កីឡាជាតិ
ជាតិ
AFC U-14 Girls៖ កម្ពុជា​ហាលអាវ ជាមួយនឹង​លទ្ធផល​ដែល​អាច​ទទួលយកបាន
26, Jun 2015 , 1:49 pm        
រូបភាព
ក្រុមកីឡា​ការិនី​បាល់ទាត់​អាយុ​ក្រោម១៤ឆ្នាំ​កម្ពុជា បានបញ្ចប់​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់​ទ្វីបអាស៊ី​ក្នុង​ក្របខណ្ឌ​តំបន់​អាស៊ាន (AFC U-14 Girls’s Regional Championship ប្រចាំ​តំបន់​អាស៊ាន) នៅក្នុង​ប្រទេស​វៀតណាម ដោយ​ទទួលបាន​បី​ពិន្ទុ​ត្រឡប់មកផ្ទះ​វិញ។ នា​ការប្រកួត​នៅលើ​ទីលាន​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ពីថ្ងៃ​ទី២៣ ដល់ទី២៥ ខែមិថុនា កម្ពុជា​បាន​ចាញ់​មី​យ៉ាន់​ម៉ារ ៣-០ ចាញ់​ថៃ ១-០ និង​យកឈ្នះ​ឡាវ ២-០ នា​ជំនួប​ចុងក្រោយ​ក្នុង​ពូ​ល A។



ក្រុមកីឡា​ការិនី​បាល់ទាត់​អាយុ​ក្រោម១៤ឆ្នាំ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ឡាវ​ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​តំបន់​អាស៊ាន​ក្រោម​ការរៀបចំ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

ក្នុងជំនួប​ជាមួយ​ឡាវ​នេះ កីឡាការិនី លឹម សុជា និង ម៉េ​ត ម៉ា​យ៉ាន ជា​អ្នក​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​កម្ពុជា​ក្នុងការ​ប្រកួត​ដែលមាន​រយៈពេល៧០នាទី ខណៈ​អ្នកចាំទី ភឿ ធូ បាន​ជាប់​ជា​កីឡាការិនី​ឆ្នើម​ប្រចាំការ​ប្រកួត។ ទោះបីជា​យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​ជ័យជម្នះ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​សម្រាប់​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម១៤ឆ្នាំ​ដែល​ដឹកនាំ​ដោយ​អតីត​គ្រូបង្វឹក​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត និង​ក្លិប​វេ​ស្ទើ​ន លោក មាស សំអឿន ខណៈ​ការប្រកួត​ពី​លើកដំបូង កម្ពុជា​បាន​ចាញ់​មី​យ៉ាន់​ម៉ារ ៣-០ នៅ​ថ្ងៃទី២៥ ខែមិថុនា ហើយ​ចាញ់​ម្ចាស់​ការពារ​តំណែង​ជើងឯក​ថៃ ១-០ នៅ​ថ្ងៃ​បន្ទាប់។

ក្រុមកីឡា​ការិនី​វ័យក្មេង​កម្ពុជា បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​បី​នៅក្នុង​ពូ​ល A ដោយ​រកបាន៣ពិន្ទុ ឈរ​ពីលើ​ក្រុម​ឡាវ​ដែល​ចាញ់​ទាំងបី​ប្រកួត ខណៈ​ថៃ​ដែល​ឈ្នះ​ទាំង​ប្រកួត​ឡើងទៅ​ប៉ះ​ក្រុម​លេខ​ពីរ​ពូ​ល B ម៉ាឡេស៊ី ហើយ​មី​យ៉ាន់​ម៉ារ ជួប​ជាមួយ​វៀតណាម លេខ​មួយ​ពូ​ល B នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

នេះ​ជា​លើក​ទី​បី​ហើយ​សម្រាប់​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​តំបន់​អាស៊ាន​ក្រោម​ការរៀបចំ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី AFC U-14 Girls’s Regional Championship ប្រចាំ​តំបន់​អាស៊ាន។ កាលពី​ឆ្នាំ២០១៣ ក្រោម​ការដឹកនាំ​របស់​លោក Sam Schweingruberគ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន​នាពេល​បច្ចុប្បន្ន​នោះ ក្រុម​កុមារី​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៥ក្នុងចំណោម៦ក្រុម ដោយ​ម្ចាស់ផ្ទះ​វៀតណាម ជាប់​លេខ១ ថៃ លេខ២ និង​មី​យ៉ាន់​ម៉ារ បាន​លេខ៣ ។

នា​ការប្រកួត​នៅលើ​ទីលាន Thong Nhat Stadium នៃ​ទីក្រុង​ហូជីមិញ កាលពី​ឆ្នាំ២០១៤ លោក អ៊ុំ សាវង្ស បាន​ដឹកនាំ​ក្រុម​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​បី​នៅក្នុង​ពូ​ល A ដោយ​យកឈ្នះ​សឹង្ហ​បុរី ២-១ ចាញ់​វៀតណាម ៨-០ និង​ចាញ់​ហ្វីលីពីន ៥-០ ។ កាលណោះ ថៃ​ក្លាយជា​ម្ចាស់​ជើងឯក ហ្វីលីពីន​លេខ២ និង​ម្ចាស់ផ្ទះ​វៀតណាម​បាន​លេខ៣ ។

ក្រៅពី​តំបន់​អាស៊ាន ព្រឹត្តិការណ៍ AFC U-14 Girls’s Regional Championship ក៏បាន​រៀបចំ​នៅ​តំបន់ផ្សេងៗក្នុង​ទ្វីបអាស៊ី​ផងដែរ។  នៅ​តំបន់​ខាងកើត​ដែលមាន៨ក្រុម​ចូលរួម កូរ៉េខាងជើង​បាន​លេខ​មួយ ម្ចាស់ផ្ទះ​ចិន​លេខ២ ជប៉ុន​លេខ៣ រួមទាំង​រង្វាន់ Fair Play។

នៅ​តំបន់​ខាងលិច​ដែល​មានតែ៥ក្រុម​ចូលរួម ហ្ស៊​ក​ដង់ បាន​ចំណាត់ថ្នាក់​លេខ​មួយ អារ៉ាប់​រួម អេ​មី​រ៉េត បាន​ចំណាត់ថ្នាក់​លេខ​ពីរ ប៉ា​ឡេ​ស្ទី​ន បាន​លេខ​បី ខណៈ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន បាន​រង្វាន់ Fair Play។

រីឯ​នៅ​តំបន់​អាស៊ី​ខាងត្បូង និង​កណ្តាល​ដែលមាន៧ក្រុម​ចូលរួម​នោះ ម្ចាស់ផ្ទះ​នេ​ប៉ាល់ ត្រូវ​ប៉ះ​បង់​ក្លា​ដែ​ស​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ឥណ្ឌា​ប្រជែង​យក​លេខ៣ជាមួយ​អ៊ីរ៉ង់។ ដោយសារតែ​នេ​ប៉ាល់​បានទទួល​រងគ្រោះ​ដោយសារ​រញ្ជួយ AFC មិនទាន់​កំណត់​ការប្រកួត​សារជាថ្មី​ឡើយ ដែល​កន្លងមក គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៥ ខែមេសា៕


© រក្សាសិទ្ធិដោយ thmeythmey.com