សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុង​ប៉េកាំង​ប្រហែល​មិន​ធ្វើ​វីរបុរស​សង្គ្រោះ​ក្រិ​ក​ដែល​វ័ណ្ឌ​កដោយ​បំណុល?
30, Jun 2015 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​កិច្ចប្រជុំ​ក្រុង​ប្រ៊ុ​យ​សែ​ល​ប្រទេស​បែលហ្ស៊ិក នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន​ចង់ឃើញ​ក្រិ​ក​បន្ត​ស្ថិតនៅក្នុង​តំបន់​ចាយលុយ​អឺរ៉ូ និង​ចង់​ឲ្យ​ក្រុម​ចាយលុយ​អឺរ៉ូប​រួបរួមគ្នា​និង​បន្ត​រីកលូតលាស់​ឡើង។ ប្រមុខ​រដ្ឋាភិបាល​ចិន​ខាងលើ​បាន​សង្កត់ធ្ងន់ថា បញ្ហា​បំណុល​ក្រិ​ក​បច្ចុប្បន្ន មិនមែន​ត្រឹមតែ​ជា​កង្វល់​របស់​អឺរ៉ុប​ម្នាក់ឯង​ឡើយ តែ​វា​ក៏​ធ្វើ​ឲ្យ​ចិន​ព្រួយបារម្ភ​ខ្លាំង​ដែរ។



មេដឹកនាំ​ចិន​មិនបាន​ប្រកាសថា​ជួយ​ក្រិ​ក​ឡើយ ដោយ​លោក​សង្កត់ធ្ងន់ថា អឺរ៉ុប ២៨ប្រទេស​ប្រហែល​ល្មម​អាចមាន​លទ្ធភាព​ជួយ​ចូក​ជួយ​ចែវ​ក្រិ​កបាន​ហើយ។ ប៉ុន្តែ​តាមមើល​ជំហរ​ចិន កន្លងមក​មហា​យក្ស​អាស៊ី​នេះ​បាន​ជួយ​ក្រិ​កដោយ​ប្រយោល​តាមរយៈ​គម្រោង​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​របស់ខ្លួន​ផង។ យ៉ាងណាក៏ដោយ​ប្រធាន​គណកម្មការ​អឺរ៉ុប​ខឹង​ទប់​លែង​ជាប់ រហូត​ព្រលះ​នាយករដ្ឋមន្ត្រី​ក្រិ​ក​ចាស់ដៃ​ម្សិលមិញ​នេះ ដែល​ហ៊ាន​លែង​ល្បិច ក្រោយ​ចរចា​មិនត្រូវ​គ្នា​ដោយ​ស្នើ​ធ្វើ​ប្រជាមតិ​ហើយ​បញ្ឆេះ​ប្រជាជន​ឲ្យ​បោះឆ្នោត​ទាត់ចោល​សំណើរ​ម្ចាស់បំណុល​ទៀត។
   
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



ប្រមុខ​រដ្ឋាភិបាល​ចិន​លោក លី ខឹ​ក​ឈៀង អមដំណើរ​ដោយ​រដ្ឋមន្ត្រីការបរទេស វ៉ាង យី (Wang Yi) កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​ប្រ៊ុ​យ​សែ​ល ប៊ែ​ល​ហ្ស៊ិ​ក ដើម្បី​ចូលរួម​កិច្ចប្រជុំ​ចិន-អឺរ៉ុប និង​ពិធី​រំលឹក​ខួប​លើក​ទី៤០នៃ​ចំណង​ការទូត​សហភាព​អឺរ៉ុប​ចិន​ផង។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី​ចិន​ក៏បាន​ជួបពិភាក្សា​ជាមួយ​ប្រមុខ​គណកម្មការ​អឺរ៉ុប Jean Cluad Junker និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk ថែម​ទៀតផង។ ទស្សនកិច្ច​នៅ​អឺរ៉ុប​របស់លោក លី ខឹង​ឈៀង​នៅពេលនេះ​ជា​លើក​ទី៦ហើយ តាំងពី​ពេល​លោក​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី។ ក្នុងជំនួប​ពិភាក្សា​ម្សិលមិញ​នេះ ក្រៅពី​ផ្តោតលើ​ការពង្រឹង​ចំណង​ពាណិជ្ជកម្ម សេដ្ឋកិច្ច​នយោបាយ ប្រមុខ​រដ្ឋាភិបាល​ចិន​បាន​ឆ្លៀតឱកាស​លើកឡើង​ពី​បញ្ហា​ប្រឈម​ធំ​របស់​អឺរ៉ុប​គឺ​សំណុំរឿង​បំណុល​ក្រិ​ក ដែល​ក្រិ​ក​កាន់តែ​ជិត​ដាច់ខ្យល់​ហើយ​នោះ។

