ជាតិ
ក្រសួងការបរទេស៖ ស្រះ​ទឹក​ដែល​អាជ្ញាធរ​វៀតណាម​ជីក ចូល​ជ្រៅ​ក្នុង​ដី​ខ្មែរ
12, Jun 2015 , 4:56 pm        
រូបភាព
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង
ភ្នំពេញ៖ នៅ​ថ្ងៃទី១២មិថុនា​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា​បានធ្វើ​កំណត់​ទូត​មួយ​ផ្ញើ​ទៅ​ស្ថានទូត​វៀតណាម ដើម្បី​ប្រាប់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​បញ្ឈប់​ការជីក​ស្រះ​ក្នុង​ទឹកដី​កម្ពុជា។ កំណត់​ទូត​នេះ​ត្រូវបានធ្វើ​បន្ថែម ក្រោយ​ការតវ៉ា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះមុខ លោក ឡេ ហុង​អា​ញ់ សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម ដែល​បានមក​ទស្សនកិច្ច​នៅក្នុង​សប្តាហ៍​នេះ។



កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​សរសេរ​ប្រាប់​រដ្ឋាភិបាល​វៀតណាម​យ៉ាងច្បាស់​ថា ស្រះ​ទឹក​ទាំង៥ ដែល​អាជ្ញាធរ​វៀតណាម​បាន​ជីក​នៅក្នុង​ភូមិ​ឡំ ស្រុក​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​ទៀតផង។ ការអះអាង​ត្រូវបាន​ធ្វើឡើង​ដោយយោង​លើ​ផែនទី​បោ​ន ១/១០០.០០០ ។

ដោយ​បញ្ជាក់ប្រាប់​រដ្ឋាភិបាល​វៀ​ត​ណា​ម​ថា​ស្រះ​ទឹក​ទាំង៥មាន​ទំហំមួយៗ ៥ម​គុណ១៣ម កំណត់​ទូត​បាន​សរសេរ​បញ្ជាក់​ថា៖«ស្រះ​ទឹក​ទី១ និង​ទី២ ជី​ជាប់​គ្នា មាន​ចំងាយ​ប្រមាណ៣៨០ម ពី​ខ្សែ​ព្រំដែន។ ស្រះ​ទឹក​ទី៣ ចំងាយ​ប្រមាណ៣៩០ម ពី​ខ្សែ​ព្រំដែន។ ស្រះ​ទឹក​ទី៤ ចំងាយ​ប្រមាណ៥៤៥ម ពី​ខ្សែ​ព្រំដែន និង​ស្រះ​ទឹក​ទី៥ ចំងាយ​ប្រមាណ ៤៧០ម ពី​ខ្សែ​ព្រំដែន»។

យោងតាម​កំណត់​ទូត​របស់​ក្រសួង​ការបទេស​កម្ពុជា ស្រះ​ទឹក​ទាំង៥ដែល​អាជ្ញាធរ​វៀតណាម​ជីក​នៅ​ចន្លោះ​បង្គោល​ព្រំដែន៣០ និង៤០ ស្ថិតនៅក្នុង​តំបន់​ដែល​ពុំទាន់​មានការ​កំណត់​ខណ្ឌសីមា​នៅឡើយ។ កំណត់​ទូត​ដដែល​បាន​រំ​ឮ​ក​រដ្ឋាភិបាល​វៀតណាម​អំ​ពី​សេចក្តីប្រកាស​ព័ត៌មាន​រួម​ឆ្នាំ ១៩៩៥ ដែល​ហាម​ប្រទេស​ទាំងពីរ​ឲ្យ​រក្សា​ភាព​ដើម នៅតាម​តំបន់​ដែល​មិនទាន់មាន​ការដោះស្រាយ។ សេចក្តីប្រកាស​ព័ត៌មាន​រួម​នោះ​សរសេរថា៖ «ភាគី​ទាំង​ពីរបាន​ឯកភាព​រក្សា​ស្ថានភាព​បច្ចុប្បន្ន​ដដែល មិន​ឲ្យ​មានការ​ផ្លាស់ប្តូរ ឬ​ដក​ទីតាំង​កំណត់សំគាល់​ព្រំដែន និង​អប់រំ​ទប់ស្កាត់​ពលរដ្ឋ​ទាំងសងខាង មិន​ត្រូវធ្វើ​ការដាំដុះ ឬ​តាំង​ទីលំនៅ​ឆ្លងដែន និង​សហការ​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ព្រំដែន រហូតដល់​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នេះ»។

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​សំណុំរឿង​ដែល​អាជ្ញាធរ​វៀតណាម​ជីក​ស្រះ​ទឹក​ក្នុង​ទឹកដី​កម្ពុជា​ក្នុង​ខេត្តរតនគិរី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រាប់​ត្រង់​ទៅ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម លោក ឡេ ហុង​អា​ញ់ ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​រួច​ម្តង​ហើយ​ដែរ៕
   

© រក្សាសិទ្ធិដោយ thmeythmey.com