ពីនេះ ពីនោះ
ឆ្មាបាអាចហោះសំកាំងបានចំងាយពី ៦០-៧០ម៉ែត្រ
× ឆ្មាបាអាចហោះសំកាំងបានចំងាយពី ៦០-៧០ម៉ែត្រ
(Cynocephalus variegatus)
ភិនភាគ៖ ឆ្មាបាមានទំហំប្រហែលសត្វឆ្មា ដែលមានប្រវែងក្បាល-ដងខ្លួនពី៣៤-៤២ស.ម កន្ទុយ២២-២៧ស.ម ប្រវែងស្លាប៧០ស.ម និងទម្ងន់ពី ១-១,៧គ.ក។ វាមានដងខ្លួនសំប៉ែតជាមួយ និងស្រទាប់ស្បែកស្តើងគ្របដណ្តប់ដោយតភ្ជាប់ពី ក រហូតដល់ម្រាមជើង ហើយព័ទ្ធជុំវិញសងខាងដងខ្លួនចុះក្រោមរហូតដល់ក្រចកម្រាមជើង និងចុងកន្ទុយ។ ឆ្មាបាមានភ្នែកធំ មានដៃជើងវែងៗមានក្រញុំាកោងស្រួចវែងសម្រាប់ចាប់តោងលើដើមឈើក្រោយពេលហើរសំកាំង។ វាមានសម្បុរប្រផេះ ឬត្នោត និងមានអុចពណ៌សជាច្រើននៅតាមបណ្តោយខ្នង។
ជីវសាស្ត្រ៖ ឆ្មាបាជាសត្វរស់នៅតាមតំបន់ព្រៃស្រោង។ វារស់នៅតាមមែកឈើ និងពូកែលាក់ខ្លូននៅតាមដើឈើ ហើយធ្វើសំបុកក្នុងរន្ធឈើ និងតាមធាង (ត្នោត ដូងតាមចម្ការ)។ វាធ្វើសកម្មភាពនៅពេលយប់ ហើយអាចធ្វើសកម្មភាពពេលថ្ងៃផងដែរ។ ឆ្មាបាអាចហោះសំកាំងបានចំងាយពី ៦០-៧០ម។ វាឡើងដើមឈើដោយលំបាក ពីព្រោះចាំបាច់ត្រូវឡើងវិលជុំវិញដើមក្នុងដំណើរយឺត។ អាហារឆ្មាបាមានដូចជា ស្លឹក ពន្លកឈើ និងផ្លែឈើ។ វាកូនម្តងបានតែមួយប៉ុណ្ណោះ បន្ទាប់ពីពពោះរយៈពេល ៦០ថ្ងៃ ហើយមេរបស់វាអាចពពោះម្តងទៀតក្នុងកំឡុងពេលកូនមិនទាន់កើតចេញ។
រប៉ាយរស់នៅ៖ ឆ្មាបាមាននៅតំបន់ភូមិភាគឦសាននិងនិរតីនៃប្រទេសកម្ពុជា។ ប្រភេទនេះក៏មានវត្តមានផងដែរនៅប្រទេសម៉ាឡាស៊ី ថៃ និងឥណ្ឌូនេស៊ី។
ស្ថានភាពអភិរក្ស៖ ឆ្មាបាជាប្រភេទមានដោយកម្រ និងបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទជិតផុតពូជនៅលើពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com