កីឡាជាតិ
ជាតិ
AFC U-14 Girls៖ កម្ពុជា និង​ឡាវ ប្រកួត​បង្គ្រប់កិច្ច​ក្នុង​ពូ​ល A នា​រសៀល​នេះ
25, Jun 2015 , 11:30 am        
រូបភាព
កីឡាការិនី ស៊ាន សាងយី របស់កម្ពុជា ព្យាយាម​រារាំង​កីឡាការិនី​ថៃ ANUPHA NOINUEAI។ រូបថត៖ VFF
កីឡាការិនី ស៊ាន សាងយី របស់កម្ពុជា ព្យាយាម​រារាំង​កីឡាការិនី​ថៃ ANUPHA NOINUEAI។ រូបថត៖ VFF
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​នារី​អាយុ​ក្រោម១៤ឆ្នាំ​កម្ពុជា និង​ឡាវ សុទ្ធតែ​បាន​ហាលអាវ​ពី​ព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ប្រចាំ​តំបន់​អាស៊ាន​នៅលើ​ទីលាន YFTC Field ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​ពួកគេ​សុទ្ធតែ​ចាញ់​ការប្រកួត​ពីរលើកជាប់ៗគ្នា។ នា​វេលា​ម៉ោង៤ល្ងាច​នេះ ក្រុម​ទាំងពីរ​ត្រូវ​ប៉ះគ្នា​ដើម្បី​ដណ្តើមយក៣ពិន្ទុ មុន​ត្រឡប់មកផ្ទះ​វិញ។



ក្រុម U-14 Girls កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក មាស សំអឿន បាន​ប្រកួត​ចាញ់​មី​យ៉ាន់​ម៉ារ ៣-០ នា​ការប្រកួត​បើកឆាក​ពូ​ល A កាលពី​ថ្ងៃទី២៣ ខែមិថុនា ហើយ​មួយថ្ងៃ​ក្រោយមក ពួកគេ​បាន​ចាញ់​ថៃ​ក្នុង​លទ្ធផល ១-០ ។ ដោយឡែក​ក្រុម​ឡាវ បាន​ចាញ់​ម្ចាស់​ជើងឯក​ថៃ ៩-០ មុននឹង​ចាញ់​មី​យ៉ាន់​ម៉ារ ៤-១ ។

ខណៈ កម្ពុជា និង​ឡាវ ត្រូវ​ប្រកួត​បង្គ្រប់កិច្ច​នោះ មី​យ៉ាន់​ម៉ារ និង​ថៃ ដែល​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ពូ​ល A នា​វេលា​ម៉ោង២រសៀល​ដូចគ្នា។

ដោយឡែក​នៅក្នុង​ពូ​ល B នា​វេលា​ម៉ោង៤រសៀល វៀតណាម​ដែលមាន​ឈ្មោះ​ជា​ស្វ័យប្រវត្តិ​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ​សឹង្ហ​បុរី ដែល​បាន​ហាលអាវ ស្រប​ពេលដែល​ហ្វីលីពីន​ត្រូវការ​ឈ្នះ​ជាដាច់ខាត​លើ​ម៉ាឡេស៊ី ៕


© រក្សាសិទ្ធិដោយ thmeythmey.com