ពីនេះ ពីនោះ
មេដឹកនាំ​ត្រូវ​ផ្តល់៤ចំណុចសំខាន់ៗដល់​បុគ្គលិក
26, Jun 2015 , 8:20 am        
រូបភាព
ដោយ: ថ្មីៗ

សង្វាក់​ផលិតកម្ម​មួយ​ល្អ ស្ថាប័ន​មួយ​រីកចម្រើន ត្រូវ​ពឹង​ផ្អែកលើ​បុគ្គលិក​ទាំង​ថ្នាក់ទាប​បំផុត​រហូតដល់​ថ្នាក់​មេដឹកនាំ គឺ​មិនមែន​ពឹង​ផ្អែកលើ​មេដឹកនាំ​តែម្នាក់ឯង​នោះទេ។ រីឯ សង្វាក់​ផលិតកម្ម ឬ​ស្ថាប័ន​មួយ​មិន​រីកចម្រើន គឺ​បណ្តាលមកពី​បុគ្គលិក​ខ្វះ​សមត្ថភាព មេដឹកនាំ​ប្រកាន់​បក្សពួកនិយម ធ្វើការ​សម្រេចចិត្ត​តែម្នាក់ឯង និង​មិន​បណ្តុះ​សមត្ថភាព​ដល់​បុគ្គលិក​បន្ថែម ជាដើម។ តើ​មេដឹកនាំ​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​ស្ថាប័ន​របស់ខ្លួន​រីកចម្រើន?



១) ផ្តល់​ទំនុកចិត្ត និង​គំរូ​ភាព៖ មេដឹកនាំ​ត្រូវតែមាន​ក្រមសីលធម៌​ល្អ គោរព​វិន័យ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​តួនាទី​របស់ខ្លួន។ ចំណុចសំខាន់ៗនេះ គឺជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​បុគ្គលិក​ប្រតិបត្តិ​តាម​មេដឹកនាំ។

២) លើកទឹកចិត្ត​បុគ្គលិក៖ មេដឹកនាំ​ត្រូវតែ​ផ្តល់នូវ​ការលើកទឹកចិត្ត​ដល់​បុគ្គលិក​របស់ខ្លួន​គ្រប់រូប​ដោយ​មិន​លំអៀង ចេះ​សួរសុខទុក្ខ​របស់​បុគ្គ​លិ​ក និង​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​បញ្ហា​ការងារ និង​បញ្ហា​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ជាពិសេស លើកទឹកចិត្ត​តាមរយៈ​ការផ្តល់​ជា​រង្វាន់ ដំឡើង​ប្រាក់ខែ​ជាដើម។ 

៣) បណ្តុះ​សមត្ថភាព​បុគ្គលិក៖
មេដឹកនាំ​ត្រូវតែ​បណ្តុះ​សមត្ថភាព​បន្ថែម​ដល់​បុគ្គលិក​ដែល​នៅ​ខ្សោយ តាមរយៈ​ការបង្ហាត់បង្រៀន ឬ​ណែនាំ​ពួកគេ​នៅពេល​កំពុង​អនុវត្តន៍​ការងារ ផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល​ឲ្យ​ត្រូវ​នឹង​មុខតំណែង​របស់​ពួកគេ ឬ​ឲ្យ​បុគ្គលិក​ទៅ​រៀន​នៅ​ខាងក្រៅ​បន្ថែម។  

៤) ផ្តល់ឱកាស​ដល់​បុគ្គលិក៖ មេដឹកនាំ​ត្រូវ​ផ្តល់ឱកាស​ដល់​បុគ្គលិក​ខ្សោយ ឲ្យ​គេ​មានឱកាស​ដូច​បុគ្គលិក​ខ្លាំង និង​ផ្តល់ឱកាស​ដល់​បុគ្គលិក​ដែលមាន​សមត្ថភាព​ឲ្យ​ពួកគេ​កាន់​មុខតំណែងធំៗ និង​ផ្តល់ឱកាស​ឲ្យ​បុគ្គលិក​ទាំងអស់​បាន​រៀនសូត្រ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយនឹង​ស្ថាប័ន​ដទៃ។ ល៕  


© រក្សាសិទ្ធិដោយ thmeythmey.com