ជាតិ
តារាង​សេវាសាធារណៈ​នៅ​ឃុំ​វត្ត​តា​មឹ​ម ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​អ្នកភូមិ
11, Jun 2015 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ

បាត់ដំបង៖ សាលាឃុំ​វត្ត​តា​មឹ​ម ដែលជា​សាលាឃុំ​មួយ​នៃ​ស្រុក​សង្កែ ក៏បាន​បិទ​តារាង​សេវាសាធារណៈ ដែល​បានធ្វើ​ឲ្យ​ពលរដ្ឋ​សាទរ និង​ធ្វើ​ឲ្យ​អាជ្ញាធរ​សប្បាយចិត្ត​ដែរ។


កញ្ញា  បាន ធី​ណា ជា​និ​សិ​ត្ស​នៃ​សាកលវិទ្យាល័យ​មួយ​នៅក្នុង​ក្រុង​បាត់ដំបង​បាន​និយាយថា តារាង​សេវាសាធារណៈ បានផ្តល់​ភាពងាយស្រួល​ច្រើន​ដល់​ពលរដ្ឋ ដោយសារតែ​ពួកគេ នឹងមិន​ខ្វល់ខ្វាយ​អំពី​ការបង់ប្រាក់​ក្រៅផ្លូវការ​ដូច​មុន​ទៀតឡើយ។ សម្រាប់​ធី​ណា ការ​ចំហ​តម្លៃ​សេវាសាធារណៈ​យ៉ាងនេះ វា​នឹង​រួមចំណែក​នៃ​ការលុបបំបាត់​អំពើពុករលួយ។ ធី​ណា បញ្ជាក់ថា សេវា​ច្រកចេញចូល​តែមួយ​នេះ ក៏​អាច​កំណត់ពេល​វេលា​នៃ​ការទទួលបាន​សេវា ដែល​នេះ​គឺជា​ចំនុច​ល្អ​សម្រាប់​ពលរដ្ឋ​ដែល​ធ្លាប់តែ​ចំណាយពេល​រង់ចាំ​យូរ មុន​ទទួលបាន​សេវា​អ្វីមួយ។

លោក អុន ស្វាង មេឃុំ​វត្ត​តា​មឹ​ម បាន​ទទួលស្គាល់ថា ការបិទ​ផ្សាយ​តារាង​សេវាសាធារណៈ ពិតជា​បានធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ឃុំ​របស់លោក​រីករាយ​មែន។ លោក​មេឃុំ​បាន​បន្តថា តម្លៃ​សេវា​បញ្ជី​អត្រានុកូលដ្ឋាន សំបុត្រ​បញ្ជាក់​កំណើត និង​ការចុះបញ្ជី​អាពាហ៍ពិពាហ៍ សុទ្ធតែ​ត្រូវបាន​បង្ហាញ​នៅក្នុង​តារាង ដែល​ត្រូវបាន​បិទ​ផ្សាយ​នៅ​សាលាឃុំ​តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៤មក។

«នៅមាន​ពលរដ្ឋ​មួយចំនួន មិនទាន់​បានដឹង​អំពី​តារាង​តម្លៃ​សេវាសាធារណៈ​នេះ​ទេ។ ក្នុងចំណោម​ពួកគេ អ្នកខ្លះ​រវល់​ខ្លាំងពេក ហើយក៏​មាន​អ្នក​ខ្លះទៀត​មិនចេះ​អក្សរ​ដែរ»។ នេះ​ជាការ​ពន្យល់​របស់លោក​មេឃុំ វត្ត​តា​មឹ​ម ដែល​សន្យាថា លោក​នឹងមាន​វិធានការ​ផ្សព្វផ្សាយ​តារាង​សេវាសាធារណៈ​នេះ ឲ្យ​បាន​ទូលំទូលាយ​នៅក្នុង​ឃុំ​របស់លោក។ គោលនយោបាយ​តារា​សេវាសាធារណៈ ត្រូវបាន​លោក​មេឃុំ បញ្ជាក់ថា វា​នឹង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​របស់លោក​ទៀតផង៕




© រក្សាសិទ្ធិដោយ thmeythmey.com