ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខណ្ឌទួលគោក៖ ច្រកចេញចូល​តែមួយ សាង​បរិយាកាស​ស្អាតស្អំ
13, Oct 2015 , 10:30 am        
រូបភាព
ខណ្ឌទួលគោក គឺជា​ទីតាំង​មួយ ក្នុងចំណោម​ខណ្ឌ​មួយចំនួនទៀត ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ខណ្ឌ​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវអនុវត្ត​គោលនយោបាយ «ច្រកចេញចូល​តែមួយ»។ ការិយាល័យ​ច្រកចេញចូល​តែមួយ បាន​ផ្លាស់ប្តូរ​ទិដ្ឋភាព​អវិជ្ជមាន​មួយចំនួន។ គ្មាន​ទៀតឡើយ ការិយាល័យ​ដែល​គ្មាន​មនុស្ស​ធ្វើការ គ្មាន​ទៀតឡើយ​ភាពរ​ញេ​រ​ញ៉ៃ​នៃ​ការ​តថ្លៃ​តម្លៃ​សេវាសាធារណៈ​ជា​ចំហ។



ម៉ោង​ប្រមាណ៨ព្រឹក មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​ប្រមាណ១០នាក់​បានមក​ដល់​អគា​រ​ធំ​មួយ​កំពស់២ជាន់ ដែលមាន​ឆ្លាក់​អក្សរ​ខ្មែរ និង​អង់គ្លេស ជា​ស៊ីម៉ង់​លាប​ពណ៌​ខៀវ​នៅលើ​ដំបូល​អគារ​ថា «ការិយាល័យ​ច្រកចេញចូល​តែមួយ» និង «One window service office»។ ជា​អគារ​ដែលមាន​លាប​ពណ៌​ពងមាន់ ស្ថិតនៅក្នុង​បរិវេណ​ដ៏​ចង្អៀត​នៃ​សាលាខណ្ឌ​ទួលគោក នៅលើ​វិថី​ទេព​ផន។

មិនមែន​មានតែ​ពលរដ្ឋ​ប្រមាណ១០នាក់​នោះទេ ពលរដ្ឋផ្សេងៗទៀត​បាន​មកដល់​បន្ត​បន្ទាប់​គ្នា ដើម្បី​រក​សេវារៀងៗខ្លួន។ អ្នកខ្លះ​បញ្ជាក់​សញ្ញាបត្រ អ្នក​ខ្លះមក​ធ្វើ​ស្លាក​លេខ​ម៉ូតូ អ្នកខ្លះ​ទៀត​មក​ស្នើសុំ​ច្បាប់​បើក​អាជីវកម្មផ្សេងៗ ។ ជា​ការិយាល័យ​ការងារ ដែល​មើលទៅ​ហាក់​មាន​វិន័យ​យ៉ាង​ត្រឹមត្រូវ។ មន្ត្រីម្នាក់ៗអង្គុយ​បំពេញការងារ​តាម​តួនាទីរៀងៗខ្លួន នៅ​ខាងក្រោយ​ផ្ទាំង​កញ្ចក់​ដ៏​ធំ​មួយ ដែល​ខណ្ឌ​ចែក​បន្ទប់​ជា​ពីរ។ ពលរដ្ឋ​ដែល​មករក​សេវា ក៏​ហាក់​យល់ដឹង និង​ស្គា​ល់ពី​នីតិវិធី​នៃ​ការស្នើ​រក​សេវា។ ពួកគេ​ឈរ​តម្រង់​ជួរ​នៅមុខ​កញ្ចក់​ចោះ​ប្រហោង​ធំ​មួយ​ដែល​ជួយ​អ្នក​មករក​សេវា និង​មន្ត្រី​បាន​និយាយ​ស្តាប់​គ្នា​ឮ ហើយក៏​សុំ​ឯកសារ​ដើម្បី​បំពេញ​រក​សេវា​ដែល​ពួកគេ​ចង់បាន។

