កីឡាជាតិ
ជាតិ
ខេមបូឌានលីក៖ អ្នកចាំទីឆ្នើមៗ បង្ហាញខ្លួននៅក្លិបផ្សេងៗគ្នានារដូវកាលនេះ
× វត្តមានរបស់អ្នកចាំទីឆ្នើមៗនៅតាមក្លិបនីមួយៗ នឹងផ្តល់នូវការប្រកួតដ៏តឹងតែងសម្រាប់រដូវកាលឆ្នាំ២០១៥នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក ដែលចាប់នៅថ្ងៃទី១ ខែកក្កដា នេះ។
ក្រសួងការពារជាតិ ដែលជាក្លិបបណ្តុះបណ្តាលអ្នកចាំទីឆ្នើមៗជាច្រើននោះ នឹងបង្ហាញវត្តមានអ្នកចាំទីថ្មីចំនួន៣នាក់ ទៀត បន្ថែមពីលើបងប្អូនត្រកូល «អ៊ុំ» សម្រាប់រដូវកាលថ្មីនេះ។ លោក សួង ភារម្យ គ្រូបង្វឹកផ្នែកចាំទីរបស់ក្លិបការពារជាតិ បានបញ្ជាក់ថា ខណៈដែល អ៊ុំ វិចិត្រ មិនទាន់ជាសះស្បើយពីរបួសនោះ ប្អូនប្រុសរបស់គេ គឺ អ៊ុំ សេរីរតន៍ ដែលលេចធ្លោយ៉ាងខ្លាំងសម្រាប់ឈុត U-23 និងឈុតជម្រើសជាតិ នឹងក្លាយជាជម្រើសទីមួយ ប៉ុន្តែឱកាសក៏មានផងដែរសម្រាប់អ្នកចាំទីចំណូលថ្មី ដូចជា កីឡាករ ឪ កាសាន់ និង ស៊ីយ៉ា ជាដើម។ ក្រសួងការពារជាតិប្រើប្រាស់កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬស្តាតចាស់ សម្រាប់ការប្រកួតនៅក្នុងទឹកដីរបស់ខ្លួន។
សម្រាប់ម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោនដែលប្រើប្រាស់កីឡដ្ឋាន RSN Stadium របស់ខ្លួននោះ ស្រី ដានី អាយុ២០ឆ្នាំ ដែលមានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិបារាំង នឹងបង្ហាញខ្លួនជាផ្លូវការលើកដំបូងនៅក្នុងក្របខណ្ឌកំពូលកម្ពុជា។ ដានីដែលធ្លាប់លេងឲ្យក្លិបយុវជនមួយនៅប្រទេសបារាំងនោះ នឹងប្រជែងដំណែងក្នុងជម្រើសដំបូងជាមួយ អ្នកចាំទី យោគ អារី និងកីឡាករវ័យក្មេង សាន ឧសភា។
ក្លិបស្វាយរៀងដែលមានកីឡដ្ឋានផ្ទាល់ខ្លួនផងដែរនោះ នឹងផ្តល់ការងារអាទិភាពដល់ អាំ សុវណ្ណារ៉ាត់ អ្នកចាំទីឆ្នើមឆ្នាំ២០១៣ សម្រាប់ការប្រកួតប្រជែងនារដូវកាលនេះ។ ជាមួយនឹងការបាត់បង់ សរ សុភា ដែលបានទទួលមរណភាពនោះ ស្វាយរៀង ក៏មានជម្រើសយុវជនពីរនាក់បន្ថែមទៀតផងដែរក្នុងតំបន់ចាំទី ដែលក្នុងនោះមាន អោម ឧត្តម និង ឈីន ឆៃនុត។
បឹងកេតអង្គរដែលមានឈ្មោះដើមថា ចម្ការកៅស៊ូបឹងកេតនោះ មានអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី នៅក្នុងជម្រើសតំបូងរបស់ខ្លួន។ យ៉ាទី បានជាប់ជាអ្នកចាំទីឆ្នើមរបស់ភ្នំពេញក្រោនកាលពីរដូវកាលមុន ហើយកីឡាករដែលបណ្តុះបណ្តាលដោយក្លិបក្រសួងការពារជាតិនេះ ក៏ជាសមាជិកនៃក្រុមជម្រើសជាតិផងដែរ។ ជាមួយគ្នា ក្លិបដែលមានប្រភពនៅខេត្តកំពង់ចាម មាន អ្នកចាំទី គឹម មករា ដែលផ្ទេរមកពីក្លិបគិរីវង់ សុខសែនជ័យ ផងដែរ។
ណាហ្គាវើល ឈ្មោះដើមណាហ្គាខប មានអ្នកចាំទីដ៏ឆ្នើម២រូបនៅក្នុងបញ្ជីរបស់ខ្លួន ដែលក្នុងនោះមាន សំរឹត សីហា និង ផន រតនា។ សីហា ធ្លាប់បង្ហាញភាពលេចធ្លោរយ៉ាងសម្រាប់ឈុតយុវជន ឈុតជម្រើសជាតិកម្ពុជា ក្លិបក្រសួងការពារជាតិ និងក្លិបភ្នំពេញក្រោននាពេលកន្លងមក។ គេបានជួយឲ្យក្រសួងការពារជាតិពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ២០១០ និងក្លាយជាអ្នកចាំទីឆ្នើមប្រចាំព្រឹត្តិការណ៍ BIDC Cup នៅឆ្នាំ២០០៩ ផងដែរ។ ចំណែក ផន រតនា ធ្លាប់ជួយសង្គ្រោះបាល់ប៉េណាល់ទីជាច្រើនលើកក្នុងការប្រកួតសំខាន់ៗរបស់ណាហ្គាខប ហើយអ្នកចាំទីដែលមានប្រភពមកពីខេត្តស្វាយរៀងរូបនេះ ជាប់ជាអ្នកចាំទីឆ្នើមប្រចាំព្រឹត្តិការណ៍ Hun Sen Cup ឆ្នាំ២០១៣ ។
