ជាតិ
បទវិភាគ
ផលប៉ះពាល់​នៃ​ការលើកតម្កើង​បុគ្គល​ក្នុងការ​ដឹកនាំ​និង​ការគ្រប់គ្រង
13, Jun 2015 , 9:14 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ការដឹកនាំ​និង​ការគ្រប់គ្រង​គឺ​ធាតុ​ចាំបាច់​នៅក្នុង​សង្គម មិនអាច​ខ្វះ​បានឡើយ ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ ការដឹកនាំ និង​ការគ្រប់គ្រង ប្រែប្រួល​ទៅតាម​ទម្រង់​របស់​រដ្ឋាភិបាល ដូចជា រាជានិយម អភិជនាធិបតេយ្យ លទ្ធិផ្ដាច់ការ និង​ប្រជាធិបតេយ្យ ជាដើម។ ថ្មីៗនេះ ទម្រង់​រដ្ឋាភិបាល​ត្រូវបាន​គេ​កែសម្រួល​ពី​ទម្រង់​ដើម ដូចជា រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​កុម្មុយនីស្ត​បែប​ទីផ្សារ​សរ​រី​ជាដើម។ ជារួម​មិន​ថា ទម្រង់​រដ្ឋាភិបាល​បែបណា​ទេ ឱ្យតែ​ការដឹកនាំ​និង​ការគ្រប់គ្រង ផ្អែកលើ​ច្បាប់ គោលការណ៍​សិទ្ធិមនុស្ស គោលការណ៍​សីលធម៌ និង​ផលប្រយោជន​រួម សង្គម​នឹង​រីកចម្រើន និង​មាន​សុខដុម។ ផ្ទុយទៅវិញ ប្រសិនបើ​ការដឹកនាំ​និង​ការគ្រប់គ្រង​ផ្អែកលើ​បុគ្គល ធ្វើអ្វីៗតាម​ការនឹកឃើញ តាម​អារម្មណ៍ និង​តាម​ចៃដន្យ សង្គម​នោះ​នឹង​ធ្លាក់​ទៅក្នុង​ផ្លូវខុស ភាព​ផ្ដាច់ការ គ្មាន​របៀបរៀបរយ គ្មាន​គោលការណ៍​ច្បាស់លាស់ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​និរន្តរភាព។    



ការដឹកនាំ ជាទូទៅ ពាក់ព័ន្ធ​ទៅនឹង ទីមួយ ការបង្កើត​ទិសដៅ ដែល​រួមមាន​ទាំង​ការបង្កើត​ចក្ខុវិស័យ​ស្ដីអំពី​អនាគត និង​យុទ្ធសាស្ត្រ​សម្រាប់​ធ្វើឱ្យមាន​ការផ្លាស់​ប្ដូរ​ចាំបាច់​ដើម្បី​សម្រេច​បា​នូវ​ចក្ខុវិស័យ​នោះ។ ទី​ពីរ ការចាត់ចែង​មនុស្ស ដែល​រួមមាន ការចែករម្លែក​ព័ត៌មាន​ស្ដីពី​ទស្សនវិស័យ​តាមរយៈ​ពាក្យសម្ដី និង​ឯកសារ​ផ្លូវការ​ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវ​ប្រតិបត្តិ​ដើម្បី​សម្រេច​ចក្ខុវិស័យ​នោះ។ ទី​បី ការលើកទឹកចិត្ត​និង​ការជំរុញ ដែល​ជួយ​ឱ្យ​មនុស្ស​ពង្រឹង​ខ្លួនឯង​ដើម្បី​ដោះស្រាយ​របាំង ឬ​ឧបសគ្គ​ខាង​នយោបាយ ការិយាល័យ​ធិបតេយ្យ និង​ធនធាន ដើម្បីឱ្យ​មានការ​ផ្លាស់ប្ដូ​រ។ ឯ​ការគ្រប់គ្រង​វិញ ទាក់ទង​ជាសំខាន់​ជាមួយ​ការបង្កើត ឬ​ការផលិត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​លទ្ធផលសំខាន់ៗ ដែល​រំពឹងទុក​ដោយ​អ្នកពាក់ព័ន្ធ​នានា។