រីករាយ​នឹង​សេវាកម្ម​សាធារណៈ​ថ្មី
នេះ​ជា​ទិដ្ឋភាព​ថ្មី​នៃ​ដំណើរការ​ការងាររដ្ឋបាល​ថ្នាក់មូលដ្ឋាន​នៅក្នុង​ខណ្ឌទួលគោក ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ ពោលគឺ​ចាប់តាំងពី ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ បាន​បើកទ្វារ​បម្រើ​ពលរដ្ឋ​តាំងពី​ខែមេសា​ឆ្នាំ២០១៤មក។

មន្ត្រី​ជំនាញ២០រូប​ដែល​សុទ្ធតែ​ទទួលបាន​ការបណ្តុះបណ្តាល​ដើម្បី​អនុវត្ត​ការងារ​ច្រកចេញចូល​តែមួយ​នេះ កំពុងតែ​មមាញឹក​នឹង​ការងារ​ទាំង១១ផ្នែក ដែលមាន​សេវាកម្ម​ទាំងអស់១៩៣ សេវា។
ច្រកចេញចូល​តែមួយ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​ផ្តល់​សេវា​ដោយ​ប្រសិទ្ធភាព និង​គ្មាន​អំពើពុករលួយ​ដល់​ពលរដ្ឋ។ ក្នុងនាម​ជា​ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​ខណ្ឌទួលគោក លោក ឌី សុវណ្ណ​រតនៈ បានបង្ហាញ​មោទនភាព​ចំពោះ​បរិយាកាស​ការងារ​ថ្មី និង​រស់​រវើក​ក្នុង​សកម្មភាព​បម្រើ​ពលរដ្ឋ។ អ្នកទទួលខុសត្រូវ​រូបនេះ​ពន្យល់ថា មន្ត្រី​ទាំង២០រូប​អង្គុយ​ធ្វើការ​នៅ​កន្លែង​តែមួយ​ដោយ​គោរព​ទៅតាម​នីតិវិធី​ការងារ​យ៉ាង​ច្បាស់លាស់ ហើយ​ថា​ពួកគេ​គ្មាន​ឱកាស​ប្រព្រឹត្តិ​អំពើពុករលួយ​នោះឡើយ។ ចំពោះ​ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ​រូបនេះ គ្មាន​ឡើយ​ការ​សូកប៉ាន់ ឬ​ការបង់ថ្លៃ​សេវា​បន្ថែម​ដើម្បី​ទទួលបាន​សេវា​លឿន​ជាង​ធម្មតា​នោះ។ លោក ឌី សុវណ្ណ​រតនៈ អះអាង​យ៉ាង​ដូច្នេះ ពីព្រោះ​លោក​អាច​គ្រប់គ្រង​មន្ត្រី​ក្រោ​ឱវាទ​របស់លោក​បាន​ដោយផ្ទាល់។ ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ មិនមាន​បន្ទប់​ការិយាល័យ​ផ្ទាល់ខ្លួន​ដាច់ដោយឡែក​ឡើយ។ តុ​ធ្វើការ​របស់​ប្រធានការិយាល័យ​នេះ គឺ​នៅក្នុង​ចំណោម​តុ​មន្ត្រី​ជាច្រើនរូប​ទៀត នៅក្នុង​បន្ទប់​ធំ​ល្មម​មួយ។ អង្គុយ​នៅ​តុ​ការិយាល័យ​ដែលមាន​តម្កល់​ឯកសារ​ជាច្រើន លោក សុវណ្ណ​រតនៈ បញ្ជាក់ប្រាប់យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​អាច​ឃើញ​ពួកគេ​បំពេញការងារ​ដោយផ្ទាល់​ភ្នែក​របស់ខ្ញុំ។ ការងារ​របស់​ពួកយើង​មាន​រចនាសម្ព័ន្ធ និង​ដំណាក់កាល​របស់​វា​ច្បា​ល់លា​ស់។ យើង​សប្បាយ​ចិត្តនឹង​ការងារ​ទាំងនេះ ព្រោះ​យើង​បាន​ជួប​ពលរដ្ឋ​ដោយផ្ទាល់ ហើយ​ពួកគេ​ក៏បាន​សាទរ និង​កោតសរសើរ​ពួកយើង សម្រាប់​របៀប​នៃ​ការធ្វើការងារ​ថ្មី​នេះដែរ»។

