សង្គមអន្តរជាតិ
អន្តរជាតិ
ទារកម្នាក់បានស្លាប់ ដោយសារតែឪពុកភ្លេចក្នុងរថយន្ត ៤ ម៉ោង
×
ទារកអាយុ ៦ ខែម្នាក់បានស្លាប់នៅក្នុងរថយន្តនៅតំបន់ Seine Maritime ប្រទេសបារាំង កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ដោយសារតែការភ្លេចភ្លាំងរបស់ឪពុកដែលកំពុងតែស្មុគស្មាញយ៉ាងខ្លាំងពីរឿងការងារ។ Gaël ត្រូវឪពុកទុកចោលក្នុងរថយន្តដែលចតហាលថ្ងៃរយៈពេល ៤ ម៉ោង។ នៅទីបំផុត ទារកនេះក៏បានស្លាប់ដោយសារខ្វះជាតិទឹកក្នុងខ្លួន។
ឪពុកទារកនេះមានអាយុ ៣៥ ឆ្នាំ គឺជាវិស្វករ ហើយជាមនុស្សតែម្នាក់គត់ដែលទទួលភារៈបើកឡានចុះឡើងជូនសមាជិកក្នុងគ្រួសារ។ ជាធម្មតា គាត់ត្រូវជូនប្រពន្ធរបស់គាត់ទៅធ្វើការនៅម៉ោង ២ រសៀល បន្ទាប់មកត្រូវយកកូនទៅទារកដ្ឋានដែលស្ថិតនៅក្បែរនោះ ហើយត្រូវទៅយកកូនមកផ្ទះវិញនៅម៉ោង ៦ ល្ងាច។ ប៉ុន្តែ នៅថ្ងៃកើតហេតុ បន្ទាប់ពីជូនប្រពន្ធទៅធ្វើការរួច គាត់បានត្រឡប់មកផ្ទះវិញ ដើម្បីធ្វើការងាររបស់គាត់។ លុះដល់ពេលល្ងាច ដោយមិនចាប់អារម្មណ៍ចំពោះវត្តមានកូននៅកៅអីខាងក្រោយរថយន្ត ដែលបានបាត់បង់ជីវិតទៅហើយនោះ គាត់បើកឡានទៅទទួលកូននៅទារកដ្ឋាន។ បុគ្គលិកនៅទារកដ្ឋានបានប្រាប់គាត់ថា មិនបានឃើញកូនរបស់គាត់ទេនៅរសៀលថ្ងៃនោះ។ គាត់ចាប់ផ្តើមឆ្លេឆ្លាស្ទុះឡើងរថយន្ត ដោយសួរខ្លួនឯងថា តើកូននៅឯណា ? រំពេចនោះ ភ្នាក់ងារសន្តិសុខពីរនាក់បានចង្អុលប្រាប់គាត់ថា កូនរបស់គាត់ស្ថិតនៅកៅអីខាងក្រោយ។
បើតាមព្រះរាជអាជ្ញានៅតំបន់នោះ ឪពុករូបនេះនឹងត្រូវជាប់ទោសពីបទមនុស្សឃាតដោយអចេតនា៕
© រក្សាសិទ្ធិដោយ thmeythmey.com