ក្នុង​កម្រិត​គ្រួសារ គម្រោង សហគមន៍ និង​ស្ថាប័នតូចៗ អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ភាគច្រើន​គឺជា​ក្រុមមនុស្ស​តែមួយ។ ប៉ុន្តែ ក្នុង​គម្រោងធំៗ សាជីវកម្ម និង​ស្ថាប័នធំៗរបស់​ជាតិ អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង គឺជា​ក្រុមមនុស្ស​ខុសគ្នា ដែល​បំពេញការងារ​ដាច់ដោយឡែក​ពីគ្នា។   ឧទាហរណ៍៖ ក្នុង​គ្រួសារ ឪពុកម្ដាយ គឺជា​អ្នកដឹកនាំ​ផង និង​អ្នកគ្រប់គ្រង​ផងដែរ ដែលមាន​តួនាទី​ដឹកនាំ​និង​គ្រប់គ្រង​គ្រួសារ​ទាំងមូល ទៅតាម​ទម្លាប់ និង​សីលធម៌​របស់​គ្រួសារ។ ក្នុង​កម្រិត​សហគមន៍ និង​ស្ថាប័នតូចៗ ប្រធាន អនុប្រធាន និង​អគ្គលេខាធិការ គឺជា​អ្នកដឹកនាំ ឯ​អ្នក​បន្តបន្ទាប់​ពីនេះ គឺជា​អ្នកគ្រប់គ្រង។ ក្នុងករណី​ជាច្រើន ប្រធាន អនុប្រធាន អគ្គលេខាធិការ ក៏​ជា​អ្នកគ្រប់គ្រង​ផងដែរ។ ក្នុង​ក្របខណ្ឌ​បក្សនយោបាយ ប្រធាន អនុប្រធាន អគ្គលេខាធិការ និង​សមាជិក​គណៈកម្មការ​ក​ណ្ដា​ល​គឺជា​អ្នកដឹកនាំ ឯ​អ្នក​ដែលមាន​ឋានៈ​បន្ទាប់​ពីនេះ គឺជា​អ្នកគ្រប់គ្រង។  ក្នុង​កម្រិត​ជាតិ ព្រះមហាក្សត្រ ប្រធាន អនុប្រធាន អគ្គលេខាធិការ និង​សមាជិក​រដ្ឋសភា និង​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​សមាជិក​រដ្ឋាភិបាល​ដទៃ​ទៀត​គឺជា​អ្នកដឹកនាំ ឯ​មន្ត្រី​ដែលមាន​ឋានៈ​បន្តបន្ទាប់​ពីនេះ គឺជា​អ្នកគ្រប់គ្រង។

ជាទូទៅ បើ​យោងតាម​ទ្រឹស្ដី​ទស្សនវិជ្ជា​នយោបាយ វិទ្យាសាស្ត្រ​នយោបាយ ច្បាប់ និង​គោលការណ៍​សីលធម៌ ការដឹកនាំ​និង​ការគ្រប់គ្រង​ដែល​សង្គម​ចង់បាន​នោះ គឺជា​ការដឹកនាំ​និង​ការគ្រប់គ្រង​មួយ​ដែល​ត្រូវតែ​ប្រព្រឹត្ត​ទៅតាម​ទស្សនាទាន​ស្ដីពី​ភាពជា​អ្នកដឹកនាំ​ល្អ អភិបាលកិច្ច​ល្អ គោលការណ៍​ច្បាប់ គោលការណ៍​សិទ្ធិមនុស្ស និង​គោលការណ៍​សីលធម៌ ដែល​ផ្អែកលើ​ផលប្រយោជន​រួម​ជាធំ។

ប៉ុន្តែ ជា​អកុសល នៅ​បណ្ដា​ប្រទេស​មួយចំនួន ដែល​ដឹកនាំ​ដោយ​ផ្ដាច់ការ រួមទាំង​កម្ពុជា​ផងដែរ ត្រូវបាន​គេ​មើលឃើញថា អំណាច​បុគ្គល មាន​ឥទ្ធិពល​គ្រប់​ដណ្ដប់​លើ​ទិដ្ឋភាព​ច្បាប់ គោលការណ៍​សិទ្ធិមនុស្ស និង​គោលការណ៍​សីលធម៌ ដែល​ទីបំផុត បុគ្គល​ដែលជា​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ត្រូវបាន​គេ​មើលឃើញថា មានអំណាច​ឥត​ព្រំដែន ចង់​ធ្វើ​អ្វី​ក៏បាន។
ក្នុងស្ថានភាព​បែបនេះ មន្ត្រី​ក្រោមបង្គាប់ និង​សង្គម​ទាំងមូល ខ្លបខ្លាច​អំណាច​អ្នកធំ ជាជាង​អំណាចច្បាប់​ហើយ​ដើម្បី​រក្សា​ភាពសុខសាន្ត និង​ទទួលផល​លាភផ្សេងៗ ពួកគេ​តែងតែ​លើកតម្កើង ឬ​សរសើរ​លើកជើង​អ្នកធំ ដូចជា មុននឹង​និយាយ​អ្វីមួយ ត្រូវ​ផ្ដើមសេចក្ដី​ថា យោងតាម​ប្រសាសន៍​របស់​សម្ដេច...ឯកឧត្តម...លោកជំទាវ...ប្រកបដោយ​គតិបណ្ឌិត និង​ភាពឈ្លាសវៃ...លើសពីនេះ​ទៀត មុននឹង​ធ្វើ ឬ​ចាត់វិធានការ​ណាមួយ គេ​តែងតែ​និយាយថា នេះ​បទបញ្ជា ឬ​អនុសាសន៍​ដ៏​ឧត្តុង្គឧត្តម របស់​សម្ដេច...ឯកឧត្តម...លោកជំទាវ...ជាជាង​និយាយថា​នេះ គឺជា​គោលការណ៍ ឬ​ច្បាប់។