ក្លិប Cambodian Tiger ដែលគ្រប់គ្រងដោយជនជាតិជប៉ុន និងមានឈ្មោះដើមថា ភ្នំពេញត្រាយអាស៊ី នោះ បានបង្ហាញបញ្ជីឈ្មោះ អ្នកចាំទី៤រូបសម្រាប់រដូវកាលថ្មីនេះ។ Yoshida Yasuyuki នៅតែមានឈ្មោះជាអ្នកចាំទីបរទេសតែមួយគត់នៅក្នុងក្របខណ្ឌកំពូលរបស់កម្ពុជា ដោយកាលពីរដូវកាលមុន កីឡាករជប៉ុនរូបនេះ បម្រើឲ្យក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ។ ហែម ស៊ីម៉ៃ ដែលធ្លាប់ទទួលរង្វាន់ជាអ្នកចាំទីឆ្នើមក្នុងពានរង្វាន់ Hun Sen Cup ឆ្នាំ២០០៩ ក៏ជាកម្លាំងដ៏សំខាន់របស់ Cambodian Tiger ផងដែរ។
ការបាត់បង់អ្នកចាំទីជប៉ុន Yoshida Yasuyuki ទៅកាន់ក្លិប Cambodian Tiger មិនមែនជាការបាត់បង់ដ៏ធេងនោះឡើយសម្រាប់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈម្ចាស់ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៤មួយនេះ នៅមាន ប្រាក់ ភារុណ ដែលកំពុងលេចធ្លោ។ ប្រាក់ ភារុណ ដែលប្អូនប្រុសបង្កើតរបស់កីឡាករឆ្នើមខេត្តស្វាយរៀង ប្រាក់ មុន្នីឧត្តម នោះ បានជាប់ជាអ្នកចាំទីឆ្នើម ខណៈក្រុមរបស់ខ្លួនលើកពាន Hun Sen Cup ឆ្នាំ២០១៤ ។
ប៉េង ប៊ុនឆាយ ដែលជាអ្នកចាំទីម្នាក់ដែលទទួលរង្វាន់ជាលក្ខណៈឯកត្តជន បានច្រើនជាងគេនោះ នឹងបង្ហាញខ្លួននៅក្លិបវេស្ទើនយូនីអែហ្វស៊ី ដែលមានកីឡដ្ឋានផ្ទាល់ខ្លួនផងដែរសម្រាប់ការប្រកួតនៅរដូវកាលនេះ។ ជាមួយក្លិបភ្នំពេញក្រោន ប៊ុនឆាយ បានជាប់ជាអ្នកចាំទីឆ្នើម Hun Sen Cup នៅឆ្នាំ២០១០ និងអ្នកចាំទីឆ្នើមក្នុងក្របខណ្ឌកំពូលនៅឆ្នាំ២០១១ ជាមួយភ្នំពេញក្រោន និងឆ្នាំ២០១២ ជាមួយចម្ការកៅស៊ូបឹងកេត។
នៅរដូវកាលនេះ អ្នកចាំទី ង៉ុយ បូរ៉ាណុច ត្រៀមបង្ហាញភាពលេចធ្លោរផងដែរសម្រាប់ក្លិបបៀលប្រាយយូណាយធីត ខណៈរូបគេធ្លាប់ជាកម្លាំងដ៏សំខាន់របស់ក្លិបវេស្ទើន នាពេលកន្លងមក ខណៈអ្នកចាំទី សុះ ប្រុសហ៊ឹម ដែលជាកម្លាំងចាស់ ក៏មិនអាចមើលរំលងផងដែរ។
ក្រោយការចាកចេញរបស់ គឹម មករា ទៅកាន់បឹងកេត អ្នកចាំទី គន់ ធ្នូ នឹងមានភារកិច្ចកាន់តែច្រើននៅក្លិបគិរីវង់ សុខសែនជ័យ ខណៈ ខា ធារ៉ា អតីតកីឡាករក្លិបខេមរាកីឡា ណាហ្គាខប ក្លាយជាអ្នករារាំងដ៏សំខាន់សម្រាប់ក្លិបអាស៊ីអឺរ៉ុបយូណាយធីត ចំណែកអតីតកីឡាករណាហ្គាខបមួយរូបទៀត ពេជ្រ រ៉ូវិនយោធិន នឹងបង្ហាញខ្លួនជាមួយក្លិបមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក)។
ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកនារដូវកាលនេះ ប្រព្រឹត្តទៅនៅកីឡដ្ឋានចំនួនផ្សេងៗគ្នា រួមមានទីលានមជ្ឈមណ្ឌលកីឡាបាល់ទាត់ជាតិទន្លេបាទី (២ទីលាន) កីឡដ្ឋានកងយោធពលខេមរភូមិន្ទ កីឡដ្ឋាន RSN កីឡដ្ឋានខេត្តស្វាយរៀង និងកីឡដ្ឋានវេស្ទើន។ ៤ក្រុមកំពូលនឹងឈានដល់ការប្រកួតខ្វែងឆ្ពោះទៅកាន់ការដណ្តើមតំណែងជើងឯក៕
© រក្សាសិទ្ធិដោយ thmeythmey.com