ព័ត៍មានសុខភាព
សុខភាព៖ ចង់​បង្កើន ចំនួន​មេជី​វិត​ឈ្មោល គួរ​ធ្វើ​ដូចម្តេច?
09, Jun 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​កំពុងតែ​បារម្ភ អំពី​ចំនួន​មេជី​វិត​ឈ្មោល​តិចពេក ក្នុង​ការចង់​បានកូន​មែន​ទេ? ទឹកកាម អាច​នឹងមាន​ប្រសិទ្ធ​ភាពខ្លាំង​បំផុត សម្រាប់​ការបង្ក​កំណើត លុះត្រាតែ​វា មាន​ចំនួន​មេជី​វិត​ឈ្មោល ច្រើនជាង ១៥ លាន​ក្បាល ក្នុង​ចំណុះ​មួយ​មី​លី​លីត្រ។ ចំនួន​នេះ អាច​នឹង​ថយចុះ នៅពេល​ពងស្វាស ស្ថិតក្នុង​អាកា​រៈ​ក្តៅ​ខ្លាំង ស្ត្រេ​ស និង​កំពុង​តែមាន​ជំងឺ​កាមរោគ ដែល​រំខាន​ដល់​ការផលិត​មេជី​វិត​ឈ្មោល។ សំណាង​ដែរ យើង​មាន​វិធី​ច្រើន ដែល​អាចជួយ​បង្កើន ចំនួន​មេជី​វិត​ឈ្មោល​អ្នក​បាន។



ចៀសវាង​ការធ្វើឱ្យ​ក្តៅ ពងស្វាស​ខ្លាំង

មាន​ហេតុផល​មួយ ដែល​ពងស្វាស ត្រូវ​នៅក្រៅ​រាងកាយ​នោះ​គឺ វា​ត្រូវការ​កន្លែង​ត្រជាក់ ជាង​សរីរាង្គ​ខាងក្នុង​ពោះ​បន្តិច។ នៅពេល​ពងស្វាស ស្ថិតក្នុង​កន្លែង​ក្តៅ​ពេក វា​មិនអាច​ផលិត​មេជី​វិត​ឈ្មោល​ច្រើន​ឡើយ។ មាន​មធ្យោបាយ​ច្រើនណាស់ ដើម្បីឱ្យ​ប្រាកដថា ពងស្វាស​មិន​ស្ថិតក្នុង​កន្លែង ដែល​ក្តៅ​ពេក ៖
•    មិន​ស្លៀក​ខោខ្លី និង​ខូវប៊យតឹងៗ
•    ស្លៀកខោ​ដែលធូរៗ
•    គេង​ដោយ​មិនបាច់​ស្លៀកខោ​ក្នុង
•    ចៀសវាង​ការ​ងូតទឹក​ក្តៅ និង​សូ​ណា។

ម៉ាស្សា​រាងកាយ ដោយ​ប្រើ​ប្រេង​ឬ​ស​ឈើ
ការធ្វើ​បែបនេះ ជាមួយនឹង​ការហាត់​ប្រាណ​ទៀងទាត់ នឹង​ជួយ​ពង្រឹង​ដល់​លំហូរ​ឈាម និង​របត់​ឈាម​រត់ ទាំងមូល​តែម្តង។ កាលណា​របត់​ឈាម​រត់​កើនឡើង មានន័យថា មេជី​វិត​ឈ្មោល ក៏មាន​សុខភាព​ល្អ​ជាង​មុន​ដែរ។