ឆ្លង​តាមរយៈ​ទម្លាប់ ឬ​វប្បធម៌​នៃ​ការលើកតម្កើង​បុគ្គល ឬ​ការប្រកាន់យក​ទស្សនៈ​បុគ្គលនិយម​ក្នុងការ​ដឹកនាំ​និង​ការគ្រប់គ្រង​នេះ ទីបំផុត​រដ្ឋ​មួយ​ត្រូវ​ដឹកនាំ​ដោយ​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​សង្គម​ទាំងមូល​ធ្លាក់​ចូលទៅក្នុង​របបរាជានិយម ឬ​របប​ផ្ដាច់ការ ដែលមាន​អ្នកដឹកនាំ​តែ​ម្នាក់ មាន​សិទ្ធិ​បង្កើត​ច្បាប់​តែ​មិន​នៅក្រោម​ច្បាប់ ហើយ​អ្នកដឹកនាំ​ខ្ពស់បំផុត​នោះ មាន​ឥទ្ធិពល​លើ​ស្ថាប័ន​នីតិបញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​តុលាការ សូម្បីតែ អារម្មណ៍ ឬ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់គាត់​ក៏មាន​ឥទ្ធិពល​លើ​ការគ្រប់គ្រង​រដ្ឋ​ដែរ។ 

ក្នុងករណី​តិចតួច​បំផុត ដែល​ការដឹកនាំ​និង​ការគ្រប់គ្រង​ដោយ​បុគ្គល​ទទួលបាន​ផល​ល្អ ដូចជា ករណី​ដែល​បុគ្គល​នោះ​មាន​សមត្ថភាព មាន​មនសិការ និង​សីលធម៌​ក្នុងការ​ដឹកនាំ មិន​ប្រព្រឹត្ត​អំពើពុករលួយ និង​ធ្វើអ្វីៗដោយ​គិត​ផលប្រយោជន៍​រួម​ជាធំ។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​យើង​មិនគួរ​ប្រថុយប្រថាន​ទទួលយក​ការដឹកនាំ​បែប​បុគ្គលនិយម​ដែរ។ ប្រសិនបើ​មាន​អ្នកដឹកនាំ​ល្អ ហើយ​មាន​គ្នាច្រើន និង​មានការ​រៀបចំ​ជា​រចនា​សម្ពន្ធ​ត្រឹមត្រូវ ធ្វើអ្វីៗផ្អែកលើ​ច្បាប់ និង​គិត​ផលប្រយោជន៍​រួម​ជាធំ​ទៀត​នោះ ការដឹកនាំ​និង​ការគ្រប់គ្រង រឹត​តែមាន​ភាពប្រសើរ ច្បាស់លាស់ រឹងមាំ និង​ត្រឹមត្រូវ។

ផ្ទុយទៅវិញ ក្នុងករណី​ភាគច្រើន​លើសលប់ ការដឹកនាំ​និង​ការគ្រប់គ្រង​ដោយ​បុគ្គល ងាយ​នឹង​ធ្លាក់​ទៅក្នុង​ផ្លូវខុស ភាព​ផ្ដាច់ការ គ្មាន​របៀបរៀបរយ គ្មាន​គោលការណ៍​ច្បាស់លាស់ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ពោលគឺ​គេ​ធ្វើអ្វីៗតាម​ការនឹកឃើញ តាម​អារម្មណ៍ និង​តាម​ចៃដន្យ ដែល​គ្មាន​និរន្តរភាព។ លើសពីនេះ​ទៀត ដោយសារតែ​អ្នកក្រោមបង្គាប់​មិន​ហ៊ាន​ធ្វើសំណើ មិន​ហ៊ាន​សម្រេច រង់ចាំតែ​ទទួលបញ្ជា​ពី​បុគ្គល​ថ្នាក់លើ ឯ​បុគ្គល​ថ្នាក់លើ​វិញ សមត្ថភាព បទពិសោធន៍ ពេលវេលា និង​លទ្ធភាព​របស់ខ្លួន មានកំណត់ ដូច្នេះហើយ នាំឱ្យមាន​ការរាំងស្ទះ និង​ចន្លោះប្រហោង​ច​ពោះ​ការដឹកនាំ ការគ្រប់គ្រង និង​ការអភិវឌ្ឍ​លើស​គ្រប់​វិស័យ។ ដូច្នេះ ការដឹកនាំ​និង​ការគ្រប់គ្រង​ដោយ​បុគ្គល​បែបនេះ មិនគួរ​លើកទឹកចិត្ត​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com