កីឡាអន្តរជាតិ
ជាតិ
Beckham រីករាយ​ថ្ងៃ​នៅ​កម្ពុជា និង​កោតសរសើរ​ប្រាសាទអង្គរវត្ត
15, Jun 2015 , 10:31 am        
រូបភាព
ដោយ: ថ្មីៗ
អតីត​ខ្សែបម្រើ​ឆ្នើម​ជម្រើសជាតិ​អង់គ្លេស David Beckham តាមរយៈ​គណនី Instagramផ្លូវការ (davidbeckham) របស់ខ្លួន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយនឹង​ស្នាមញញឹម​នៅមុខ​ប្រាសាទអង្គរវត្ត។ ភ្ជាប់​ជាមួយនឹង​រូបថត​ដែល​បង្ហោះ​កាលពី​រាត្រី​ថ្ងៃអាទិត្យ​នោះ​អតីត​កីឡាករ​វ័យ៤០ឆ្នាំ​រូបនេះ បានសរសេរថា៖ «ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​កម្ពុជា ដោយបាន​ទស្សនា​ប្រាសាទអង្គរវត្ត...ទីកន្លែង​មួយ​ក្នុងចំណោម​ទីកន្លែង​ដ៏​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក»។


David Beckham បាន​បង្ហោះ​រូបភាព​មុខ​អង្គរវត្ត មួយថ្ងៃ​ក្រោយពី​គេ​បាន​ចូលរួម​នៅ​ពិធី​សម្ពោធ​ហាង​សម្លៀកបំពាក់ H&M នៅក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន។ រយៈពេល១៣ម៉ោង​ក្រោយ រូបថត Beckham នៅ​កម្ពុជា មាន​អ្នក​ចុច «Like» ជាង៦សែន។

ជាមួយគ្នានេះ​ផងដែរ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ SoanKannបាន​បង្ហោះ​រូបថត​បីសន្លឹក​ដែល David Beckham ថត​ជាមួយ​បុគ្គលិក​នៃ​ភោជនីយដ្ឋាន ច័ន្ទ​រី​ទ្រី (Chanrey Tree) នៅក្នុង​ខេត្តសៀមរាប។

David Beckham ធ្លាប់បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ចំនួន១១៥ប្រកួត​ចាប់ពី​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០០៩ ហើយក៏​ជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប Manchester United, Real Madrid, La Galaxy, AC Milan និង Paris Saint Germainផងដែរ។

យោងតាម​កាសែត​បារាំង Le360.ma Beckham ត្រៀម​ប្រឡូក​ខ្លួន​ក្នុង​វិស័យ​ភាពយន្ត​នា​ឆ្នាំ២០១៦ខាងមុខ ក្រោម​ការដឹកនាំ​របស់​លោក Guy Ritchnieដែលជា​មិត្ត​ភ័ក្ត្រ​របស់ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com