១.ចិន​ចង់ឃើញ​ក្រិ​កប​ន្ត​នៅក្នុង​តំបន់​ចាយលុយ​អឺរ៉ូ
យ៉ាងណាក៏ដោយ​ក អំឡុងពេល​ពិភាក្សា​ម្សិលមិញ លោក លី ខឹ​ក​ឈៀង ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់ឃើញ​ក្រិ​កប​ន្ត​នៅក្នុង​ក្រុម​រដ្ឋ​ចាយលុយ​អឺរ៉ូ ហើយ​លោក​បានស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ក្រិ​ក និង​ម្ចាសបំណុល​ប្រឹងប្រែង​ដោះស្រាយ​ថយ​ម្នា​ក់មួយ​ជំហាន​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​ឲ្យ​ឆាប់​តាម​ដែល​អាច​ធ្វើបាន។ មេដឹកនាំ​កំពូល​ចិន​ខាងលើ​បាន​ថ្លែងប្រាប់​មេដឹកនាំ​អឺរ៉ុប​ក្នុងជំនួប​ថា បញ្ហា​ក្រិ​ក​មិនមែន​ត្រឹមតែ​ធ្វើ​ឲ្យ​អឺរ៉ុប​បារម្ភ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​បញ្ហា​របស់​ចិន​ដូចគ្នា​ដែរ។ ការបែកបាក់​របស់​ក្រុម​ចាយលុយ​អឺរ៉ូ​នឹង​បង្ក​ផលប៉ះពាល់​ដល់​សហភាព​អឺរ៉ុប និង​ចិន​ដែរ ដ្បិត​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន។ យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​ចិន ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន​និង​សហភាព​អឺរ៉ុប​កើន​ដល់ ៦០០ពាន់​លាន​គិត​ត្រឹម​ឆ្នាំ ២០១៤នេះ។ ម្យ៉ាងវិញទៀត លោក​បាន​សង្កត់ធ្ងន់ថា រឿង​សំខាន់បំផុត ចិន​ក៏​ជា​អ្នក​ដែល​កាន់​សញ្ញា​ប័ណ្ណ របស់​រដ្ឋាភិបាល​អឺរ៉ុប​ច្រើន​ផងដែរ​នោះ។ វត្តមាន​ប្រមុខ​រដ្ឋាភិបាល​ចិន​នៅ​អឺរ៉ុប កើតមាន​ស្រប​ពេលដែល​ស្ថានភាព​បំណុល​ក្រិ​ក​កាន់តែ​ដុនដាប​ណាស់​ទៅហើយ។ ក្រិ​កបាន​បញ្ជា​បិទ​ធនាគារ​បណ្តោះអាសន្ន​ព្រោះ​ខ្វះ​សាច់ប្រាក់ ខណៈ​មេដឹកនាំ​អឺរ៉ុប​អស់ចិត្ត​ចង់​ជួយ​យិ​ត​យោង​ក្រិ​ក​ទៅហើយ។ គេ​ដូចជា​មិនឃើញ​សញ្ញា​វិជ្ជមាន​ណា​សោះ ដែល​បង្ហាញថា​ក្រុង​អាថែន​អាច​ទទួលយក​សំណើ​អឺរ៉ុប​បើ​គ្មាន​ការកែប្រែ។ 

