ពិភពតារា៖ ឈិត សុវណ្ណបញ្ញា បង្ហើបថាមិនទាន់ចង់រៀបការ
×
ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស នាង ឈិត សុវណ្ណបញ្ញា ដែលអូសទាញការគាំទ្រមិនចាញ់តារារួមទ្រនំនោះ ក៏លេងក្បាច់រាំដ៏រស់រវើក គួរឱ្យចាប់អារម្មណ៍ផងដែរ។ ចំពោះរឿងផ្ទាល់ខ្លួននាងបានបង្ហើបឲ្យដឹងថាមិនទាន់ចង់រៀបការទេ ចង់ពង្រឹងការងារសិល្បៈថែមទៀតសិន។
ស្ថិតក្នុងចំណោមអ្នកចម្រៀង ដែលមានក្បាច់រាំល្អគួរសមនោះឈិត សុវណ្ណបញ្ញា បានកាត់សម្លៀកបំពាក់លេងខ្លួនខុសពីមុន អមដោយក្រុមរាំ មានឈុតដូចគ្នា ទើបនៅតាមវេទិកា តែងតែមានក្រុមអ្នកគាំទ្រហែហមគួរកត់សម្គាល់ តែបើប្រៀបធៀបកេរ្តិ៍ឈ្មោះ តារាជ្រកកោននៅហង្សមាសបាន ៨ឆ្នាំរូបនេះ គឺនៅមានកម្រិតនៅឡើយ មិនទាន់អាចឈានទៅដល់កំពូលបានទេ។ មានតារាខ្លះបាន ចូលហង្សមាស ក្រោយនាងទេ តែលោតលើក៏មានដែរ ជាពិសេសគឺ ឱក សុគន្ធកញ្ញា តែម្តង ។
ឈិត សុវណ្ណបញ្ញា ថ្វីត្បិតតែមិនទាន់ សម្រេចក្តីប្រាថ្នាឈរលើគេ នៅរស្មីហង្សមាសក្តី តែអ្នកចម្រៀងរូបនេះ អាចច្រៀងបានគ្រប់ប្រភេទបទ ដោយកន្លងមក តារាចម្រៀងរូបនេះ តែងតែផ្តោតលើការចេញច្រៀងរកលុយនៅក្រៅប្រទេសច្រើនជាងក្នុងស្រុកខ្មែរ ដោយសារតែនាងអាចច្រៀងបទពីដើមៗបានពីរោះ តែនៅឆ្នាំនេះ ឈិត សុវណ្ណបញ្ញា បែរជាសម្ងំរកលុយនៅក្នុងស្រុក មិនអើពើចេញទៅរកលុយដុំ នៅក្រៅស្រុកទៅវិញ នេះប្រហែលជានាងមើលឃើញថា ជួញជិតប្រសើរជាងជួញឆ្ងាយហើយមើលទៅ? តារាហង្សមាស រូបនេះ បានតាំងជំហរថា ត្រូវតែពង្រឹងការងារក្នុងស្រុកឱ្យប្រសើរសិន អ៊ីចឹងត្រូវផ្អាកច្រៀងនៅក្រៅមួយរយៈ សិនហើយ ដើម្បីកុំឱ្យស្ងាត់ក្នុងស្រុកពេក ។
ម្ចាស់បទ “នៅក្រោយខ្នងបង” រូបនេះ បានបង្ហើបឲ្យដឹងថា“អារឿងរៀបការនោះ គេបានដឹងមុនខ្ញុំច្រើនដងទៅហើយ ម្តងថា ឆ្នាំនេះឆ្នាំនោះ តែខ្ញុំផ្ទាល់ គឺចង់ប្រាប់ថា ខ្ញុំអត់ទាន់ចង់រៀបការទេ ខ្ញុំចង់ពង្រឹងការងារ សិល្បៈថែមទៀតសិន ចង់បានល្អជាងនេះ តែបើថ្ងៃណាមួយ ឃើញខ្ញុំស្លៀកឈុតកូនក្រមុំអី អាហ្នឹងទើបការពិត តែឥឡូវអត់ទាន់មាន ហើយបើគេមិនជឿ មានតែទៅតាមដំណើរចុះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com