អន្តរជាតិ
អាមេរិក​កំពុង​ភ័យ​បុក​ពោះ​ដោយសារ​អ្នកទោស​ឧក្រិដ្ឋ២នាក់​រត់​រួច​ពី​គុក​ដូច​ក្នុង​កុន​ហូលីវូត
10, Jun 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ

នៅ​រដ្ឋ​ញូ​វយ​ក ភាគ​ខាងជើង​សហរដ្ឋអាមេរិក ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុមប៉ូលិស​សន្ធឹកសន្ធាប់​បាននាំគ្នា​តាម​ចាប់ខ្លួន​អ្នកទោស​ឧក្រិដ្ឋ​ពីរ​នាក់​ដែល​បាន​រត់​រួច​ពី​ពន្ធនាគារ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។ គេ​សង្ស័យថា ការរត់​រួច​ពី​គុក​ដ៏​មាន​សុវត្ថិភាព​ខ្ពស់​ដូច្នេះ​បាន អាច​ដោយសារ​មានការ​ឃុ​ប​ខិត​ជ្រោមជ្រែង​ពី​មនុស្ស​ផ្ទៃក្នុង។ អាជ្ញាធរ​សន្យា​ផ្តល់រ​ង្វាន់១សែន​ដុល្លារ បើ​មាន​ព័ត៌មាន​ទាក់ទង​នឹង​អ្នកទោស​ទាំង។


អ្នកទោស​អាមេរិក​ដ៏​គ្រោះថ្នាក់​ទាំង២នាក់​នេះ ម្នាក់​ឈ្មោះ David Sweat អាយុ៣៥ឆ្នាំ មានទោស​ជាប់ពន្ធនាគារ​មួយជីវិត​ដោយសារ​បានសម្លាប់​ស្ហេ​រី​ហ្វ​រង​ម្នាក់។ ម្នាក់ទៀត​ឈ្មោះ Richard Mattអាយុ៤៩ឆ្នាំ ជាប់ពន្ធនាគារ២៥ឆ្នាំ ពីបទ​ចាប់ជំរិត​បុរស​ម្នាក់។ បុរស​ម្នាក់​នោះ​ត្រូវបាន​គេ​វាយ​រហូតដល់​ស្លាប់ និង​ត្រូវគេ​កាត់ដៃជើង​ចោល។ ជនឧក្រិដ្ឋ​ទាំង២ បាន​រត់​រួច​ពី​គុក កាលពី​យប់​ថ្ងៃ​សុក្រ ឈានចូល​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។ រហូត​ពេលនេះ អាជ្ញាធរ​នៅ​មិនទាន់​ចាប់ខ្លួនបាន​មកវិញ​នៅឡើយ​ទេ។ ប៉ូលិស​Mexiqueក៏​កំពុង​ត្រៀម​ចាប់​អ្នកទោស​ទាំង២ដែរ ព្រោះថា អ្នកទោស​ទាំង២អាច​នឹង​កំពុងធ្វើដំណើរ​ទៅ​ភាគខាងត្បូង​ឆ្ពោះទៅ​Mexique ដោយសារ​អ្នកទោស​Matt ធ្លាប់​ស្គាល់​Mexique។

អ្វីដែល​គួរ​អស្ចារ្យ​នោះ​គឺថា វិធី​ដែល​អ្នកទោស​ឧក្រិដ្ឋ​ទាំង២ប្រើប្រាស់ ដើម្បី​រត់ចេញ​ពី​គុក មាន​លក្ខណៈ​ដូច​ក្នុង​ខ្សែភាពយន្ត​ហូលីវូត​ណាស់។ ពួកគេ​ទាំង២បាន​ចោះ​ប្រហោង​ជញ្ជាំង​គុក​ធ្វើ​ពី​ដែក ហើយ​ចូល​ទៅតាម​ស្ពាន​មួយ​កំពស់៦ជាន់។ នៅ​ទីនោះ ពួកគេ​បាន​ចុះ​ទៅដល់​ក្រោម​ដី។ បន្តម​កទៀត ពួកគេ​បាន​ចោះ​ប្រហោង​ទុយ​យោធំំៗជាច្រើន រក​ច្រកចេញ​តាម​រូងដី ហើយ​នៅ​ទីបញ្ចប់ ពួកគេ​បានចេញ​តាម​មាត់​លូ នៃ​ផ្លូវ​មួយ​ក្បែរ​នោះ។ មុន​រត់​ចេញពី​គុក អ្នកទោស​ទាំង២ថែមទាំង​សេរ​សេរ​ទុក​ពាក្យ​ជូនពរ​ជា​ភាសា​អង់គ្លេស "Have a nice day" ទៀតផង។

ពន្ធនាគារ​នោះ​សង់​ឡើង​តាំងពី​ឆ្នាំ១៨៦៥ មាន​ជញ្ជាំង​កំពស់១០ម៉ែត្រ។ នៅ​ទីនោះ មាន​អ្នកទោស​ប្រមាណ៣០០០នាក់ និង​មានរ​ការពារ​សន្តិសុខ​តឹងតែង។ យោងតាម​លោក​Andrew Cuomo ជា​អភិបាលរដ្ឋ​ញូ​វយ​ក មនុស្ស​ផ្ទៃក្នុង​ពន្ធនាគារ​អាច​នឹង​ឃុ​ប​ខិត​ទើប​អ្នកទោស​ឧក្រិដ្ឋ​ទាំង២អាចមាន​ឧបករណ៍​ចោះ​ប្រហោង​គុក រត់​រួច​ដូច្នេះ។ ពន្ធនាគារ​មាន​បុគ្គលិក​បំរើការ៣ប្រភេទ៖ អ្នកយាម បុគ្គលិក​ស៊ីវិល និង​បុគ្គលិក​មកពី​ក្រុមហ៊ុន​ឯកជន។ ប៉ូលិស​កំពុងតែ​សួរ​ស្ត្រី​បំរើការ​ម្នាក់ ដែល​គេ​គិតថា គាត់​លង់​ស្នេហ៍​ជាមួយ​អ្នកទោស​Richard Matt។ គួរ​បញ្ជាក់ដែរថា កាលពី​ឆ្នាំ១៩៨៦ Richard Matt ធ្លាប់​រត់​រួច​ពី​ពន្ធនាគារ​មួយកន្លែង​ទៀត តែ​ត្រូវ​ប៉ូលិស​ចាប់បាន​មកវិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com