២.ចិន​មិន​ធ្វើជា​វីរៈបុរស​សង្គ្រោះ​ក្រិ​ក​ឡើយ
យ៉ាងណាមិញ តួនាទី​របស់​ក្រុង​ប៉េកាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្រិ​ក​ក៏​ជា​រឿង​គ្រប់គ្នា​កំពុង​ចង់ដឹង​ដែរ។ កន្លងមក គេ​មើលឃើញ​ទាំង​ចិន និង​រុស្ស៊ី​សុទ្ធតែ​ចាត់ទុក​ក្រិ​ក​ជា​ដុំ​ពេជន៍ បើ​មាន​ក្រិ​ក​ជ្រុល​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​មែន ក្រិ​ក​គេច​មិន​រួច​ពីរ​ត់ទៅ​ខ្ចីបុល ឬ​សុំ​ជំនួយ​ពី​មហា​យក្ស​ទាំងពីរ​នេះ។ ប៉ុន្តែ​ក្នុង​សន្និសីទ លោក ក៏​ត្រូវគេ​ចោទសួរ​ផងដែរ​ថា តើ​ចិន​នឹង​ផ្តល់​កម្ចី ឬ​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ក្រិ​ក​ទេ​ដើម្បី​ដោះបំណុល​នេះ​ឬទេ ក្រិ​ក​អស់​លទ្ធភាព? លោក លី ខឹ​ក​ឈៀង បាន​សង្កត់ធ្ងន់​ជាថ្មី​ថា លោក​ចង់ឃើញ​អឺរ៉ុប​ឯកភាពគ្នា សហភាព​អឺរ៉ុប​រីកលូតលាស់​ទៅមុខ​ផង ដែល​នេះ​បញ្ជាក់ថា ចិន​ចង់​ឲ្យ​អឺរ៉ុប​ដោះស្រាយ​រឿង​អឺរ៉ុប​គ្នាឯង។ បញ្ហា​ក្រិ​ក​ជា​រឿង​ផ្ទៃក្នុង​របស់​អឺរ៉ុប ដែល​ចិន​ជឿជាក់ថា រដ្ឋ២៨របស់​សហភាព​អឺរ៉ុប ឬ​សមាជិក​តំបន់​ចាយលុយ​អឺរ៉ុប​មានលទ្ធភាព​គ្រប់គ្រាន់​អាច​ចាត់ចែង​ដោះស្រាយ​វិបត្តិ​បំណុល​ក្រិ​កបាន​ជោគជ័យ។ ហើយ​ចិន​ក៏​ឈរ​ចាំ​គាំទ្រ​បណ្តា​រដ្ឋ​អឺរ៉ុប​ដោះស្រាយ​បំណុល​ក្រិ​ក​ដែរ។ ប្រមុខ​រដ្ឋាភិបាល​ចិន​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ចិន​ពី​ដើម​មក​តែង​ប្រឹងប្រែង​ជួយ​ក្រិ​ក​ដោះស្រាយ​បំណុល ហើយ​ចិន​ក៏​តែង​ឆ្លើយតប​រាល់​ក្តីបារម្ភ​របស់​ក្រិ​ក​ជុំវិញ​សំណុំរឿង​បំណុល​ក្រិ​ក​ដូចគ្នា​ដែរ។ ប៉ុន្តែ​ជួយ​បែបណា​គ្មាន​អ្នកណា​ដឹង​ឡើយ។  ជារួម ចិន​មិនបាន​ជួយ​ក្រិ​ក​ដោះបំណុល​ដោយ​ផ្តល់​លុយ​ទាំង​ដុំ​ទេ តែ​ចិន​ព្យាយាម​ជួយ​ក្រិ​កដោយ​ប្រយោល។ ដូច​ឃើញស្រាប់ ចិន​ព្យាយាម​ប្រើប្រាស់​គម្រោង​វិថី​សូត្រ​នៃ​ក្របខណ្ឌ​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​របស់ខ្លួន​ជួយ​ក្រិ​ក។ កន្លងមក​ចិន​និង​ក្រិ​ក​ចុះ​កិច្ចព្រមព្រៀង​ទំហំ ៥ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ឈានទៅ​ជំរុញ​លំហូរ​វិនិយោគ​ពីរ​ដ្ឋ​ឯទៀត​ទៅ​ក្រិ​ក​ផង។ ជាមួយគ្នានេះ លោក លី ក៏​សន្យាថា​នឹង​បង្កើន​ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អឺរ៉ុប​ដើម្បី​បង្កើន​ការផ្សាភ្ជាប់​រវាង​ចិន​និង​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត ដែល​នេះ​ក៏​ជួយ​ជំរុញ​សេដ្ឋកិច្ច​ក្រិ​ក​និង​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត។

