ពីនេះ ពីនោះ
ស្វាក្តាម មុជទឹកបានចម្ងាយរហូតដល់ទៅ៥០ម៉ែត្រ
×
ភិនភាគ៖ ស្វាក្តាមមានការផ្លាស់ប្តូរពណ៌ពីរដំណាក់កាលសំខាន់ៗគឺពណ៌ប្រផេះលាយត្នោត និងពណ៌ក្រហមភ្លី ចំពោះការផ្លាសប្តូរពណ៌នេះប្រែប្រួលទៅតាមអាយុកាល ភេទ និងទីតាំងរស់នៅរបស់វា។ ជាទូទៅវាមានពណ៌ប្រផេះភ្លឺទៅពណ៌ក្រហមភ្លឺពេលដែលវារស់នៅក្នុងព្រៃចំណែកឯពពួកស្វារស់នៅមាត់សមុទ្រភាគច្រើនមានពណ៌ភ្លឺឆើតជាងប្រភេទដែលរស់នៅតាមតំបន់ផ្សេងៗទៀត។ ស្វាក្តាមមានប្រវែងពីក្បាលដល់កន្ទុយ ៩២-១០៩ស.ម ហើយកន្ទុយរបស់វាវែងជាងគេក្នុងចំណោមប្រភេទស្វានានានៅទ្វីបអាស៊ី។ កូនរបស់វាកើតមកមានពណ៌ខ្មៅ។ ចំពោះស្វាមិនទាន់ពេញវ័យមានដុះរោមកញ្ចុំវែងៗលើក្បាល ចំណែកស្វាចាស់វិញមានរោមវែងក្រាស់ដុះជុំវិញមុខ និងមានថ្ងាសទំពេក។
ជីវសាស្ត្រ៖ ស្វាក្តាមរស់នៅតំបន់ព្រៃស្ទើរតែគ្រប់ប្រភេទដូច ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃឬស្សី តំបន់វាលភក់ ព្រៃលិចទឹក ព្រៃកោងកាង តំបន់កសិកម្ម តាមបណ្តោយឆ្នេរ ខ្សាច និងតាមឆ្នេរកោះ ជាពិសេសវាលភក់ព្រៃកោងកាង។ ចំណីរបស់វារួមាន៖ ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ស្លឹកឈើ ផ្លែឈើ និងត្រួយឈើជាដើម។ វាជាប្រភេទស្វាដែលមិនខ្លាចទឹក និងមានភាពស្ទាតជំនាញក្នុងការហែលទឹក។ ស្វាឈ្មោលអាចមុជទឹកបានចម្ងាយរហូតដល់ទៅ ៥០ម៉ែត្រ។ វារស់នៅជាហ្វូងធំរហូតដល់ ១០០ ក្បាល។ ស្វាក្តាម កូនម្តងបានតែមួយគត់បន្ទាប់ពីពពោះអស់រយៈពេល៥-៦ខែ។
រប៉ាយរស់នៅ៖ មានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា។ វាក៏មានវត្តមានផងដែរនៅតាមប្រទេសនានានៃភូមិភាគសលអាស៊ីអាគ្នេហ៍រួមមានប្រទេថៃ ប្រទេសម៉ាឡេស៊ី ហ្វីលីពីន កោះសូម៉ាត្រា បរណេអូ កោះចាវា និងកោះបាលី។
ស្ថានភាពអភិរក្ស៖ ស្វាក្តាមស្ថិន្នុងក្រុមប្រភេទមានដោយបង្គួរ។ ប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (LR/nt) ជាប្រភេទរងគ្រោះតិចតួចលើពិភពលោក និងនៅតាមតំបន់ ដែលត្រូវពឹងអាស្រ័យលើកិច្ចអភិរក្សនៅកម្ពុជា។ ប្រភេទនេះកំពុងរងគ្រោះដោយសារការទាក់ចាប់បង្កាត់ពូជ ដើម្បីធ្វើពាណិជ្ជកម្មអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com