ជាតិ
បទវិភាគ
ជ្រុងមួយនៃបញ្ហាចរាចរណ៍៖ ការរិះគន់ស្ថាបនា
× ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកាន់តែកើនឡើងជាលំដាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ យោងតាមព័ត៌មានពីស្ថាប័នជំនាញ ជាមធ្យម មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ពី៨ទៅ៩នាក់ក្នុងមួយថ្ងៃ ដែលពេលមុននេះ អ្នកស្លាប់មានត្រឹមតែពី៥ទៅ៦នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍មានច្រើនណាស់ ដូចជា ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង, ការបើកបរលើសល្បឿនកំណត់, ការបើកបរដោយបំពានស្លាកសញ្ញាចរាចរណ៍ ព្រហើន និងគ្មានការអនុគ្រោះ, ការបើកបរដោយខ្វះជំនាញ, ការផ្ទុកអ្នកដំណើរលើសចំនួនកំណត់ ឬអីវ៉ាន់លើសកម្រិតសុវត្ថិភាព, ការចរាចររថយន្តគ្មានសុវត្ថិភាពលើដងផ្លូវសាធារណៈ, ការបើកបរដោយមិនគោរពសីលធម៌និងច្បាប់ចរាចរណ៍ ជាដើម។ ក្រៅពីនេះ នៅមានមូលហេតុជាច្រើនទៀត ដូចជា ការឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន, កង្វះស្ពានអាកាសសម្រាប់ផ្លូវកាត់គ្នា គ្មានស្ពានអាកាសសម្រាប់ថ្មើរជើងឆ្លងផ្លូវ និង មាននិទណ្ឌភាពលើបទល្មើសចរាចរណ៍ ជាដើម។
ក្នុងចំណោមបញ្ហាផ្សេងៗទៀត ដែលបណ្ដាលឱ្យពលរដ្ឋកម្ពុជារងគ្រោះ ដូចជា ជំងឺអេដស៍, គ្រឿងញៀន, គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ម្ហូបអាហារគ្មានសុវត្ថិភាព, ការឆ្លងដែនទាំងប្រថុយប្រថាន, និងអំពើឆក់ ប្លន់ ។ល។ គ្រោះថ្នាក់ចរាចរណ៍ គឺជាបុព្វហេតុធំជាងគេបំផុត ដែលបណ្ដាលឱ្យពលរដ្ឋកម្ពុជា ខាតបង់ទ្រព្យសម្បត្តិ រងរបួស និងបាត់បង់ជីវិតងាយជាងគេនិងច្រើនជាងគេបំផុត។ ពេលដែលយើងអានកាសែត ស្ដាប់វិទ្យុ មើលទូរទស្សន៍ និងតាមដានព័ត៌មានតាមបណ្ដាញសង្គម និងសារព័ត៌មានអេឡិចត្រូនិក យើងតែងតែបានឃើញព័ត៌មានស្ដីអំពីគ្រោះថ្នាក់ចរាចរណ៍មានលក្ខណៈលេចធ្លោជាងគេបំផុត។ ពេលខ្លះ រូបភាពនៃការរងរបួស ការស្លាប់ និងការខូចខាត មានសភាពធ្ងន់គួរឱ្យរន្ធត់ តក់ស្លុត និងក្ដុកក្ដួលឥតឧបមា ស្ទើរតែមិនហ៊ានមើល។
ក្រៅពីការបង្កគ្រោះថ្នាក់ ដែលធ្វើឱ្យមនុស្សរងរបួស ស្លាប់ និង ខាតបង់ទ្រព្យសម្បត្តិ ការកកស្ទះចរាចរណ៍ក៏តែងតែកើតមានជាបន្តបន្ទាប់ ជាពិសេស នៅរាជធានីភ្នំពេញ និង ទីប្រជុំជនមួយចំនួន។ ជាការឆ្លើយតប រាជរដ្ឋាភិបាល ជាពិសេស ក្រសួងសាធារណការនិងដឹកជញ្ជូន បានខិតខំជួសជុលផ្លូវ ស្ពាន ពង្រីកផ្លូវ សង់ផ្លូវនិងស្ពានថ្មីបន្ថែម សង់ស្ពានអាកាសសម្រាប់រថយន្ត ព្រមទាំងបំពាក់សញ្ញាចរាចរណ៍ ភ្លើងចរាចរណ៍ គំនូសចរាចរណ៍ និង របាំងបែងចែកផ្លូវ ជាដើម។ រីឯនគរបាលចរាចរណ៍វិញ ក៏បានខិតខំប្រឹងប្រែងពង្រឹងសមត្ថកិច្ចរបស់ខ្លួនដែរក្នុងនាមអ្នកទទួលខុសត្រូវផ្ទាល់លើបញ្ហាចរាចរណ៍តាមដងផ្លូវ។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏យើងបានសង្កេតឃើញថានៅមានចំណុចខ្សោយមួយចំនួនដែលត្រូវកែល្អនិងយកចិត្តទុកដាក់បន្ថែមទៀត ដូចជា៖