សេវាកម្ម​ជិត២០០សេវា​នៅ​កន្លែង​តែមួយ។ តម្លៃ​នៃ​សេវាកម្ម​ទាំងអស់​សុទ្ធតែ​ត្រូវបាន​បិទ​ផ្សាយ​ជា​សាធារណៈ​នៅមុខ​អគារ​ការិយាល័យ។ ពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី មិនតិចជាង៥០នាក់​ទេ​ដែល​បាន​មករក​សេវាផ្សេងៗ ជា​រៀងរាល់ថ្ងៃ​នៅក្នុង​អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​ខណ្ឌទួលគោក។

កំពុង​អង្គុយ​បំពេញបែបបទ​ធ្វើ​ស្លាក​លេខ​ម៉ូតូ អ៊ំ​ប្រុស ជួប សន វ័យ៦២ឆ្នាំ បាន​ថ្លែង​ដោយ​ក្លៀវក្លា និង​ឥត​រួញរា​ឡើយ​ថា សេវាកម្ម​ធ្វើ​ស្លាក​លេខ​ម៉ូតូ​នៅក្នុង​ខណ្ឌទួលគោក​នេះ ចំណាយ​ថវិកា​តិច ពេលវេលា​តិចជាង​ពេលដែល​លោក​ធ្លាប់​រក​សេវា​នេះ​នៅ​មន្ទីរ​សាធារណការ​រាជធានី។ អ៊ំ​ប្រុស ជួប សន បាន​និយាយ​ក្នុង​សំឡេងខ្លាំងៗថា គាត់​មិនបាន​បង់ប្រាក់​លើសពី​តម្លៃ៧៨០០០រៀល ដែល​ត្រូវបាន​បិទ​នៅលើ​តារាង​តម្លៃ​សេវាសាធារណៈ​នោះឡើយ។ «មន្ត្រី​របស់​រដ្ឋ​ត្រូវ​បម្រើ​រា​ស្ត។ មិនមែន​មក​គាបសង្កត់​ទារលុយ​ពី​ប្រជាពលរដ្ឋ​នោះ​ទ‍េ»។ អ៊ំ សន បន្ទរ​បន្ថែម។

នៅ​មិន​ឆ្ងាយ​ពី​អ៊ំ​ប្រុស​រូបនេះ និស្សិត ឆេង ម៉េង​លី នៃ​វិទ្យាស្ថាន​វ៉ាន់ដា ទើបតែ​បញ្ចប់​ការបញ្ជាក់​សញ្ញាបត្រ​រប​ស់​ខ្លួន។ និស្សិត​រូបនេះ​ក៏​និយាយ​ទទួលស្គាល់ថា សេវា​នៅ​ច្រកចេញចូល​តែមួយ​នេះ លឿន​ជាង និង​ល្អ​ជាង សេវា​នៅ​សាលា​រាជធានី​ភ្នំពេញ។ បើទោះជា​មានការ​បិទ​ផ្សាយ​តារាង​តម្លៃ​ជា​សាធារណៈ​ក៏ដោយ និស្សិត​រូបនេះ នៅតែ​និយាយ​ស្នើ​ឲ្យ​មន្ត្រី​នៅក្នុង​ការិយាល័យ​ច្រកចេញចូល​តែមួយ ត្រូវ​មានចិត្ត​ស្មោះត្រង់​ថែមទៀត ចំពោះ​ពលរដ្ឋ​ដូច​រូបលោក ដែល​មិនបាន​ចាប់អារម្មណ៍​អាន​តារាង​តម្លៃ ហើយ​ចូល​ទៅរក​សេវា​តែ​ម្តងនោះ។ «ខ្ញុំ​ទើប​មក​ទីនេះ​ជា​លើកដំបូង។ ខ្ញុំ​មិនដឹងថា តម្លៃ​បញ្ជាក់​សញ្ញាបត្រ​តម្លៃ​មួយ​សន្លឹក១០០០រៀល​អ៊ីចឹង​ទេ។ ធម្មតា​បើ​មន្ត្រី​ខិលខូច​ប្រាប់​ឲ្យ​បង់លុយ២០០០រៀល ក៏​ខ្ញុំ​ឲ្យ​ដែរ ព្រោះ​យើង​មិនអាច​តថ្លៃ​ដូច​នៅ​ផ្សារ​នោះទេ»។ នេះ​ជាការ​លើកឡើង​របស់ យុវជន ម៉េង​លី។

