ពីនេះ ពីនោះ
ទៅ​មើល​មន្ត្រី​រំដួល ភ្ជាប់​ខ្លួន​ជាមួយ​អ្នកមានអំណាច
29, Jun 2015 , 2:42 pm        
រូបភាព
ដោយ: ថ្មីៗ
១. ឲ្យ​តែ​បាន​ជួប​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅក្នុង​កម្មវិធី​ពេល​ល្ងាច​ដោយ​ចៃដន្យ ហើយ​ថ្នាក់ដឹកនាំ​នោះ​សំដែង​ការគួរសម​ដោយ​ការ​ជល់​កែវស្រា​បន្តិច ស្អែក​ឡើង​មន្ត្រី​រំដួល​ដើរ​ប្រាប់​មិត្តភក្តិ​ថា «យប់មិញ​អញ​ផឹក​ជាមួយ ពូ​ថ្នាក់ដឹកនាំ​នេះ ឬ​បង​ថ្នាក់ដឹកនាំ​នោះ»។ ហើយ​ចាំ​ស្តាប់​មើលទៅ​ពាក្យ​ដែល​គេ​ហៅ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំងនោះ គឺ​គ្មាន​ទៀតឡើយ​ឯកឧត្តម។ មានតែ​ពូ បង មីង + ឈ្មោះ។ គ្រាន់តែ​ឮ ល្មម​អ្នក​ស្តាប់​ខ្លា​ចបះ​រោម​ដែរ។



២. ផ្ទះ ឡាន ឬ​សម្ភារៈផ្សេងៗ ទិញ​ប្រើ​ដោយ​លុយ​ខ្លួនឯង​ទេ ប៉ុន្តែ​មន្ត្រី​រំដួល​ខ្លះ ប្រាប់​មិត្តភក្តិ​ថា ពូ​នេះ​ទិញ​ឲ្យ ឬ​អ្នកមានអំណាច​នោះ​ឲ្យ​ជា​កាដូ។ អា​មិត្តភក្តិ ឬ​អ្នកផ្សេង​ស្តាប់ឮ មិន​ខ្លាច​ក៏​មិនបាន។

៣. ឃើញ​ថ្នាក់ដឹកនាំ​នៅក្នុង​ពិធី​មួយ ហើយ​ដើរត្រុនៗទៅ​ក្រាប​សំពះ​សុំ​ថត​ជាមួយ​សោះ ពេល​ផ្តិត​បានដាក់​តាំង​ក្នុងផ្ទះ ក្នុង​បន្ទប់​ការិយាល័យ មន្ត្រី​រំដួល​ធ្វើ​ឬ​ក​ដូច​អ្នកធំ​នោះ ហៅ​គាត់​ថត​ជាមួយ​ទៅវិញ។ បើ​ពួកម៉ាក​ឃើញ អ្នកផ្សេងៗឃើញ ហើយ​មិន​ខ្លាច​មន្ត្រី​រំដួល​នោះ ទើប​ចម្លែក។

៤. សន្សំ​លេខ​ទូរ​សព្ទ​ថ្នាក់ដឹកនាំធំៗ ដាក់​ពេញ​ទូរ​សព្ទ​របស់ខ្លួន ហើយក៏​មិនដែល​បាន​ទូរ​សព្ទ​ឆ្លងឆ្លើយ​ជាមួយ​ថ្នាក់ដឹកនាំ​បាន​ម្តង​ឡើយ។ ប៉ុន្តែ​ពេល​ជួប​មិត្តភក្តិ ឬ​អ្នក​ស្គាល់គ្នា មន្ត្រី​រំដួល​តែង​បើក​ទូរ​សព្ទ​បង្ហាញ Contacts list ឲ្យ​មើល។ ឃើញ​ឈ្មោះ​ទាំងនោះ​ហើយ បើ​មិន​ញាក់សាច់ មិន​ស្ញប់ស្ញែង​ក៏​មិនកើត បើទោះជា​គេ​មិនដឹងថា តើ​ជា​លេខ​ទូរ​សព្ទ​ទាំងនោះ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​ក៏ដោយ។

វា​មិនមែន​ត្រឹមតែ​ជាការ​អួតអាង​របស់​មន្ត្រី​រំដួល​តែមួយ​មុខ​នោះទេ។ មន្ត្រី​រំដួល​ខូចខិល​ទាំងនេះ ត្រូវធ្វើ​ដូច្នេះ​ដើម្បី​អាច​ការពារ​ផលប្រយោជន៍​ខ្លួន​បាន​ខ្លះ​ដែរ។ តើ​មន្ត្រី​មាន​សមត្ថកិច្ច​ណា តើ​មិត្តភក្តិ​ឯណា ហ៊ាន​ទៅ​សួរ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ថា អ្វីដែល​មន្ត្រី​រំដួល​និយាយ គឺ​ការ​ភូតភរ ឬ​ជា​ការពិត​នោះ?


© រក្សាសិទ្ធិដោយ thmeythmey.com