សុគន្ធ និសា កំពុងមានបញ្ហាព្រោះចង្កាចាក់ពង្រីកធ្វើទុក្ខ
× ភ្នំពេញ៖ តារាចម្រៀងសំឡេងពិរោះស្រទន់ កញ្ញា សុគន្ធ និសា កាលពីពេលថ្មីៗនេះ ត្រូវបានគេដឹងថា ចង្កាដែលនាងចាក់ពង្រីកនោះកំពុងមានបញ្ហា និងធ្វើទុកគួរឲ្យព្រួយបារម្ភ។
មិត្តរួមអាជីពជិតស្និទ្ធនឹងតារាចម្រៀង នាង សុគន្ធ និសា បានខ្សឹបខ្សៀវគ្នាថា ចង្ការបស់ និសា នៅផ្នែកខាងក្រោម ប្រែជាពណ៌ក្រហម ប្រៀបដូចរលាក ហើយហាក់ដូចជា ប្រែទ្រង់ទ្រាយខុសធម្មតា តែគេមិនប្រាកដថា បញ្ហានេះកំពុងកើតមានលើនិសា ឬក៏ជាបញ្ហាយូរមកហើយទេ ប៉ុន្តែ គ្រាន់តែដឹងថា មិត្តភក្តិបានដាស់តឿនគ្នា មិនឱ្យចាក់ពង្រីកចង្កា ដោយព្រមានថា ប្រយ័ត្ន ដូចចង្ការបស់និសា។
ចំពោះអ្នកបានជួប និសា ផ្ទាល់នៅខាងក្រៅឆាក សិល្បៈ គេអាចពិបាកកំណត់សញ្ញានៃការធ្វើទុក្ខនេះ ដោយសារមនុស្សភាគច្រើន បានឃើញអ្នកចម្រៀង ឈ្មោះល្បីរូបនេះ នៅពេលដែលនាងតែងខ្លួនផាត់ម្សៅ លាបក្រែម ដែលអាចបិទបាំងចំណុចដែលមានបញ្ហានោះ។ ចំណែកអ្នកតាមដាននាងតាមរយៈរូបថតវិញ ក៏នៅតែពិបាកចាប់អារម្មណ៍ ដែលមួយផ្នែកដោយសារតែរូបថត មិនផាត់ម្សៅភាគច្រើន ដែល នាងបានប្រើវិធីកែខៃ ដើម្បីឲ្យភ្លឺសរលោង ដែលធ្វើឱ្យគេមិនចាប់អារម្មណ៍ ដឹងពីរឿងនេះ។ ក៏ប៉ុន្តែ រូបថតមួយសន្លឹកដែលនាងបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីពេលថ្មីៗនេះ អាចឱ្យគេសន្មត់ថា ចង្ការបស់នាងទំនងមានបញ្ហាពិតមែន។
ម្ចាស់ហាងកែសម្រស់ធំគួរសមមួយ នៅរាជធានីភ្នំពេញ បានខ្សឹបប្រាប់ឲ្យដឹងថា ចង្ការបស់សុគន្ធ និសា តារាចម្រៀងជួរមុខប្រចាំផលិតកម្មថោន ទំនងជាប្រតិកម្មនឹងសារធាតុម្យ៉ាង ដែលនាងចាក់បញ្ចូល ដើម្បីពង្រីក ឱ្យប៉ោងឡើងជាងចង្កាធម្មជាតិរបស់នាង។ សារធាតុនេះ គេនិយមហៅថា សារធាតុចាក់បំពេញ ដែលប្រែពីរាវទៅជាខាប់អន្ធឹលៗ បន្ទាប់ពីចាក់បញ្ចូលស្បែក។
សូមរំលឹកថា កាលពីពាក់កណ្តាលឆ្នាំ២០១៤ ធ្លាប់មានព័ត៌មានម្តងហើយថា និសា បានវះយក សារធាតុចាក់បញ្ចូលចង្កា ហើយប្រើ ស៊ីលីកូនរឹងជំនួសវិញ។ ទោះបែបណា “ថ្មី” នៅមិនទាន់អាចទាក់ទង សុគន្ធ និសា ដើម្បីសុំការបំភ្លឺពីបញ្ហានេះបាននៅឡើយទេ។ ដូច្នេះ គេមិនទាន់ដឹងនៅឡើយថា នាងមានបញ្ហាចង្កាធ្វើទុក្ខមែន ឬយ៉ាងណាឡើយ? ហើយ តើនាងបានប្រើសារធាតុរាវ ដូចគេនិយាយខាងលើ ឬយ៉ាងណានោះដែរ។ សិល្បការិនីមួយចំនួន ក៏បានដឹងពីបញ្ហារបស់ និសា ដែរ តែពួកគេនិយាយថា នេះជារឿងសាមញ្ញ ទៅហើយ ព្រោះការចាក់ចង្កា ពេញនិយមក្នុងចំណោមអ្នកសិល្បៈមួយភាគធំ។ ក្នុងចំណោមពួកគេ មានចង្កាខ្លះក៏យារធ្លាក់ ខ្លះក៏ឡើងក្រហម ប្រញាប់ទៅវះយកចេញ និងខ្លះទៀតក៏នៅស្អាត ទៅតាមពេលវេលា វែងឬខ្លី ក្រោយពីការចាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com