ការលើកឡើង​របស់ ម៉េង​លី គឺជា​រឿង​ត្រឹមត្រូវ​មួយ។ មន្ត្រី​ឆ្លៀតឱកាស​នៅទីណា​ក៏មាន។ នៅក្នុង​ច្រកចេញចូល​តែមួយ​នៃ​ខណ្ឌទួលគោក​នេះ​ក៏មាន។ អំពើពុករលួយ មិនមែន​មានន័យថា លុះត្រាតែ​មន្ត្រី​សុំ​លុយ​ថវិកា​ក្រៅផ្លូវការត្រង់ៗ ទើប​ហៅថា ករណី​ពុករលួយ​នោះទេ។ ការដែល​អ្នកស្រី រី​ម៉ា ដែល​មក​ទទួល​សេវា​ធ្វើ​ស្លាក​លេខ​ម៉ូតូ ហើយ​បានផ្តល់​កម្រៃ​លើស​តម្លៃ​សេវា​ផ្លូវការ ដោយ​ចាត់ទុកថា ជាស​គុណ ឬ​ជា​ទឹកចិត្ត ហើយ​មន្ត្រី​បាន​ព្រម​ទទួលយក​នោះ វា​ក៏​ជា​ករណី​ពុករលួយ​ដែរ។ អ្នកស្រី​បញ្ជាក់ប្រាប់​ថា លុយ​ដែល​អ្នកស្រី​ឲ្យ​លើស​នោះ គឺ​អ្នកស្រី​ចាត់ទុកជា«ទឹកចិត្ត​របស់គាត់ ជូន​ដល់​មន្ត្រី​ដែល​ខិតខំ​បម្រើសេវា​កម្ម​ជូន​គាត់»។ ស្ត្រី​រូបនេះ​មិនបាន​ដឹង​ទេ​ថា លុយ​ដែលជា​ទឹកចិត្ត​របស់គាត់ គឺជា​ការប្រព្រឹត្តិ​អំពើពុករលួយ​នោះទេ។ អ្នកស្រី រី​ម៉ា បញ្ជាក់ថា៖«ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​រៀន​បាន​តិច។ ខ្ញុំ​មិនដឹង​ស្អី​ពុករលួយ មិន​ពុករលួយ​ទេ ព្រោះ​កាលពីមុន​ក៏​ធ្លាប់​ឲ្យ​ទៅ​ពួកគាត់​អ៊ីចឹង​ដូចគ្នា»។

