សង្គមអន្តរជាតិ​
អន្តរជាតិ
ឈុត​ហែល​ទឺ​ក​ថ្មី​ប្រាប់​ពី​ពេលវេលា​ដែល​ត្រូវ​បន្ថែម​ក្រែ​ម​ការពារ​កម្តៅថ្ងៃ
08, Jun 2015 , 8:10 pm        
រូបភាព
ដោយ: ធីតា

បើសិនជា​លោកអ្នក​ចូលចិត្ត​ហែល​ទឹកសមុទ្រ ឬ​ហាលថ្ងៃ​ក្រោម​ពន្លឺព្រះអាទិត្យ​នោះ ពេលនេះ​លោកអ្នក​មិនចាំបាច់​ព្រួយបារម្ភ​ថា កម្តៅថ្ងៃ​នឹងធ្វើ​ឲ្យ​រលាក​ស្បែក​របស់លោក​អ្នក​ទៀត​ឡើយ។ឈុត​ហែល​ទឹក​មួយ​ប្រភេទ​នឹង​ប្រាប់​លោកអ្នក​ពី​ពេលវេលា​ដែល​ត្រូវ​បន្ថែម​ក្រែ​ម​ការពារ​កម្តៅថ្ងៃ ដោយ​ផ្ញើ​សារ​ទៅកាន់​ទូរស័ព្ទដៃ​របស់លោក​អ្នក។



Spinali Design គឺជា​ឈ្មោះ​ម៉ាក​ឈុត​ហែល​ទឹក​ដ៏​ឆ្លាត​វៃ​នេះ ហើយ​ត្រូវបាន​បង្កើតឡើង​នៅ​ក្រុង Mulhouse ប្រទេស​បារាំង ដោយ​អ្នកស្រី​Marie Spinaliដែលជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​កម្មវិធី​ព័ត៌មានវិទ្យា​មួយ។ គំនិត​ច្នៃប្រឌិត​នេះ​បាន​កើតមាន​កាលពី​ពីរ​ឆ្នាំមុន នៅពេលដែល​អ្នកស្រី​ឃើញ​ស្បែក​របស់​នារី​ម្នាក់​ត្រូវ​រោល​ដោយ​កម្តៅថ្ងៃ​យ៉ាងខ្លាំង។ អ្នកស្រី​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​នារី​នោះ​មិន​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​បន្ថែមទៀត។

នៅពេលដែល​យើង​ពាក់​ឈុត​នេះ យើង​គ្រាន់តែ​ជ្រើសរើស​ប្រភេទ​សម្បុរស្បែក​នៅលើ​កម្មវិធី​ជាការ​ស្រេច បន្ទាប់ពីនោះ យើង​អាច​ចាប់ផ្តើម​ហាលថ្ងៃ​បាន​តាមចិត្ត ដោយ​គ្រាន់តែ​រង់ចាំ​សញ្ញា​ប្រាប់​ពេលវេលា​ប៉ុណ្ណោះ។ អតិថិជន​ទាំងអស់​អាច​រក​ជាវ​បាន​តាម​ការបញ្ជាទិញ​នៅលើ​គេហទំព័រ​ផ្ទាល់​របស់​Spinali Design ដោយ​ជ្រើសរើស​ទំហំ​ពណ៌ និង​រូបភាព​លម្អ​ទៅតាម​ចំណូល​របស់ខ្លួន។ ឈុត​នេះ​មួយ​សម្រាប់​លក់​ថ្លៃ១៤៩ អឺរ៉ូ។

បច្ចុប្បន្ន Spinali Designមាន​លក់​តែ​ឈុត​ហែល​ទឹក​សម្រាប់​នារី​ប៉ុណ្ណោះ។ ឈុត​សម្រាប់​បុរស​អាច​នឹង​ចេញលក់​នៅ​ឆ្នាំក្រោយ។ ប៉ុន្តែ ក្រុមហ៊ុន​បាន​បង្កើត​រួចទៅហើយ​នូវ​មុខងារ​Valentinសម្រាប់​បុរស។ តាមរយៈ​មុខងារ​នេះ បុរស​នឹង​ទទួលបាន​សារ​ដែល​ផ្ញើ​ពី​ឈុត​ហែល​ទឹក​របស់​គូស្នេហ៍​ខ្លួន​បញ្ជាក់ថា ដល់​វេលា​ដែល​ត្រូវ​លាប​ឡេ​ការពារ​កម្តៅ​បន្ថែម​ឲ្យ​គូស្នេហ៍​ខ្លួន​ហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com