ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា​នឹង​បើក​ពិគ្រោះ​យោបល់​ចំហ​រលើ​សេចក្ដីព្រាងច្បាប់​NGOនៅ​ខែក្រោយ
01, Jul 2015 , 8:19 am        
រូបភាព

លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ច​ការបទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ពត៌មាន បាន​ឲ្យ​ដឹងថា រដ្ឋសភា​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ ពី​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​រ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នា​វិមាន​រដ្ឋសភា ជាមួយ​អង្គទូត អង្គការ​ជាតិ អន្តរជាតិ​នានា​នៅ​កម្ពុជា ។



បើតាម​គេហទំព័រ​រដ្ឋសភា លោក ឈាង វុន បញ្ជាក់ថា បន្ទាប់ពី​កិច្ចប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ​ជំនាញនីមួយៗនៃ​រដ្ឋសភា ដែល​ទទួល​ភារកិច្ច​ពិនិត្យ​និង​សិក្សា លើ​សេចក្ដីព្រាងច្បាប់​នេះ ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​រួចហើយនោះ ក៏​នឹងមាន​កិច្ចប្រជុំ​អន្តរ​គណៈកម្មការ​ដែរ។លោក ឈាង វុន បន្ថែមថា៖«បន្ទាប់មកទៀត​នឹងមាន​ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ ពី​សេចក្តីព្រាងច្បាប់​នេះ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដោយមាន​ការចូលរួម​ពី​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា អង្គការ​ជាតិ អន្តរជាតិ តំណាង​ក្រសួង​ពាក់ព័ន្ធ រដ្ឋសភា និង​ព្រឹទ្ធសភា​ផងដែរ»។

កន្លងមក​អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ បញ្ជាក់ថា រដ្ឋសភា​មិនអាច​ពន្យារពេល​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ​តទៅទៀត​បានទេ។ លោក​ថា កម្ពុជា​មិនអាច​បណ្តោយ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាង៥ពាន់​ដែលមាន​វត្ត​មាននៅ​កម្ពុជា ឲ្យ​ធ្វើ​សកម្មភាព​ដោយ​មិនមាន​ច្បាប់​គ្រប់គ្រង​នោះឡើយ។

សេចក្តីព្រាងច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​ចំនួន៩ជំពូក រួមមាន៣៩មាត្រា។សេចក្ដីព្រាងច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​រ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន​ចាប់ផ្តើម​យុទ្ធនា​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​នេះ ជា​បន្តបន្ទាប់​មួយរយៈ​ពេល​ចុងក្រោយ​នេះ ដោយ​ពួកគេ​យល់ថា ច្បាប់​នេះ​មានកា​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ពួកគេ។ តែ​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ផ្ដាំផ្ញើ​ទៅ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ថា កុំ​មានការ​ព្រួយបារម្ភ​ពេក​ចំពោះ​ច្បាប់​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com