត្ថកិច្ច​របស់​តុលាការ ។ លោក ផៃ ស៊ី​ផាន បញ្ជាក់​ដូច្នេះ​ថា៖« កុំ​សួរ​ពី​របាយការណ៍​មក​រដ្ឋាភិបាល ទៅ​សួរ​តុលាការ​ទៅ។ អ្នកស្រី មូ សុខ​ហួរ ត្រូវធ្វើ​ខ្លួន​ឲ្យ​ស៊ី​វិ​ល័យ​ទាន់សម័យ​បន្តិច​ទៅ កុំ​ក្នុង​ខ្លួន​មាន​ភាព«ព្រៃ»នោះ»៕



© រក្សាសិទ្ធិដោយ thmeythmey.com