អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វ៉ាស៊ីនតោន​គ្រោង​បញ្ជូន​យន្តហោះ​ចម្បាំង F-22 ទៅ​អឺរ៉ុប​ទុក​គំរាម​រុស្ស៊ី
17, Jun 2015 , 8:59 pm        
រូបភាព

សហរដ្ឋអាមេរិក​មាន​គម្រោង​បញ្ជូន​យន្តហោះ​ចម្បាំង​ប្រភេទ​ថ្មី F-22 ទៅកាន់​តំបន់​អឺរ៉ុប ក្នុងពេលដែល​ភាព​តានតឹង​រវាង​អឺរ៉ុប​និង​រុស្ស៊ី​កើនឡើង​កាន់តែខ្លាំង។ យន្តហោះ F-22 ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា​ជា យន្តហោះ​ប្រដេញ​ទំនើប​ស៊េរី​ចុងក្រោយ​របស់​អាមេរិក​ស​ម្រា​ប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​យោធា។ បើតាម​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន យន្តហោះ​ចម្បាំង​ទាំងនេះ​នឹងត្រូវ​ពង្រាយ​ទៅ អ៊ុយ​ក្រែ​ន​និង​បណ្តា​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត។



យោងតាម​សារព័ត៌មាន CNN ក្រសួងការពារជាតិ​អាមេរិក​អាច​នឹង​ពង្រាយ​យន្តហោះ​ចម្បាំង​ប្រភេទ F-22 ទៅកាន់​តំបន់​អឺរ៉ុប​នាពេល​ខាងមុខនេះ។ ការពង្រាយ​យន្តហោះ​ប្រដេញ​គឺ​ដើម្បី​ឆ្លើយតប​សកម្មភាព​រុស្ស៊ី​នៅក្នុង​បញ្ហា​អ៊ុយ​ក្រែ​ន និង​ទប់ស្កាត់​បញ្ហា​គំរាមកំហែង​ផ្សេងទៀត​ដែល​បណ្តា​រដ្ឋ​អឺរ៉ុប​កំពុង​ប្រឈម។

លោក Deborah James លេខាធិការ​ទ័ពជើងគោក​អាមេរិក​បាន​ឲ្យ​ដឹង​ក្នុងពេល​លោក​ស្ថិតក្នុង​ទីក្រុង​ប៉ារីស​ថា យន្តហោះ​ប្រដេញ​ស៊េរី​ទំនើប​នេះ​អាច​នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន និង​អាច​ទៅកាន់​បណ្តា​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត​ដើម្បី​ទប់ទល់​រុស្ស៊ី​ដែល​បន្ត​ជ្រៀតជ្រែក​ក្នុង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន។

យ៉ាងណាក៏ដោយ វា​មិនមែនជា​រឿង​ថ្មី​ឡើយ ព្រោះ​អាមេរិក​បន្ត​បញ្ជូន​ទ័ព និង អាវុធ​ជាច្រើន​ទៅ​អឺរ៉ុប​ដើម្បី​ធ្វើ​លំ​ហាត់​យោធា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ ដើម្បី​តំឡើង​សាច់ដុំ​ដាក់​រុស្ស៊ី​ឥតឈប់ឈរ ក្រោយ​ពេលដែល​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​កើតឡើង។ បច្ចុប្បន្ននេះ​អាមេរិក​ក៏បាន​បញ្ជូន​យន្តហោះ​ដឹកនាំ​អាវុធ​នុយក្លេអ៊ែរ B-2 និង​យន្តហោះ​ទម្លាក់​គ្រាប់ B-52 ផងដែរ​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​អឺរ៉ុប​ផងដែរ។

ជុំវិញ​សមត្ថភាព​យន្តហោះ​នេះដែរ មន្ត្រី​យោធា​ខាងលើ​បាន​អះអាងថា យន្តហោះ​ប្រដេញ F-22 នេះ​មាន​សមត្ថភាព​ខ្ពស់ ដោយ​គ្មាន​អាវុធ​ប្រឆាំង​យន្តហោះ​ណា​អាច​យកឈ្នះ​យន្តហោះ​នេះ​បានឡើយ។ បើ​និយាយ​ពី​តម្លៃ​វិញ យន្តហោះ​ប្រដេញ​ប្រភេទ​នេះ​មួយគ្រឿង​មានតម្លៃ​រហូតដល់ ១៤៣លាន​ដុល្លារ​អាមេរិក​ឯណោះ។

យ៉ាងណាក៏ដោយ ការពង្រាយ​យន្តហោះ​ចម្បាំង​ប្រភេទ​ថ្មី​ទៅ​អឺរ៉ុប ឬ​អ៊ុយ​ក្រែ​ន​មិន​ធ្វើ​ឲ្យ​រុស្ស៊ី​នៅ​ស្ងៀម​ដាច់ខាត។ កាលពី​ម្សិលមិញ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​បញ្ចូល​មី​ស៊ី​ល​កម្រិត​បាញ់​ឆ្លង​ទ្វីប​ប្រហែល ៤០ដើម​នៅក្នុង​វិស័យ​ការពារជាតិ និង​បន្ថែម​អាវុធ​យុទ្ធ​ភ័​ណ្ឌថ្មីៗដល់​កងទ័ព​ផងដែរ។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​ក្រុង​វ៉ាស៊ីនតោន លើក​គម្រោង​ពង្រាយ​ទ័ព និង​អាវុធ​ធុន​ធ្ងន់​ទៅ​អឺរ៉ុប​ខាងកើត​និង​តំបន់​បាល់​ទិ​ក​ផង៕


© រក្សាសិទ្ធិដោយ thmeythmey.com