ពីនេះ ពីនោះ
ការ​តែង​ខ្លួនឯង អាច​បង្ហាញ​ពី​ចរិតលក្ខណៈ​របស់​អ្នក​ល្អ​ឬ​អាក្រក់
25, Jun 2015 , 8:34 am        
រូបភាព
ដោយ: ថ្មីៗ

សម្លៀកបំពាក់ និង​គ្រឿង​តែងខ្លួន អាចធ្វើ​ឲ្យ​បុគ្គលិកលក្ខណៈ​របស់​អ្នក​ល្អ​ឬ​អាក្រក់​បាន។ មនុស្ស​ជាច្រើន​អាច​មើលថា ការ​មាន​សម្លៀកបំពាក់ គ្រឿង​តែង​កាយល្អៗ គឺ​ត្រូវ​ប្រើ​លុយ​ច្រើនណាស់។ ជាការ​ពិត ប៉ុន្តែ​អ្នក​ត្រូវមាន​សម្លៀកបំពាក់ល្អៗ ១ឬ២ឈុត​ក៏បាន​ដែរ។ អ្នក​មិនចាំបាច់​ថា គ្រប់​ឈុត​ដែល​ប្រើ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ត្រូវតែ​មានតម្លៃ​ថ្លៃ​នោះទេ។ គោលការណ៍ងាយៗនៃ​ការ​តែងខ្លួន​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​បុគ្គលិកលក្ខណៈ​ល្អ គឺ​ត្រូវ​គិតថា អ្នក​កំពុង​ទៅ​ទីណា? អ្នក​កំពង់​ធ្វើ​អ្វី? ដើម្បី​អាច​ជ្រើសរើស​សម្លៀកបំពាក់ និង​គ្រឿង​តែង​កាយ​ឲ្យ​បាន​សមរម្យ​ទៅតាម​កាលៈទេសៈ​នោះ។ អ្វីដែល​សំខាន់ គឺ​សម្លៀកបំពាក់​ត្រូវតែ​ស្អាតបាត សុភាពរាបសា អ៊ុត​ឲ្យ​រាប មិ​ធុំក្លិន​អាក្រក់។ ល។ ខាងក្រោម​នេះ​ជា​លក្ខណៈ​នៃ​ការ​តែងខ្លួន​របស់​នារី​និង​បុរស។



ការ​តែងខ្លួន​សម្រាប់​សុភាពនារី៖
១) មិនគួរ​បណ្តោយ​ឲ្យ​សក់​ក្បាល​កន្ទ្រើង​នោះទេ គឺ​ត្រូវតែ​ឲ្យ​ស្អាត គ្មាន​អង្គែ និង​គ្មាន​ក្លិន​មិនល្អ ហើយ​ប្រដាប់​ចង់​សក់ គួរតែ​ពណ៌ចាស់ៗ ដូចជា៖ ពណ៌​ខ្មៅ ពណ៌​ត្នោត ឬ​ពណ៌​ទឹកប៊ិច​ជាដើម។
២) តុបតែង​មុខ​ឲ្យ​ស៊ី​នឹង​សម្លៀកបំពាក់ មិនគួរ​បណ្តោយ​ឲ្យ​មុខខ្លាញ់ និង​មិនត្រូវ​តុបតែង​មុខ ដោយ​ពណ៌​ឆើតឆាយ​ពេក​នោះទេ។
៣) សម្លៀកបំពាក់​ត្រូវ​ឲ្យ​សមគួរ​ទៅនឹង​កាលៈទេសៈ ស្រស់ស្អាត សម​នឹង​សម្បុរ មិន​ធុំក្លិន និង​មិន​ជ្រួញ។
៤) ត្រូវ​ពាក់អាវ​ឲ្យ​សមល្មម​នឹង​តួខ្លួន គឺ​មិនត្រូវ​ធំ​ឬ​តូច​ពេក ដោយ​មិន​លើសពី​មួយ​អ៊ីង។ ប្រសិនបើ​ពាក់អាវ​សឺ​មី ត្រូវ​ឲ្យ​សម្រុង​អាវ​លើស កដៃ​មួយ​អ៊ីង។
៥) ស្បែកជើង គួរ​ជា​ស្បែកជើង​ក្រវ៉ាត់​កែង ឬ​ស្បែកជើង​កែង​ដែល​ស្អាត។
៦) គួរ​ពាក់​ស្រោម​បារ​ដើម្បី​ឲ្យ​សុភាព។
៧) គ្រឿង​ប្រដាប់​កាយ មិនគួរ​ពាក់​ច្រើនពេក​ទេ ដូចជា៖ មិន​ពាក់​បូរ​ដែលមាន​ផ្កា​ច្រើន មិន​ពាក់​កងដៃ​ច្រើន និង​ក្រវិលធំៗ ឬ​ខ្សែក​ធំ ព្រោះថា​មើលទៅ​ដូចជា​រញ៉េរញ៉ៃ។ ចិញ្ចៀន​គួរតែ​ពាក់​ម្ខាង​មួយ​វង់ នាឡិកាដៃ​គួរ​ជា​នាឡិកា​ស្បែក ឬ​ដែក​អ៊ី​ណុ​ក។

