កីឡាជាតិ
ខេមបូឌានលីក៖ ណាហ្គាវើល ប៉ះស្វាយរៀងនៅស្តាតចាស់ ស៊ីម៉ាកជួបគិរីវង់នៅបាទី ខ្សែបម្រើស្វាយរៀង ប្រាក់ មុន្នីឧត្តម (ឆ្វេង) និងខ្សែការពារណាហ្គាវើល ទៀង ទីនី នាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup 2014
× ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីករដូវកាលថ្មីចាប់ដំណើរការពីថ្ងៃទី១ ខែកក្កដា នេះ នៅលើទីលានផ្សេងៗខ្លួន។ នាជំនួបបើកឆាក ម្ចាស់ជើងឯកឆ្នាំ២០១៣ ស្វាយរៀង ត្រូវតទល់ជាមួយជើងឯកពីរជំនាន់ ណាហ្គាវើល នៅលើទីលានកងយោធពលខេមរភូមិន្ទ ខណៈក្រុមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (ស៊ីម៉ាក់) បើកការប្រកួតក្របខណ្ឌកំពូលរបស់ខ្លួនដោយត្រូវតទល់ជាមួយគិរីវង់ សុខសែនជ័យ នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី III ។
ណាហ្គាវើល ជួប ស្វាយរៀង (ម៉ោង៣:៣០នាទី នៅស្តាតចាស់)
ក្រុមទាំង២ ត្រូវជួបគ្នានៅវេលាម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ១ ខែ កក្កដា នេះនៅទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិទូរទស្សន៍ BTV ផងដែរ។
សម្រាប់ណាហ្គាវើល រដូវកាលនេះបានតំឡើងតំណែងលោក មាស ចាន់ណា ដែលជាគ្រូជំនួយធ្វើជាគ្រូបង្គោល ស្របពេលលោកគ្រូបង្វឹកចាស់ ប្រាក់ សុវណ្ណរ៉ា ចាកចេញពីក្រុម។ លោកគ្រូបង្វឹកថ្មី តែមានបទពិសោធន៍ធ្វើការបាល់ទាត់សឹងតែគ្រប់គ្រូបង្វឹកជម្រើសជាតិគ្រប់ជំនាន់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និយមសម្លឹងមើលឃើញកីឡាករក្មេងៗដែលមានសមត្ថភាព។
ចំណែកក្រុមស្វាយរៀង ទើបតែលើកពានលំដាប់ទី២ ប្រចាំប្រទេសគឺពាន Hun Sen Cup កាលពីដើមឆ្នាំកន្លងទៅ។ ក្លិបនេះត្រូវបានទស្សនិកជនសម្លឹងឃើញថាមានកីឡាករក្មេងៗ មានកេរ្តិ៍ឈ្មោះជាច្រើនទាំងនៅក្លិប និង នៅក្នុងឈុតជម្រើសជាតិ ដួចជា ប្រាក់ មុន្នីឧត្តម, ហួយ ផល្លីន, នេន សុធារ័ត្ន, ណុប តុលា ជាដើម។
ចំពោះ ៣ ពិន្ទុថ្ងៃបើកឆាកនៅដើមរដូវកាលនេះ ក្នុងសភាពស្រពិចស្រពិលនៅឡើយនោះទេ ព្រោះសមត្ថភាពក្រុមទាំង ២ និង ទម្រង់លេង ស្ថិតក្នុងអាថ៌កំបាំងនៅឡើយ។
ស៊ីម៉ាក់ ជួបគីរីវង់សុខសែនជ័យ (វេលាម៉ោង ៣:៣០ នាទី នៅទីលានបាទី III)
ក្រុមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (ស៊ីម៉ាក់) បង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ក្រមខណ្ឌមិត្តហ្វូនខេមបូឌានលីក ដោយក្រុមមួយនេះ មានឈ្មោះលេងក្រោយការដកខ្លួនចេញរបស់ក្រុម Albirex Niigata Phnom Penh។ គិរីវង់សុខសែនជ័យ បានគេចផុតពីការធ្លាក់ទៅលេងក្របខណ្ឌក១ បន្ទាប់ពីបានជោគជ័យនៅវគ្គ Playoff ដែលក្នុងនោះ ក្រុមមកពីខេត្តតាកែវ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយស៊ីម៉ាក់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com