ពីនេះ ពីនោះ
ពង្រូលមានស្រការដូចដំបូលប្រក់ក្បឿង
× ពង្រូលមានស្រការដូចដំបូលប្រក់ក្បឿង
ភិនភាគ៖ ពង្រូល ជាប្រភេទសត្វធ្វើចលនាដោយវារ មានថ្ងាសផត ស្រការមានពណ៌ស្រអាប់ និងពណ៌ដីដោយសៀតបញ្ចូលជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង និងគ្មានធ្មេញទេ។ ស្រការទាំងនេះគ្របដងខ្លួនទាំងមូល ពិសេសផ្នែកខាងលើចាប់ពីក្បាល ដងខ្លួន ជើងមុខ-ក្រោយរហូតដល់កន្ទុយ លើកលែងតែផ្នែកពោះ និងផ្នែកក្រោមក្បាលរបស់វា។ ជើងមានម្រាមប្រាំ និងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញុំាំជើងមុខវែងជាង ក្រញុំាំជើងក្រោយ។ វាប្រើក្រញុំាំជើងមុខ ដើម្បីកកាយរកចំណី។ ពង្រូលមានចលនាយឺតៗ និងពត់ពែនក្នុងការវារចុះឡើង ហើយពូកែឡើងដើមឈើដោយប្រើជើងទាំងបួន និងជំនួយដោយកន្ទុយ។ ប្រវែងពីក្បាលទៅដងខ្លួន ៤២០-៥០០ម.ម កន្ទុយ ៣៤០-៤៧០ម.ម ទម្ងន់ ៥-៧គ.ក ជូនកាល គេប្រទះឃើញពង្រូលកម្ពុជាអាចមានទម្ងន់រហូតដល់ ៨-១២គ.ក។
ជីវសាស្ត្រ៖ វាមានទីជម្រកនៅក្នុងប្រភេទព្រៃដែលមានដើមឈើខ្ពស់ៗ ព្រៃក្រោយការធ្វើអាជីវកម្ម និងដី កសិកម្ម។ ពង្រូលជាសត្វរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃវាដេកក្នុងរន្ធដី។ ចំណីអាហាររបស់វាមាន ស្រមោច សង្អារ អង្ក្រង ដុកឌឿ និងកណ្តៀរ ដ៏ច្រើនសន្ធឹកសន្ធាប់។ វាមានអណ្តាតលិត ងាយក្នុងការចាប់ចំណី ដោយអាចលានចេញក្រៅបានរហូតដល់ ២៥ស.ម ដើម្បីប្រមូលសត្វល្អិត។ ពង្រូលមានត្រចៀកតូចមានស្បែក និងស្រការក្រាស់។ នៅពេលជួបឧបសគ្គវារមូរខ្លួន ដោយយកកន្ទុយរុំព័ទ្ធជុំវិញរាងមូលដូចបាល់ក្នុងការការពារខ្លួនពីមំសាសត្វនានា។ ជាញឹកញាប់ ពង្រូលញីបង្កើតកូនម្តងបាន១ក្បាល ជួនកាល២ក្បាលក្រោយពីពរពោះរយៈពេល ២-៣ខែ។ កូនរស់នៅជាមួយមេដោយតោងជាប់នឹងកន្ទុយពេលមេរបស់វាបម្លាស់ទី។ វាជាប្រភេទសត្វស្លូតមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ។
រប៉ាយរស់នៅ៖ នៅប្រទេសកម្ពុជាពង្រូលមានដោយកន្លែងក្នុងទីជម្រកសមស្រប។ វាមានផងដែរនៅប្រទេសភូមាភាគខាងកើត ថៃភាគកណ្តាល ឡាវភាគខាងត្បូង រៀតណាម ប៉េណាំងសុលឡា ម៉ាឡេស៊ី កោះស៊ូម៉ាត្រា កោះចាវ៉ា និងកោះបរណអូ។
ស្ថានភាពអភិរក្ស៖ ពង្រូលជាប្រភេទសត្វមានដោយបង្គួរ និងបានចុះក្នុងបញ្ជី IUCN (NT) ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក។ ប្រភេទនេះបាននិងកំពុងទទួលនូវការទាក់ចាប់យ៉ាងខ្លាំងពីសំណាក់មនុស្ស ដើម្បីធ្វើអាជីវកម្ម និងនាំចេញទៅក្រៅប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com