ពលរដ្ឋ​ខ្លះ​បង្ខំ​ឲ្យ​មន្ត្រី​យកប្រាក់​សគុណ
លោក សុខ មុនី​ឧ​ត្ត​ម មន្ត្រី​មួយរូប​ដែល​ធ្លាប់​បានដឹង និង​បានទទួល​ការបណ្តុះបណ្តាល​ទាក់ទង​នឹង​អំពើពុករលួយ មុនពេល​ដែល​លោក​ចូលមក​បំពេញការងារ​នៅក្នុង​ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ។ មន្ត្រី​ទទួលបន្ទុក​ផ្នែក​និ​ត្យា​នុ​កូ​លកម្ម​បញ្ជាក់ថា ពេល​ផ្តល់​សេវាកម្ម​លោក​មិនដែល​ទារ​ថ្លៃ​សេវា លើសពី​តម្លៃ​ដែល​ត្រូវ​បានកំណត់​ផ្លូវការ​នោះទេ។ លោក​បាន​អះអាងថា សហការី​របស់លោក​ភាគច្រើន​សុទ្ធតែ​បាន​អនុវត្ត​តួនាទី ភារកិច្ច​យ៉ាង​ល្អ។ ប៉ុន្តែ​ក្នុង​រយៈ​កន្លងមកនេះ វា​ធ្លាប់មាន​ករណី​បង្ខំ​ពី​ពលរដ្ឋ។ « ប្រជាពលរដ្ឋ​ខ្លះ​បង្ខំ​មន្ត្រី​ឲ្យ​ទទួល​លុយ​ពី​ពួកគេ ដោយ​ពួកគេ​បញ្ជាក់ថា លុយ​នោះ​ជា​ទឹកចិត្ត។ ពេលខ្លះ មន្ត្រី​មិន​យកលុយ​ទឹកចិត្ត​នោះទេ តែ​ពលរដ្ឋ​បាន​ទុក​លុយ​ទាំងនោះ​ចោល ហើយ​ចាក​ចេញទៅ»។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ ក៏​រំពឹងថា​ពួកគាត់​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែមទៀត ទាក់ទង​នឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នាពេលឆាប់ៗខាងមុខ​ដែរ ដើម្បី​ពួកគាត់​រឹតតែ​យល់ច្បាស់​អំពី​វិធាន​ការដែល​ពួកគាត់​ត្រូវ​ដោះស្រាយ។

អាច​ប្តឹងទៅ​ការិយាល័យ​ពលរដ្ឋ
មិនអាច​មាន​ករណី​មិន​ប្រក្រតី​កើតឡើង ដោយ​គ្មាន​ការដោះស្រាយ​បានឡើយ។ ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ លោក ឌី សុវណ្ណ​រតនៈ បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​បាន​ណែនាំ​ជា​វិន័យ​ដល់​មន្ត្រី​របស់​លោ​ករួ​ច​ហើយ ថា​មិន​ឲ្យ​ពួកគេ​ទារលុយ ឬ​ទទួល​លុយ​ពី​ប្រជាពលរដ្ឋ ហើយ​ក្នុងករណី​មិន​រាងចាល ឬ​មិន​ស្តាប់បង្គាប់ មន្ត្រី​នោះ​នឹងត្រូវ​ដកចេញ​ពី​ក្រុមការងារ​នេះ។

មាន​វិធានការ​បន្ថែមទៀត​ដើម្បី​ប្រឆាំង​ភាពមិនប្រក្រតី​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី។ នោះ​គឺ​ការដាក់​ពាក្យបណ្តឹង នៅ​ការិយាល័យ​ប្រជាជ​ពលរដ្ឋ​ដែលមាន​ទីតាំង​នៅជាប់​ការិយាល័យ​ច្រកចេញចូល​តែមួយ​នោះដែរ។

