ជាតិ
សង្គមជាតិ
សិទ្ធិមនុស្ស​UN និង ILO សង្ឃឹមថា​អាជ្ញាធរ​កម្ពុជា​រកឃើញ​ជនដៃដល់​សម្លាប់​មេ​សហជីព
27, Jun 2015 , 11:31 am        
រូបភាព
ដោយ: ថ្មីៗ
ការិយាល័យ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ និង ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR Cambodia) បានចេញ​សេចក្តីថ្លែងការណ៍​រួម​សាទរ​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រកាស​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព។


 
«ការិយាល័យ​ខាងលើនេះ សំដែង​នូវ​ក្តី​សង្ឃឹមថា គណៈកម្មការ​អន្តរក្រសួង​មួយ​នេះ នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ជនដៃដល់​ពិតប្រាកដ ដែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្មនេះ និង​ធានាថា នឹង​រកឃើញ​យុត្តិធម៌​នៅ​ទីបញ្ចប់ ស្របតាម​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា នៅ​កម្រិត​ជាតិ និង​អន្តរជាតិ»។ នេះ​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​រួម។
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃទី១០មិថុនា បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ ករណី​ឃាតកម្ម​មេដឹកនាំ​សហជីព ៣ រូប គឺ​លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និង​លោក រស់​សុ​វណ្ណា​រ៉េត។
 
លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ត្រូវបាន​ឃាតក​បាញ់សម្លាប់​កាលពី​ថ្ងៃទី២២ខែមករា​ឆ្នាំ២០០៤ នៅ​តូប លក់​កាសែត​ក្បែរ​វត្ត​លង្កា។ លោក រស់ សុ​វណ្ណា​រ៉េត អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ប្រចាំ​នៅ​រោងចក្រ កុមារ​ទុង​ហ្កា ត្រូវបាន​ឃាតក​បាញ់សម្លាប់​ជា​បន្តបន្ទាប់​នៅ​ជាយ​ទីក្រុង​ភ្នំពេញ កាលពី​ឆ្នាំ២០០៤ និង​លោក ហ៊ី វុទ្ធី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សាន់​តិច​ត្រូវបាន​ឃាតក​បាញ់សម្លាប់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០០៧ បន្ទាប់ពី​រូបលោក​ចេញពី​ធ្វើការ​វេន​យប់​នៅ​រោងចក្រ​សាន់​តិច​ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com