កីឡាអន្តរជាតិ
ជាតិ
ក្រោយ​កោតសរសើរ​អង្គរវត្ត Beckham ប្រាប់​អ្នកទេសចរ​កុំ​មើលរំលង​ប្រាសាទតាព្រហ្ម
17, Jun 2015 , 5:26 pm        
រូបភាព
ដោយ: រួបរួម
បន្ទាប់ពី​បង្ហោះ​រូបថត​ជាមួយនឹង​ស្នាមញញឹម​នៅមុខ​ប្រាសាទអង្គរវត្ត អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស David Beckham បាន​បង្ហោះ​រូប​មួយទៀត​នៅ​គណនី Instagram និង​ហ្វេ​ស​ប៊ុ​ក ដែល​ខ្លួន​បាន​ថត​នៅ​ប្រាសាទតាព្រហ្ម​ក្នុង​ខេត្តសៀមរាប  ដោយ​ណែនាំ​ឲ្យ​អ្នកទេសចរ​ដាក់​ប្រាសាទ​នេះ​នៅក្នុង​បញ្ជី​សម្រាប់​ដំណើរ​កម្សាន្ត​មក​កម្ពុជា។



កាលពី​ថ្ងៃទី១៦ ខែមិថុនា David Beckham បានសរសេរថា៖ «មាន​ពេលា​វេលា​ដ៏​មិនគួរ​ឲ្យ​ជឿ​នៅ​កម្ពុជា ដោយបាន​ជួប​ពលរដ្ឋ​ដ៏​អស្ចារ្យ​មួយចំនួន ហើយក្មេងៗពិតជា​គួរ​ឲ្យ​អាណិត​ស្រឡាញ់​ខ្លាំងណាស់។ ប្រសិនបើ​អ្នកមាន​ឱកាស​មក​ទស្ស​នា​ប្រទេស​កម្ពុជា ចូរ​ដាក់​ប្រាសាទតាព្រហ្ម​នៅក្នុង​បញ្ជី​ទស្សនកិច្ច​របស់​អ្នក!»។

សូមបញ្ជាក់​ផងដែរ​ថា កាលពី​ចុង​សប្តាហ៍​កន្លងមក អតីត​កីឡាករ​លំដាប់​ពិភពលោក​វ័យ៤០ឆ្នាំ​រូបនេះ បាន​បង្ហោះ​របស់ខ្លួន​នៅមុខ​ប្រាសាទអង្គរវត្ត​ដោយ​សរសេរថា៖ «ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​កម្ពុជា ដោយបាន​ទស្សនា​ប្រាសាទអង្គរវត្ត...ទីកន្លែង​មួយ​ក្នុងចំណោម​ទីកន្លែង​ដ៏​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក»។

David Beckham ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ស្វែងយល់​ពី​ការងារ​របស់​អង្គការ​យូ​នី​សេ​ហ្វ​និង​ដៃគូ ដែល​កំពុង​ជួយ​គាំទ្រ​ដល់​កុមារ​រងគ្រោះ​ពី​ការរំលោភបំពាន​លើ​រាងកាយ ផ្លូវភេទ និង​ផ្លូវចិត្ត និង​កំពុង​ការពារ​កុមារ​ដែល​ងាយ​រងគ្រោះ​ពី​សំណាក់​គ្រោះថ្នាក់ផ្សេងៗទៀត។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ​នៅ​ថ្ងៃទី១៥ ខែមិថុនា។

នៅ​ដើម​ឆ្នាំនេះ គឺជា​ទិវា​ខួប​លើក​ទី១០ របស់លោក ដេវីដ ប៊ែ​ក​ខេ​ម ដែល​បានទទួល​ភារកិច្ច​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ ហើយ​រូបលោក​រួមទាំង​អង្គការ​នេះ​បាន​បង្កើត​នូវ​មូលនិធិ​មួយ​ដែលមាន​ឈ្មោះថា «លេខ៧ មូលនិធិ​ដេវីដ ប៊ែ​ក​ខេ​ម និង​យូ​នី​សេ​ហ្វ»(http://www.7.org) ដើម្បី​ជួយ​ការពារ​កុមារ​ពី​គ្រោះថ្នាក់។ មូលនិធិ​នេះ​នឹង​គាំទ្រ​ដល់​អង្គការ​យូ​នី​សេ​ហ្វ ឲ្យ​អនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍន៍​ជីវិត​កុមារ​នៅ​ទូទាំង​ពិភពលោក រួមទាំង​កុមារ​រងគ្រោះ​ដោយ​អំពើហិង្សា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

David Beckham ធ្លាប់បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ចំនួន១១៥ប្រកួត​ចាប់ពី​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០០៩ ហើយក៏​ជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប Manchester United, Real Madrid, La Galaxy, AC Milan និង Paris Saint Germainផងដែរ។

យោងតាម​កាសែត​បារាំង Le360.ma Beckham ត្រៀម​ប្រឡូក​ខ្លួន​ក្នុង​វិស័យ​ភាពយន្ត​នា​ឆ្នាំ២០១៦ខាងមុខ ក្រោម​ការដឹកនាំ​របស់​លោក Guy Ritchnieដែលជា​មិត្ត​ភ័ក្ត្រ​របស់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com