លោក ម៉ែន គឹ​មង​ន ប្រធានការិយាល័យ​ប្រជាពលរដ្ឋ បាន​ប្រាប់​ឲ្យ​ដឹងថា លោក​បានទទួល​បណ្តឹង​ជាច្រើន​រួចហើយ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំនេះ។ ហើយ​ភាគច្រើន គឺជា​បណ្តឹង​ផ្ទាល់មាត់រ​បស់​ពលរដ្ឋ ដែល​រអ៊ូរទាំ​អំពី​ភាពយឺតយ៉ាវ​នៃ​ការផ្តល់​សេវាកម្ម។ ភាពយឺតយ៉ាវ​នៃ​ការផ្តល់សេវា បើតាម​លោក គឹ​មង​ន គឺ​ករណី​ដែល​និស្សិត​មក​បញ្ជាក់​សញ្ញាបត្រ និង​លិខិតបញ្ជាក់​ការសិក្សា ករណី​ដែល​ពលរដ្ឋ​ចង់បាន​លិខិតបញ្ជាក់​មួយចំនួន​ដើម្បី​ខ្ចីលុយ​ពី​ធនាគារ ជាដើម។ ករណី​ទាំងអស់នេះ ដែល​សុទ្ធសឹងតែ​ជា​ករណី​ប្រញាប់​របស់​ពលរដ្ឋ ហើយ​ដែល​ត្រូវ​ប្រឈម​នឹង​នីតិវិធី​ការងារ​របស់​ច្រកចេញចូល​តែមួយ។ នេះ​ជាការ​ពន្យល់​របស់លោក​ប្រធានការិយាល័យ​ពលរដ្ឋ។

ត្រង់ចំនុច​នេះ ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ​ពន្យល់ថា៖«បញ្ហា​ទាំងនេះ កើតឡើងយូរៗម្តង​ប៉ុណ្ណោះ។ មូល​ហេតុដែល​បណ្តាល​ឲ្យ​យឺតយ៉ាវ អាច​បណ្តាលមកពី​មន្ត្រី​រវល់​ប្រជុំ ឬ​ចុះ​ទៅធ្វើ​ការងារ​តាម​ខេត្ត ឬ​ប៉ះចំ​ថ្ងៃ​ឈប់​ជាប់​គ្នា២ឬ៣ថ្ងៃ។ ហើយ​ព្រោះ​សេវា​ខ្លះ កំណត់៣ថ្ងៃ អាច​ឲ្យ​ពួកគាត់​មក​យក​ឯក​សារបាន ដូចជា​បញ្ជាក់​សញ្ញាបត្រ អត្តសញ្ញាណ​បណ្ណ​ជាដើម»។

បើទោះជា​នៅមាន​ឧបសគ្គខ្លះៗក៏ដោយ វត្តមាន​នៃ​ច្រកចេញចូល​តែមួយ បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទិដ្ឋភាព​ការងារ​ទៅរក​ភាពល្អ​ស្អាតស្អំ នៅ​ថ្នាក់មូលដ្ឋាន​ជាពិសេស​ការបម្រើ​សេវាសាធារណៈ​ពី​អាជ្ញាធរ​ចំពោះ​ពលរដ្ឋ​របស់ខ្លួន។ ភាពស្មុគស្មាញ​នៃ​ការអនុវត្ត​នីតិវិធី​ការងារ គឺជា​បញ្ហា​ពិតមែន​ហើយ ប៉ុន្តែ​យ៉ាងហោចណាស់ ច្រកចេញចូល​តែមួយ​បាន​បង្កើត​បរិយាកាស​កា​រងារ​រដ្ឋបាល​ដ៏​គួរ​ឲ្យ​លើកទឹកចិត្ត និង​សាទរ។ ម៉ោង​រដ្ឋបាល​ដែល​ចាប់ផ្តើម​នៅ​ម៉ោង៧និង៣០នាទី​ព្រឹក គេ​មិនឃើញ​មន្ត្រី​នៅតាម​អាហា​រដ្ឋា​ន​កំពុង​ពិសារ​កាហ្វេ​ដល់​ម៉ោង៩ព្រឹក​ទៀតឡើយ។ គេ​ក៏​មិនឃើញ​ស្នើសុំ និង​ការផ្តល់សេវា​ខ្លះ ប្រព្រឹត្ត​នៅតាម​តុ​កាហ្វេ​ទៀត​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com