ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​មូលដ្ឋាន​របស់​ក្រុម​លោក យ៉ង សាំង​កុមារ និង​លោក កែម ឡី ស្ថិតនៅ​ភាពមិន​ច្បាស់?
21, Jun 2015 , 11:00 am        
រូបភាព
លោក យ៉ង សាំងកុមារ (ឆ្វេង) និងលោក កែម ឡី
លោក យ៉ង សាំងកុមារ (ឆ្វេង) និងលោក កែម ឡី
គណបក្ស«ប្រជាធិបតេយ្យ​តាម​មូលដ្ឋាន» របស់​ក្រុម​លោក កែម ឡី និង​លោក យ៉ង សាំង​កុមារ មិនទាន់​កំណត់ពេល​ច្បាស់លាស់​នៅឡើយ​ទេ ក្នុងការ​ដាក់សំណើរ​ទៅកាន់​ក្រសួងមហាផ្ទៃ។ លោក សាម អ៊ី​ន ជា​ស្ថាបនិក​មួយរូប​នៃ​ក្រុម​បណ្ដាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ ដែល​កំពុង​រក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន បាន​បញ្ជាក់ថា ក្រុម​របស់លោក កំពុង​សកម្ម​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​រៀបចំ​ដំណើរការ​បង្កើត​បក្ស«ប្រជាធិបតេយ្យ​តាម​មូលដ្ឋាន»នាពេលខាងមុខ។



រហូតមកដល់​ពេលនេះ​គណបក្ស​មូលដ្ឋាន​ដែល​ម​ជ្ឍ​ដ្ឋា​ន​ទូទៅ​កំពុង​តាមដាន និង​ទន្ទឹង​រងចាំ​មើល​នោះ ត្រូវបាន​លោក សាម អ៊ី​ន បន្ថែមថា ក្រុមការងារ​លោក​កំពុង​ជ្រើសរើស​អ្នកមាន​សមត្ថភាព​តំណាង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ដើម្បី​ពង្រឹង​បក្ស និង​រៀបចំ​គោលការណ៍​គណបក្ស​ឲ្យ​បាន​រួចរាល់​ជាមុនសិន។ ឆ្លើយ​នឹង​សំនួ​រថា តើ​គណបក្ស​មូលដ្ឋាន​នេះ អាចបង្កើត​ឡើង​ដូច​ការគ្រោងទុក​នោះទេ? មន្ត្រី​សម្របសម្រួល​រូបនេះ ឆ្លើយតប​វិញ​ថា បើ​ក្រុមការងារ​របស់​លោកមា​ន​ការសម្រេច និង​រៀបចំ​តាម​មូលដ្ឋាន​ហើយ​នោះ យ៉ាងយូរ​នៅ​ចុងខែ​សីហា ឬ​ដើមខែ​កញ្ញា បណ្ដាញ​សង្គម​របស់លោក​នឹង​ជូនដំណឹង​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ចុះឈ្មោះ​បង្កើត​បក្ស​មូលដ្ឋាន​នេះ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗកាលពី​ថ្ងៃ​សៅរ៍ ស្ថាបនិក​បណ្ដាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​រូបនេះ​បាន​រៀបរាប់​ពី​ដំណើរ​ការត្រៀម​បង្កើត​បក្ស​មូលដ្ឋាន​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា៖«នៅពេលនេះ​យើង​បាន​ជួបពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន១០ឃុំ​ហើយ។ ហើយ​យើង​កំពុង​ពិភាក្សា​រៀបចំ​គោលការណ៍​បក្ស រៀបចំ​តំណាង​ប្រជាពលរដ្ឋ​ដែលមាន​សមត្ថភាព មានចំណេះដឹង​អាច​ទុកចិត្តបាន​តាម​មូលដ្ឋាន។ ហើយ​យើង​ពិភាក្សា​បង្កើត​ស្លាក​គណបក្ស និង​ការសម្រេច​ស្រុះស្រួល​គ្នា​សិន»។

កន្លងមក​លោក យ៉ង សាំង​កុមារ អះអាងថា គម្រោង​បង្កើត​គណបក្ស​មូលដ្ឋាន​របស់​ក្រុម​លោក នៅតែ​បន្តទៅ​មុខជា​និច្ច។ លោក សាំង​កុមារ ធ្លាប់​បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗថា គណបក្ស​របស់​ក្រុម​លោក​គ្រោង​បង្កើត​កាលពី​ខែមេសា តែ​ត្រូវ​ពន្យា​ពេល នៅត្រឹម​ចុងខែ​មិថុនា និង​ដើមខែ​កក្កដា ឆ្នាំ ២០១៥នេះ។ នៅតែ​ពេលនេះ​លោក សាម អ៊ី​ន ស្ថាបនិក​បណ្ដាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ បញ្ជាក់​ជាថ្មី​ថា បក្ស​មូលដ្ឋាន​របស់លោក​នឹង​លេចចេញ​ជា​រូបរាង នៅត្រឹម​ចុងខែ​សីហា ឬ​ដើមខែ​កញ្ញា។ តើ​គណបក្ស​មូលដ្ឋាន​របស់​ក្រុម​លោក យ៉ង សាំង​កុមារ និង​លោក កែម ឡី​នេះ អាច​លេចចេញ​ជា​រូបរាង​ដែរ​ទេ? ឬក៏​គណបក្ស​មូលដ្ឋាន​នេះ​ត្រូវការ​ពេលវេលា​សិន?៕



© រក្សាសិទ្ធិដោយ thmeythmey.com