1. ចំនួននគរបាលចរាចរណ៍នៅមានកំណត់ មិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមបាន
2. ការប្រឹងប្រែង ការគោរពវិន័យ ការគោរពច្បាប់ ឆន្ទៈ និងសីលធម៌វិជ្ជាជីវៈរបស់នគរបាលចរាចរណ៍ នៅមានកម្រិតទាបនៅឡើយ
3. នៅមាននិទណ្ឌភាព និងការសម្របសម្រួលក្រៅច្បាប់ចំពោះករណីបទល្មើសចរាចរណ៍ធ្ងន់ៗ ដែលធ្វើឱ្យជនល្មើសមិនរាងចាល
4. សាលាបើកបរមួយចំនួននៅតែបន្តលួចផ្ដល់បណ្ណបើកបរឱ្យមនុស្សមួយចំនួន ដែលមិនបានឆ្លងកាត់ការរៀនបើកបរត្រឹមត្រូវតាមនិយាមបច្ចេកទេសនិងការកំណត់របស់ច្បាប់ចរាចរណ៍
5. ពលរដ្ឋកម្ពុជាភាគច្រើន មិនគោរពច្បាប់ចរាចរណ៍ មិនមានការអត់ធ្មត់ក្នុងការធ្វើចរាចរណ៍ មិនមានការអត់ឱន និងមិនមានក្ដីមេត្តាក្នុងកំហុសឆ្គងលើការធ្វើចរាចរណ៍
6. កង្វះស្ពានអាកាសសម្រាប់ផ្លូវកាត់គ្នា ទាំងសម្រាប់រថយន្ត ទាំងសម្រាប់ថ្មើរជើងឆ្លងកាត់
7. កង្វះភ្លើងបំភ្លឺនៅតាមតំបន់ដែលមានបរិស្ថាន ឬស្ថានភាពផ្លូវស្មុគស្មាញ ដូចជា ផ្លូវឆ្លងកាត់តំបន់ភ្នំ ជាដើម
8. កង្វះភ្នាក់ងារនគរបាលចរាចរណ៍ចល័តនិងប្រចាំការ នៅតាមតំបន់ដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់
9. មានការអនុញ្ញាតនិងការបណ្ដោយមានការលក់ដូរ ឬផ្សារ, សិប្បកម្ម, រោងចក្រ សហគ្រាស និងឃ្លាំងផ្ទុកអីវ៉ាន់ នៅជាប់ដងផ្លូវដែលមានចរាចរណ៍មមាញឹក ជាដើម។
ជាសំណូមពរ និងដំណោះស្រាយ យើងសូមឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាក់ព័ន្ធ ពិនិត្យលទ្ធភាព ពិចារណា កែលម្អចំណុចទាំងប្រាំបួន ដែលបានលើកឡើងខាងលើ។ ជាអាទិភាពទី១ គួរចាប់ផ្ដើម សាងសង់ស្ពានអាកាសសម្រាប់ថ្មើរជើងឆ្លងផ្លូវ នៅរាជធានីភ្នំពេញ និងទីប្រជុំជនមួយចំនួនទៀត ដែលអាចជួយបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងជារៀងរាល់ថ្ងៃ ជាពិសេស ចំពោះកុមារ សិស្សសាលា និស្សិត កម្មករ កម្មការនី ចាស់ជរា ស្ដ្រីមានផ្ទៃពោះ និងជនពិការ។ អាទិភាពទី២ ត្រូវបំពាក់ភ្លើងបំភ្លឺនៅតាមតំបន់ដែលមានបរិស្ថាន ឬស្ថានភាពផ្លូវស្មុគស្មាញ និងពង្រាយភ្នាក់ងារនគរបាលចរាចរណ៍ចល័តតាមដងផ្លូវ និងប្រចាំការនៅតាមតំបន់ដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។ អាទិភាពទី៣ គឺត្រូវបញ្ចៀសកុំមានការលក់ដូរ, មានផ្សារ, សិប្បកម្ម, រោងចក្រ សហគ្រាស និងឃ្លាំងផ្ទុកអីវ៉ាន់ នៅជាប់ដងផ្លូវដែលមានចរាចរណ៍មមាញឹក ព្រមទាំងពង្រឹងការគោរពច្បាប់ចរាចរណ៍និងសណ្ដាប់ធ្នាប់នៅតាមដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ។ លើសពីនេះ ត្រូវដោះស្រាយបញ្ហាផ្សេងៗទៀតជាបន្តបន្ទាប់ ដូចដែលបានលើកឡើងខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com