កីឡាជាតិ
ជាតិ
គ្រូបង្វឹក និង​ប្រធាន​ក្រុម​ជម្រើសជាតិ អះអាងថា ឃឹម បូរី មាន​ស្មារតី​ខ្ពស់
10, Jun 2015 , 5:38 pm        
រូបភាព
ដោយ: រួបរួម
បួន​ថ្ងៃមុន​ជំនួប​ជាមួយ​ជាមួយ​ភ្ញៀវ​សឹង្ហ​បុរី​ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ ខ្សែប្រយុទ្ធ ឃឹម បូរី បាន​បាត់បង់​ម្តាយ​ជាទី​ស្រឡាញ់​របស់ខ្លួន​ដែល​បានទទួល​មរណភាព​ដោយ​រោគាពាធ។ ប៉ុន្តែ​កីឡាករ​វ័យ២៥ឆ្នាំ​រូបនេះ មិន​បំភ្លេច​បេស​កក​កម្ម​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​នោះឡើយ។



ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក Ohara Kazunori គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​អះអាងថា ឃឹម បូរី នៅតែមាន​ឈ្មោះ​ក្នុង​បញ្ជី​សម្រាប់​ការប្រកួត​បើកឆាក​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ World Cup ជាមួយ​សឹង្ហ​បុរី​នា​ថ្ងៃ​ព្រហស្បតិ៍។

«ពិតមែនតែ បូរី ស្ថិតក្នុង​តំណាក់កាល​ដ៏​លំបាក ប៉ុន្តែ​គេ​ជា​កីឡាករ​ម្នាក់​ដែលមាន​ស្មារតី​ខ្ពស់។ គេ​បានមក​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​បន្ទាប់ពី​បូជាសព​ម្តាយ​រួច ហើយ​កម្លាំងចិត្ត​របស់​គេ​កាន់​តែមាន​កម្រិត​ខ្ពស់​ផងដែរ»។ នេះ​ជាការ​លើកឡើង​របស់លោក Ohara ដោយ​បន្ថែមថា ឃឹម បូរី ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី១គ្រាប់​នា​ជ័យជម្នះ ១-០ លើ​មី​យ៉ាន់​ម៉ារ​ក្នុងជំនួប​មិត្តភាព​នៅ​ប្រទេស​ថៃ គឺជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ក្រុម​ជម្រើសជាតិ។

ស្របពេល​ជាមួយគ្នានេះ​ផងដែរ គួច សុគ​ម្ភៈ ដែលជា​ប្រធាន​ក្រុម មានជំនឿថា ឃឹម បូរី មិនបាន​ធ្លាក់ចុះ​នូវ​ជំនឿ​ចិត្ត​របស់ខ្លួន​នោះឡើយ។ សុគ​ម្ភៈ បញ្ជាក់ថា៖ «យើង​បាន​លើកទឹកចិត្ត​គាត់ ហើយ​គាត់​មានការ​បែងចែក​ច្បាស់លាស់​ណាស់​រវាង​បញ្ហា​គ្រួសារ និង​ការលេង​ក្នុង​ក្រុម​ជម្រើសជាតិ»។

នៅលើ​ទីលាន​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ឃឹម បូរី ដែល​បាន​កោរសក់​កាន់ទុក្ខ​ម្តាយ បាន​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​បាយ័ន​ថា ទោះបីជា​ខ្លួន​មានទុក្ខ​សោក​ក្នុង​គ្រួសារ​ក៏ដោយ ប៉ុន្តែ​គេ​នៅតែ​ខំប្រឹង​ពុះពារ​ដើម្បី​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ​ទាំងមូល៕




© រក្សាសិទ្ធិដោយ thmeythmey.com