ជាតិ
សង្គមជាតិ
ការគោរព​វិញ្ញាណក្ខន្ធ​សព លោក ជា ស៊ីម ចាប់ផ្តើម​ពីថ្ងៃ​ទី១០-១៨មិថុនា
10, Jun 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

ការគោរព​វិញ្ញាណក្ខន្ធ​សព លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវការ បានចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃទី១០មិថុនា​នេះ រហូតដល់​ថ្ងៃទី១៨មិថុនា។ព្រះមហាក្សត្រ​សម្តេចព្រះ​មហា​ក្ស​ត្រី​បាន​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា ស៊ីម​នៅ​ព្រឹក​ថ្ងៃទី១០មិថុនា​នេះ។ បន្តបន្ទាប់​មករ​ហូត​ដល់​ថ្ងៃទី១៨មិថុនា គឺ​ប្រតិភូ​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំ​ខេត្ត​រាជធានី​ទាំង២។ យ៉ាងណា​ក៏​គេ​នៅ​មិនដឹងថា តើ​គណៈប្រតិភូ​នៃ​ប្រទេស​ណាខ្លះ នឹង​មក​គោរព​វិញ្ញាណក្ខន្ធ​សព លោក ជា ស៊ីម នៅឡើយ ដោយនៅ​ព្រឹក​ថ្ងៃទី១០មិថុនា​នេះ មានតែ​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម លោក​ង្វៀន ស៊ី​ង ហុង(Nguyen Sinh Hung)ប៉ុណ្ណោះ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ មក​គោរព​វិញ្ញាណក្ខន្ធ​សព​របស់លោក ជា ស៊ីម។


មានសំឡេង



តាំងតែ​ពី​ល្ងាច​ថ្ងៃទី៨មិថុនា​រហូតដល់​ថ្ងៃទី៩មិថុនា​នេះ មានតែ​ថ្នាក់ដឹកនាំ​និង​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​បាន​ចូលទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​របស់លោក ជា ស៊ីម ដែលជា​ប្រធាន​គណបក្ស។ការគោរព​វិញ្ញាណក្ខន្ធ​ជា​ផ្លូវការ​ពី​សំណាក់​ស្ថាប័នរដ្ឋ បានចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃទី១០មិថុនា​នេះ រហូតដល់​ថ្ងៃទី១៨មិថុនា។

នៅ​ព្រឹក​ថ្អៃ​ទី១០មិថុនា​នេះ ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ​នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ​បាន​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា ស៊ីម​នៅ​គេហដ្ឋាន​របស់លោក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ បន្ទាប់ពី​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី​គឺមាន​គណៈប្រតិភូ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា និង​កាកបាទក្រហមកម្ពុជា គណៈប្រតិភូ​ក្រសួងព្រះបរមរាជវាំង ទីស្តីការគណៈរដ្ឋមន្ត្រី  ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​គណៈប្រតិភូរ​ណ​សិ​រ្យ​សាមគ្គី​កសាង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា។

បើ​យោងតាម​កម្មវិធី​បុណ្យសព​គណៈប្រតិភូ​នៃ​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំ​ខេត្ត​រាជធានី​ទាំង២៥នឹង​ដឹកនាំ​សមាជិក​របស់ខ្លួន​ចូល​គោរព​វិញ្ញាណក្ខន្ធ​សព លោក ជា ស៊ីម  ជា​បន្តបន្ទាប់​រហូតដល់​ថ្ងៃទី១៨មិថុនា។

លោក សម រង្ស៊ី ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស បាន​ថ្លែង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា លោក នឹង​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ប្រធានព្រឹទ្ធសភា នៅ​ថ្ងៃទី១១មិថុនា​ស្អែក​នេះ។

យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹងថា តើ​គណៈប្រតិភូ​នៃ​ប្រទេសជិតខាង​ណាខ្លះ នឹង​មក​គោរព​វិញ្ញាណក្ខន្ធ​សព លោក ជា ស៊ីម នៅឡើយ ដោយនៅ​ព្រឹក​ថ្ងៃទី១០មិថុនា នេះ មានតែ​ប្រធានរដ្ឋសភា​វៀតណាម លោក​Nguyen Sinh Hung ដែល​បាន​ដឹកនាំ​គណៈប្រតិភូ មក​គោ  រព​វិញ្ញាណក្ខន្ធ​សព​របស់លោក ជា ស៊ីម។

សព​លោក ជា ស៊ីម នឹងត្រូវ​បូជា​នៅ​ព្រឹក​ថ្ងៃទី១៩មិថុនា។  ពិធី​រំកិលសព​ឡើងលើ​ថយ​ន្ត​បុស្បុក​នឹង​ចាប់ផ្តើម​នៅ​ម៉ោង៧ព្រឹក​ថ្ងៃទី១៩មិថុនា ដើម្បី​ដង្ហែរ​ទៅ​បូជា​នៅ​ឈាបនដ្ឋាន ដែល​ស្ថិតនៅលើ​ទីធ្លា​មុខ​វត្ត​បុ​ទុម​វ​ត្តី។មេន ឬ​មេរុ​ដែលជា​ឈាបនដ្ឋាន​បូជា​មាន​ទំហំ ២៥ម៉ែត្រ៤ជ្រុង និង​មាន​កំពស់២៤ម៉ែត្រ។ មួយ​គ្នា​នោះ រោងបុណ្យ​ចំនួន៣ ក៏​នឹងត្រូវ​សាងសង់​នៅ​ជុំវិញ​មេន​នោះដែរ ដើម្បី​ទទួលភ្ញៀវ និង​ព្រះសង្ឃ ដែល​នឹងចូលរួម​ក្នុង​ពិធី​បូជាសព របស់លោក ជាស៊ីម ផងដែរ។

ដើម្បី​រៀបចំ​កម្មវិធី​បុណ្យ​ឲ្យ​អធិកអធម ឲ្យ​ស័​ក្ត​សម​នឹង​ឋានៈ​របស់លោក ជា ស៊ីម ដែលជា​មនុស្ស​សំខាន់​បន្ទាប់ពី​ព្រះមហាក្សត្រ​ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ​នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​បង្កើត​គណៈកម្មកា​រ​រៀបចំ​ពិធី​បុណ្យសព​លោក ជា ស៊ីម ដែលមាន​សមាសភាព២៧រូប​ដែល​ភាគច្រើន​គឺជា​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស។យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី៨មិថុនា​លោក ហេង សំរិន ដែលជា​ប្រធានរដ្ឋសភា គឺជា​ប្រធាន​គណៈកម្មការ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុប្រធាន លោក គង់ សំអុល​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​គឺជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​លោក សាយឈុំ ជា​ប្រធានព្រឹទ្ធសភា​ដែល​ជាប់ឆ្នោត​នៅ​ថ្ងៃទី៩មិថុនា​ម្សិលមិញ​ក៏​ជា​អនុប្រធាន នៃ​គណៈកម្មការ​នេះដែរ។

សមាសភាព​បន្តបន្ទាប់​មកទៀត គឺជា​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​រដ្ឋសភា​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ថ្នាក់ដឹកនាំ​កង​ប្រដាប់អាវុធ​នានា​និង​អភិបាល​រាជធានី​ភ្នំពេញ៕


© រក្សាសិទ្ធិដោយ thmeythmey.com