ការ​តែងខ្លួន​សម្រាប់​សុភាពបុរស៖
១) សក់​មិនគួរ​ទុក​ឲ្យ​វែង​ពេក​នោះទេ ពេល​សក់​ចាក់​ត្រចៀក​នោះ​បង្ហាញថា សក់​របស់​អ្នក​វែង​ហើយ សក់​ត្រូវតែ​ស្អាត គ្មាន​អង្គែ និង​មិន​ធុំក្លិន។
២) មិនគួរ​បណ្តោយ​ឲ្យ​មុខខ្លាញ់ និង​បបូរមាត់​ប្រេះ​នោះទេ។
៣) ក្រវាត់ក​ជា​លក្ខណៈពិសេស​ផ្ទាល់ខ្លួន ប្រើ​ក្នុងឱកាស​ដែល​សមរម្យ ហើយ​ពណ៌​ត្រូវ​ស៊ីគ្នា​នឹង​អាវ​សឺ​មី​ខាងក្នុង ប្រវែង​របស់​ក្រវាត់ ក នៅពេល​ចង ត្រូវ​ឲ្យ​វែង​ត្រឹម​កណ្តាល​ក្បាល​ខ្សែក្រវាត់។
៤) សម្លៀកបំពាក់​ត្រូវ​សក្តិសម​នឹង​កាលៈទេសៈ ពណ៌​មិនត្រូវ​ឆើត​ពេក​ទេ មិនធុំ​ផ្អាប់ មិន​ជ្រួញ។
៥) ត្រូវ​ពាក់​ឲ្យ​សមល្មម​នឹង​តួខ្លួន គឺ​មិនត្រូវ​ធំ ឬ​ចង្អៀត​ពេក​ទេ ដោយ​ត្រូវ​ឲ្យ​ធំ​ជាង​ដងខ្លួន មិន​លើសពី១ទៅ១.៥អ៊ីង​ទេ បើ​ពាក់អាវ​សឺ​មី ត្រូវ​ឲ្យ​សម្រុង​អាវ​លើស កដៃ​មួយ​អ៊ីង។
៦) ប្រវែង​ខោ ពេល​ស្លៀក​ហើយ ត្រូវ​មើលឃើញ​កែង​ស្បែកជើង​ប្រហែល​ជាមួយ​សង់ទីម៉ែត្រ។
៧) ខ្សែក្រវាត់ ត្រូវដាក់​ឲ្យ​សម​នឹង​ពណ៌​ខោ និង​ស្បែកជើង ហើយ​មិនគួរ​ពាក់​ពណ៌​ត្នោត​គូ​ជាមួយនឹង​ពណ៌​ខ្មៅ​ទេ។
៨) ស្បែកជើង​តាម​កាលៈទេសៈ ស្អាត ភ្លឺរលោង និង​គួរ​មាន​ស្បែកជើង​សម្រាប់​ផ្លាស់ប្តូរ ២គូ ដើម្បី​ការពារ​កុំ​ឲ្យ​ធុំក្លិន។
៩) ស្រោមជើង​ត្រូវ​ឲ្យ​ស្អាត ពណ៌​ចាស់ ហើយ​ស៊ីគ្នា​នឹង​ឈុត​សម្លៀកបំពាក់ និង​មិនគួរ​ពាក់​ស្រោមជើង​ពណ៌​ស​ទេ៕

ប្រភព៖ ដកស្រង់​ពី​សៀវភៅ​យុទ្ធសាស្ត្រ​ក្នុងការ​ដឹកនាំ (ដាំ​ដើម​ជីវិត)


© រក្សាសិទ្ធិដោយ thmeythmey.com