៣.មេដឹកនាំ​អឺរ៉ុប​ព្រលះ​នាយករដ្ឋមន្ត្រី​ក្រិ​ក​យ៉ាង​ចាស់ មុខ​មេដឹកនាំ​ចិន
ដោយឡែក ទោះជា​ចិន​មាន​សុទិដ្ឋិនិយម​ចំពោះ​អឺរ៉ុប​ក្នុង​ការជួយ​ក្រិ​ក​ដោះបំណុល ក៏​គេ​ឃើញ​អឺរ៉ុប​អស់ចិត្ត​ថ្លើម​បន្ត​ជួយ​ក្រិ​កទៀត​ដែរ។ មេដឹកនាំ​កំពូល​អឺរ៉ុប​បាន​ឆ្លៀត​យក​វេទិកា​ពិភាក្សា ព្រលះ​នាយករដ្ឋមន្ត្រី​ក្រិ​ក​ចាស់ដៃ​មុខមន្ត្រី​កំពូល​ក្រុង​ប៉េកាំង។ លោក ហ្ស​ង់ ក្លូ​ចាំង​គឺ មកដល់​កន្លែង​កិច្ចប្រជុំ​យឺត​បន្តិច តែ​មកដល់​ភ្លាម ក៏​ប្រា​ប់លោក លី ខឹ​ក​ឈៀង ថា​កុំ​បន្ទោស​លោក​រឿង​ដោះបំណុល​ក្រិ​ក តែ​បន្ទោស​រដ្ឋាភិបាល​ក្រិ​ក​វិញ។ រឿង​ក្រិ​ម្នាក់ឯង​បានធ្វើ​ឲ្យ​អឺរ៉ុប​ទាំងមូល​វិលមុខ​អស់​ពេល​យូរ​ល្មម​ដែរ ហើយ​រឿង​ដោះស្រាយ​ទៀត​បែបណា​ក៏​អឺរ៉ុប​នឹក​មិនឃើញ​ដែរ ព្រោះ​ក្រិ​ក មិន​ជួយ​ខ្លួនឯង​ផង។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ប្រមុខ​គណកម្មការ​អឺរ៉ុប​ខាងលើ បានលើកឡើងចំៗឥត​លាក់លៀម​ថា នាយករដ្ឋមន្ត្រី​ក្រិ​ក លោក អា​ឡិច​ស៊ី​ស ត្ស៊ី​ប​ប្រាស (Alexis Tsipras) កំពុង​ក្បត់​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត។ អ្វីដែល​លោក ចាំង​គឺ ក្តៅចិត្ត​ជាងគេ​គឺ​ក្រិ​ក​លេងល្បិច ក្រោយ​ចរចា​មិន​ត្រូវរ៉ូវ​ជាមួយ​ម្ចាស់បំណុល ស្រាប់​ប្រកាស​ធ្វើ​ប្រជាមតិ ហើយ​ដ​ង្ហើ​យ​ឲ្យ​ប្រជាជន​បោះឆ្នោត​ទាត់ចោល​សំណើរ​ម្ចាស់​ជា​ថ្នូរ​នឹង​លុយ​ជួយ​ដោះបំណុល​ក្រិ​កទៀត។ ទោះ​មេដឹកនាំ​នេះ ប្រើ​សម្តីធ្ងន់ៗបរិហា​នាយករដ្ឋមន្ត្រី​ក្រិ​ក​ក៏ដោយ ក៏​លោក​ស្នើ​ទៅ​ក្រិ​ក​ឲ្យ​ត្រលប់​ចូល​តុ​ចរចា​វិញ​ក្រោយ​បោះឆ្នោត​ប្រជាមតិ ទោះ​លទ្ធផល​បែបណា​ក្តី៕ 


© រក្សាសិទ្ធិដោយ thmeythmey.com