ជាតិ
សង្គមជាតិ
កម្ពុជា​ដណ្តើមបាន​ពានរង្វាន់​វោហា​ស័ព្ទ​ជា​សាធារណៈ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក
15, Jun 2015 , 6:18 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ នៅ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ម្សិលមិញ​នេះ យុវ​និស្សិត​ជំនាញ​ច្បាប់​នៃ សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) និង​ជា​បេក្ខជន​តំណាង​សភា​យុវ​ពាណិជ្ជករ​កម្ពុជា( JCI )កញ្ញា តារា រត្ន បានទទួល​ពានរង្វាន់​វោហា​ស័ព្ទ​ជា​សាធារណៈ (Public Speaking)  ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ការប្រកួតប្រជែង​នេះ ប្រព្រឹត្តទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយមាន​បេក្ខជន​មកពី ១០ ប្រទេស​បាន​ចូលរួម ក្នុងនោះ រួមមាន ប្រទេស​ម៉ាឡេស៊ី ហុងកុង ស្រីលង្កា ជប៉ុន ហ្វីលីពីន បង់​ក្លា​ដេ​ស ម៉ុង​ហ្គោ​លី ឥណ្ឌូនេស៊ី ឥណ្ឌា និង​ប្រទេស​កម្ពុជា។



ការប្រកួត​វោហា​ស័ព្ទ​ជា​សាធារណៈ​នេះ បានរៀបចំ​ឡើង​ក្រោម​ប្រធានបទ​ទាក់ទង​នឹង​ការ អប់​រំជា​គន្លឹះ​ជំរុញ​យុវជន​ជំនាន់​ក្រោយ ឲ្យ​រួច​ចាក​ពី​ភាពក្រីក្រ និង​លទ្ធភាព​នៃ​ការប្រើប្រាស់ បច្ចេកវិទ្យា ជា​គន្លឹះ​ផ្តល់​ឥទ្ធិពល​ដល់​យុវជន។

បន្ទាប់ពី​ទទួលបាន​ជ័យលាភី​នេះ​រួច កញ្ញា តារា រត្ន នឹង​បន្តទៅ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង ពាន់រង្វាន់​ពិភពលោក ដែល​នឹង​ប្រារព្ធ​ឡើង​អំឡុង សមាជ​យុវ​សភា​ពាណិជ្ជករ​ពិភពលោក (JCI World Congress) ក្នុង​ខែវិច្ឆិកា២០១៥ នៅ​ក្រុង​កា​ណា​ហ្សា​វ៉ា​ក ប្រទេស​ជប៉ុន។
 
មុន​ចាក​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី កញ្ញា តារា រត្ន បាន​ប្រាប់ថា នាង​នឹង​ឈ្នះ​ក្នុង ការប្រកួត​នេះ។ «ខ្ញុំ​សង្ឃឹម៩៩,៩ភាគរយ ថា នឹង​អាច​យកឈ្នះ​បេក្ខជន​នៅ ក្នុង​តំបន់​អាស៊ី»។ នេះ​ការរំពឹង​របស់​កញ្ញា រត្ន។

គួររម្លឹកថា កាលពី​ឆ្នាំ ២០១៤ កញ្ញា ប៉ែន សុខ​អាន ជា​សិស្ស​នៃ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង បានក្លាយ​ជើងឯក​ការប្រកួត​វោហារ​សព្ទ​ជា​សាធារណៈ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ ដោយ​កញ្ញា​បាន​ផ្ដួល​យុវជន​ពី​ប្រទេស​ក្នុង​តំបន់ ដូចជា​ជប៉ុន ម៉ុង​ហ្គោ​លី ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌា ជាដើម។ ពេលនោះ នាង​បាន​ក្លាយជា​បេក្ខជន​តំណាង​អាស៊ី​ចូលរួម​ការប្រកួត​ផ្ដាច់ព្រ័ត្រ ថ្នាក់​ពិភពលោក​នៅ​ទីក្រុង Leipzig ប្រទេស​អាល្លឺម៉ង់ ជាមួយ​ដៃគូ​ឆ្នើម ៣នាក់​ទៀត ដែលជា​ជើងឯក​ប្រចាំ​ទ្វីបអាមេរិក អឺរ៉ុប និង​អាហ្វ្រិក។ ប៉ុន្តែ សុខ​អាន ពុំ​ចំណាត់ថ្នាក់​ជើងឯក​នោះទេ ពេលនោះ​តំណាង​មកពី​ទ្វីបអាហ្វ្រិក​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា លោក Paul Akingbola បាន​កា្ល​យ​ជា​ជ័យលាភី​ថ្នាក់​ពិភពលោក។ ទោះបីជា​យ៉ាងណា នារី​វ័យ ១៩ ឆ្នាំ​រូបនេះ នៅតែមាន​មោទនភាព​ចំពោះ​កម្ពុជា​ដែលមាន​បេក្ខជន​បាន​ក្លាយជា​តំណាង​ឲ្យ ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​គឺ ប្រទេស​កម្ពុជា។

ជាមួយគ្នានេះដែរ លោក ស៊ុំ ស៊ីថែ​ន ប្រធាន​គម្រោង​វេទិកា​ប្រកួតប្រជែង​ផ្នែក​វោហា​ស័ព្ទ សាធារណៈ និង​តស៊ូ​មតិ នៃ​សភា​យុវ​ពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញ​ចំណាប់អារម្មណ៍​ថា នេះ គឺ​បញ្ជាក់​ឲ្យ​ឃើញថា យុវជន​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រកួតប្រជែង​វោហា​ស័ព្ទ សាធារណៈ។ លោក​ថា៖«ការប្រកួត​នេះ បាន​ជួយ​ឲ្យ​យុវជន​កម្ពុ​ជាមាន​កម្រិត​ចំណេះ ភាសា​អង់គ្លេស​កាន់តែខ្លាំង ចេះ​បញ្ចេញ​គំនិត ព្រមទាំង​ស្រាវជ្រាវ​ច្រើន មុននឹង​ឡើង​ប្រកួត ជាមួយ​បេក្ខជន​ផ្សេងទៀត»៕ លោក​បន្តថា នេះ ជា​មោនភាព​មួយទៀត​របស់​កម្ពុជា ដែល​បាន​ក្លាយជា​តំណាង​វោហា​ស័ព្ទ​ជា​សាធារណៈ​ប្រចាំ​តំបន់​អាស៊ី ទៅ​ចូលរួម​ប្រកួត​ថ្នាក់ ពិភពលោក ជាមួយ​បេក្ខជន​មកពី​ទ្វីបអឺរ៉ុប អាមេរិក និង​អាហ្វ្រិក​ផ្សេងទៀត។

គួរបញ្ជាក់​ផងដែរ ប្រធានបទ​ប្រកួត​ក្នុង​កម្មវិធី ឆ្នាំ២០១៥នេះ ផ្តោត​សំខាន់​លើ​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ (UN-MDGs) ដែល​ទាក់ទង​នឹង​ប្រធានបទ​កាត់បន្ថយ​ភាពក្រីក្រ​ធ្ងន់ធ្ងរ និង​បញ្ឈប់​ការរីក​សាយ​នៃ​មេរោគ​អេដស៍​ព្រមទាំង​ការ​ផ្តល់នូវ​ការអប់រំ បឋមសិក្សា​ជា​សាកល​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០១៥៕


© រក្សាសិទ្ធិដោយ thmeythmey.com