បន្ថយ​ស្ត្រេ​ស
ស្ត្រេ​ស អាច​កាត់បន្ថយ​មុខងារ​ផ្លូវភេទ ដែលជា​ហេតុនាំឱ្យ ថយចុះ​ការផលិត​មេ​ជិវិត​ឈ្មោល​បាន។ បើសិនជា​អ្នកធ្វើការ​លើសពី ១២ ម៉ោង​ក្នុង​មួយថ្ងៃ និង​មិនដែល​ឱ្យ​ពេលវេលា សម្រាប់​ខ្លួនឯង​សម្រាក​សោះ នោះ​ចំនួន​មេជី​វិត​ឈ្មោល អាច​នឹង​ថយចុះ​ទៅតាម​គ្នា​ដែរ។ ចូរ​ព្យាយាម​ប្រើ​វិធីសាស្ត្រ​បន្ធូរ​អារម្មណ៍ ដើម្បី​ឱ្យមាន​អារម្មណ៍ល្អ​ខ្លះទៅ។ ចូរ​ថែរក្សា​ផ្លូវចិត្ត និង​រាងកាយ ឱ្យមាន​សុខភាព​ល្អ តាមរយៈ​ការហាត់​ក្បាច់​យូ​ហ្គា និង​តាំងសមាធិ រត់ ឬ​ហែល​ទឹក។ ស្ត្រេ​ស​អ័រម៉ូន នឹង​ទៅ​ទប់ស្កាត់​កោសិកា ដែលមាន​តួនាទី​ផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន។ នៅពេល​រាងកាយ ចេះតែ​ទទួល​ភាព​តាន ឬ​ស្ត្រេ​ស​ច្រើនពេក វា​អាច​នឹង​បញ្ឈប់​ការផលិត​មេជី​វិត​ឈ្មោល ជាមួយគ្នា​តែម្តង។ ចូរ​ប្រាកដថា អ្នក​កំពុងតែ​គេង​គ្រប់គ្រាន់​រាល់ថ្ងៃ ព្រោះ​ការ​អស់កម្លាំង ក៏​អាច​នាំឱ្យ​ស្ត្រេ​ស​កាន់តែច្រើន និង​បន្ថយ ការផលិត​មេជី​វិត​ឈ្មោល​ដែរ។

ឈប់​ជក់បារី

ការជក់បារី ធ្វើឱ្យ​ចំនួន​មេជី​វិត​ឈ្មោល​ថយចុះ តាមរយៈ​ការបន្ថយ​ចលនា​របស់​វា និង​មិនមាន​រូបរាង​គ្រប់លក្ខណៈ។ យោងទៅតាម​ការសិក្សា​មួយ បានឱ្យដឹងថា បុរស​ដែល​ជក់បារី មាន ២២ ភាគរយ​ហើយ ដែល​មេជី​វិត​ឈ្មោល​របស់​ពួកគេ ថយចុះ​ទាប ជាង​បុរស​ដែល​មិន​ជក់។

ផឹកស្រា ក្នុង​កម្រិត​មធ្យម

គ្រឿង​ស្រវឹង ប៉ះពាល់​ដល់​មុខងារ​ថ្លើម ដែលជា​ហេតុនាំឱ្យ​កើនឡើង អ័រម៉ូន​អឹ​ស្ត្រូ​សែន​ទៅវិញ។ ចាប់តាំងពី​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន មាន​ទំនាក់ទំនង​ផ្ទាល់ ចំពោះ​សុខភាព​មេជី​វិត​ឈ្មោល និង​ការផលិត​របស់​វា​មក វា​ពិតជា​មិនមាន​ភាពយុត្តិធម៌​សោះឡើយ។ ទោះបីជា​ការផឹក​គ្រឿង​ស្រវឹង ពីរដង​ក្នុង​មួយថ្ងៃ ក៏​អាច​ប៉ះពាល់ ដល់​ការផលិត​មេជី​វិត​ឈ្មោល រយៈពេល​យូរ​ដែរ។

កុំ​ឧស្សាហ៍ បាញ់​ទឹកកាម​ញឹកញាប់​ពេក
ការបាញ់​ទឹកកាម ចោល​ញឹកញាប់​ពេក ក៏​អាច​បណ្តាលឱ្យ​មេជី​វិត​ឈ្មោល​ថយចុះ ចំនួន​របស់​វា​ដែរ។ រាងកាយ​អ្នក ផលិត​មេជី​វិត​ឈ្មោល​រាប់លាន​ក្បាល ក្នុងមួយថ្ងៃៗ ប៉ុន្តែ បើសិនជា​អ្នក មាន​ចំនួន​របស់​វា​តិច​ស្រាប់​នោះ ចូរ​ធ្វើយ៉ាងណា រក្សា​វា​ទុកឱ្យបានយូរៗសិន​ទៅ។ បើសិនជា​អ្នក​រួមភេទ ឬ​សម្រេច​កាម​ដោយ​ខ្លួនឯង​រាល់​ថ្ងៃនោះ ចូរ​កាត់បន្ថយ​ចំនួន​ដង ដើម្បី​ទុកពេល​ឱ្យ​មេជី​វិត​ឈ្មោល កើតឡើង​ច្រើន​សិន៕


ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com