ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ៖ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​អាចមាន ២ រូប និង..............
18, Jun 2015 , 12:09 pm        
រូបភាព
ដោយ:
ខណៈ​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ខ្លះ​លើកឡើងថា អនាគត​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​អាចមាន ២ រូប ពោល​គឺមាន​អនុប្រធាន​ទី ១ និង​អនុប្រធាន​ទី ២ នោះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត ក៏​មិនបាន​ច្រាន​ចោល​​ការលើកឡើង​នោះដែរ ដោយ​លោក​គ្រាន់តែ​ចង់​ឲ្យ​អ្នក​ទាំងនោះ រង់​ចាំមើល​លទ្ធផល​នៃ​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​បក្ស​សិន ។



លោក សុខ ឥសាន្ត ក៏​ថ្លែង​បែប​មិន​ច្បាស់​ដែរថា អនាគត​អនុប្រធាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹងមាន ២ រូប ឬមួយ​រូប​នោះទេ? លោក​ថា អនុប្រធាន​បក្ស​មាន​ពីររូប ឬមួយ​រូបនោះ វា​អាស្រ័យ​ទៅតាម​ការបោះឆ្នោត​សម្រេច​របស់​អង្គ​មហាសន្និបាត​នៅ​ថ្ងៃទី ២០ ខែមិថុនា ខាងមុខ។ មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗយ៉ាងនេះ​ថា៖« ខ្ញុំ​ថា វា​ដូចជា​លឿន​ពេក​នៅពេលដែល​យើង​និយាយថា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹងមាន​ពីររូប​នោះ។ យើង​ត្រូវ​រង់ចាំ​ការបោះឆ្នោត​របស់​អង្គសន្និបាត​ជាមុនសិន។ អនុប្រធាន​អាចមាន ២ រូប​ឬមួយ​រូប​ទៅតាម​អង្គសន្និបាត។ ខ្ញុំ​មិន​ច្បាស់​ទេ »។

ទន្ទឹមនឹងនេះ លោក សុខ ឥ​សាន្ត ក៏​នៅ​មិនទាន់​អាច​បញ្ជាក់​បានដែរ​ថា បេក្ខជន​ដែល​នឹងត្រូវ​ឈរឈ្មោះ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹងមាន​ប៉ុន្មាន​រូបនោះ​ដែរ? លោក​ថា ចំនួន​បេក្ខជន​ដែល​ឈរឈ្មោះ​នោះ នឹងត្រូវ​ឆ្លងកាត់​តាម​កា​រស​ម្រ​ច​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស​ជាមុនសិន។ «គណៈកម្មាធិការ​អចិន្ត្រៃយ៍​នឹង​បើក​កិច្ចប្រជុំ​មុន​ថ្ងៃ​មហាសន្និបាត ហើយ​ស​ម្រ​ចរើស​បេក្ខជន ដើម្បី​ឈរឈ្មោះ​ឲ្យ​អង្គសន្និបាត​បោះឆ្នោត​រើស» ។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ខាងលើ។

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មានថ្មីៗ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លងទៅ លោក អ៊ូ វីរៈ ដែលជា​អ្នកវិភាគ​នយោបាយ និយាយថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹងមាន​អនុប្រធាន​គណបក្ស​ចំនួន ២ រូប។ លោក​ថា អនុប្រធាន ២ រូប វា​គឺជា​សញ្ញា​ល្អ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​វា​ក៏​ជា​សារ​មួយ​ប្រាប់​​ទៅ​អ្នកគាំទ្រ​បក្ស​ខ្លួន​ដែរថា ក្រោយ​មរណភាព​របស់​លោក ជា ស៊ីម ផ្ទៃក្នុង​បក្ស​មិនមាន​អ្វី​ប្រែប្រួល​នោះទេ តែ​ផ្ទុយទៅវិញ គឺមាន​តែ​ភាព​ល្អូកល្អិន​ជាមួយគ្នា។

បើតាម​លោក សុខ ឥ​សាន្ត តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ពី​លោក ជា ស៊ីម គឺ​ប្រាកដ​ណាស់​ថា នឹង​ធ្លាក់​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ការប្រកាស​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​បក្ស ដោយ​មិនចាំបាច់​បោះឆ្នោត​ជ្រើសរើស​នោះទេ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បញ្ជាក់​ថា៖ «រឿងនេះ សម្តេច បានប្រកាស​តាំងពីដើម​រៀងមក​ហើយ​ថា បើ​សម្តេច ជា ស៊ីម មរណកាល​ទៅ គឺ​សម្តេច​ធ្វើជា​ប្រធាន»៕



© រក្សាសិទ្ធិដោយ thmeythmey.com