ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ប្រតិកម្ម​បញ្ហា​ព្រំដែន​ជាថ្មី ជាមួយ​តំណាងរាស្ត្រ​CNRP
08, Jun 2015 , 12:51 pm        
រូបភាព
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្មខ្លាំងៗតប​ទៅកាន់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ករណី​ព្រំដែន ជុំវិញ​ការទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ខ្នាត១លើ១០០០០០ ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ។ ទន្ទឹមនឹង​ការ​ប្រតិ​កម្មនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បញ្ជារ​ឲ្យ​បណ្ដា​ទូរទស្សន៍​ក្នុងស្រុក​ទាំងអស់ ចាក់ផ្សាយ​ឡើងវិញ​ចំពោះ​ការបកស្រាយ​របស់លោក អស់​រយៈពេល​ជាង៥ម៉ោង នៅក្នុង​រដ្ឋសភា​កាលពី​ឆ្នាំ២០១២ កន្លងទៅ។



លោក ហ៊ុន សែន ដែល​បាន​ចេញមុខ​បកស្រាយ​ចំពោះ​ការទាមទារ​បង្ហាញ​ផែនទី ជំនួស​លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នោះ បានជំរុញ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ភស្ដុតាង​មកវិញ ចំពោះ​ការចោទប្រកាន់​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។
មានសំឡេង


ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី០៨ មិថុនា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា«មេ​ឯកឧត្តម បាន​និយាយ​ជាមួយ​ឯកឧត្តម​ហើយ​ឬ​នៅ អំពីខ្ញុំ​បាន​និយាយ​ជាមួយ​ឯក សម រង្ស៊ី នៅឯ​កូ​ឡូ​ឡាំ​ពួ​នោះ បាន​និយាយ​ហើយ​ឬ​នៅ ឬ​ឯកឧត្តម​នៅ​ផ្សេង គាត់​ផ្សឹ​ង ប្រធាន​គ្រប់គ្រង​សមាជិក​បក្ស​មិនបាន។ រហូតដល់​ហ៊ាន​ចោទ​រដ្ឋាភិបាល​ថា ប្រើ​ផែនទី​ក្លែងក្លាយ ។ នរណា​ក្លែង​ក្លែង នរណា​មិន​ក្លែងក្លាយ​និយាយ​គ្នា​ឲ្យ​ច្បាស់ ធ្វើ​ដល់​រដ្ឋាភិបាល​មក​ប្រើ​ផែនទី​ក្លែងក្លាយ ស្នេហា​ជាតិ​អី​តែ​លោក​ឯង ខ្ញុំ​បានមក​ឆ្លើយ​នៅ​ហ្នឹង ប្រាំ​ម៉ោងជាង​យក​អាហ្នឹង​មកវិញ ឬក៏​ត្រូវការ​ឲ្យ​ទូរទស្សន៍​ជាតិ​ឡើងវិញ ទូរទស្សន៍​ទាំងអស់​ចាក់ផ្សាយ​ឡើងវិញ ខ្ញុំ​ស្នើ​ឲ្យ​ចាប់ផ្ដើម​ពី​ល្ងាច​នេះ​ទៅ​តែម្ដង នៅ​អ្វីដែល​ខ្ញុំ​បាន​ឆ្លើយ​នៅ​កន្លែង​នេះ»។

កាលពី​ឆ្នាំ២០១២កន្លងទៅ លោក ហ៊ុន សែន បាន​បកស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ អស់​រយៈពេល​ជាង៥ម៉ោង នៅក្នុង​រដ្ឋសភា ដោយ​មិនមាន​ការសួរដេញដោល​ពី​អ្នកនយោបាយ​ណា​ឡើយ ដោយ​កាល​នោះ​លោក ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល​នឹង​ការពារ​ទឹកដី​ប្រទេស​កម្ពុជា មិន​ឲ្យ​មានការ​ឈ្លានពាន​និង​បាត់បង់​ចូលទៅ​ប្រទេសជិតខាង​ទេ សូម្បី​តែមួយ​លី​ម៉ែត្រ។

ការ​ចេញមក​ប្រតិកម្ម​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មី​នេះ គឺធ្វើឡើង​ក្រោយពី​លោក ម៉ៅ មុនី​វណ្ណ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​រូប​ទៀត បាន​សរសេរ​លិខិត​ទៅកាន់​លោក ហេង សំរិន ប្រធានរដ្ឋសភា​ចុះហត្ថលេខា ស្នើ​ឲ្យ​លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បង្ហាញ​ផែនទី​ខ្នាត១លើ១០០០០០ ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ។

ជុំវិញ​នៃ​ការទាមទារ​ឲ្យ​លោក វ៉ា គីម​ហុង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា​នេះ ដោយសារ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ជឿទុកចិត្ត​ទៅលើ​ការបកស្រាយ​របស់​រដ្ឋា​ភិ​បាល ដែល​បាន​អះអាងថា ខ្លួន​បាន​អនុវត្តតាម​ផែនទី១លើ១០០០០០ នេះ។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន បានបញ្ជាក់​កន្លងមក​ថា រូបលោក​បានទទួលរ​បាយ​ការណ៍​ពី​អ្នកស្នេហាជាតិ​ម្នាក់ ដែល​បានផ្ដល់​ឯកសារ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ ដោយ​ក្នុង​ឯកសារ​បង្ហាញថា លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​អនុវត្ត​កិច្ចការងារ​កន្លងមក​តាម​ឯកសារ​ព្រំដែន ដែល​លោក វ៉ា គីម​ហុង បានស្នើ​សុំ​ឯកសារ​ចំលង​ពី​ប្រទេស​វៀតណាម ដែលជា​គូប​ដិ​បក្ស​ព្រំដែន​ជាមួយ​កម្ពុជា​ទៅវិញ​ទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com