កីឡាជាតិ
ជាតិ
ឃឹម បូរី នាំក្រុម​ជម្រើស​ជាតិ​ឈ្នះមីយ៉ាន់ម៉ារ ១-០ នាជំនួបមិត្តភាពនៅ​លើ​ទឹក​ដី​ថៃ
05, Jun 2015 , 8:57 pm        
រូបភាព
ដោយ: រួបរួម
លទ្ធផល​នៃការ​ប្រកួតមិត្តភាពអន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជាមួយ​មីយ៉ាន់ម៉ារនៅ​កីឡដ្ឋាន Nonthaburi Stadium ប្រទេសថៃ មិនមែន​បញ្ចប់​លទ្ធ​ផល​ស្មើ ០-០ ដូច​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Livescore នានានោះឡើយ។ តាម​ពិត កម្ពុជា​ធ្វើ​បាន​ល្អ​ប្រសើរ​ដោយ​ទទួល​បាន​ជ័យ​ជម្នះ​ ១-០ លើ​មីយ៉ាន់ម៉ារ ដែល​សម្រេច​ផល​ដោយខ្សែប្រយុទ្ធណាហ្គាវើល ឃឹម បូរី នៅ​ក្នុងនាទី ទី​៣៨។ នេះ​ជាការអះអាង​លោក ខេន សុខុម ជំនួយការគ្រូបង្វឹកក្រុម​ជម្រើសជាតិ។



លោក ខេន សុខុម បានអះអាង​ផងដែរ កម្ពុជាមាន​ឱកាសយ៉ាងហោច​៣លើក​ក្នុងការ​ស៊ុត​បាល់​បញ្ចូលទី​ប៉ុន្តែ​ធ្វើមិន​បាន​សម្រេច។ នេះ​ជា​ជ័យ​ជម្នះ​លើក​ទី​បី​របស់​ក្រុម​ជម្រើស​ជាតិ​លើ​មីយ៉ាន់ម៉ារ ក្នុងជំនួប​១៧​លើក​កន្លងមក ហើយ​ក៏​ជា​ជ័យ​លើក​ដំបូងផង​ដែរ​ក្រុមអ្នក​ចម្បាំងអង្គរលើ​មីយ៉ាន់ម៉ារ បើគិតចាប់តាំងពី​ឆ្នាំ​១៩៩៧មក។

សម្រាប់​ការប្រកួត​ជម្រុះ World Cup នៅ​ថ្ងៃទី១១ ខែមិថុនា កម្ពុជា​ក្រោម​ការដឹកនាំរបស់គ្រូបង្វឹក​ជប៉ុន Kazunori Oharaទទួលភ្ញៀវ​សឹង្ហ​បុរី មុននឹង​មានការ​ប្រកួត​ជា​បន្តបន្ទាប់​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ជប៉ុន និង​ស៊ី​រី រីឯ មី​យ៉ាន់​ម៉ា​របើក​ការប្រកួត​ជាមួយ​ម្ចាស់ផ្ទះ​ឡាវ​ក្នុង​ពូ​ល G មុននឹង​ជួប​កូរ៉េខាងត្បូង គូ​វែ​ត និង​លី​បង់។

យោង​តាម​តារាង​ចំណាត់​ថ្នាក់ FIFA World Ranking ដែល​ផ្សាយកាលពី​ថ្ងៃទី​៤ ខែមិថុនា មីយ៉ាន់ម៉ារ​ស្ថិតនៅ​ចំណាត់ថ្នាក់ទី១៤៣ ខណៈកម្ពុជា​ស្ថិតនៅ​ចំណាត់​ថ្នាក់ទី​១៧៨ បន្ទាប់ពី​ទទួល​បានលទ្ធផល​ស្មើ ១-១ ជាមួយ​ឡាវ៕





© រក្សាសិទ្ធិដោយ thmeythmey.com