ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការបរទេស​ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​គម្រោង​សាងសង់​ផ្លូវ​ជាបន្ទាន់​ក្រោយ​ផ្ទុះ​ហិង្សា
01, Jul 2015 , 4:00 pm        
រូបភាព
ក្រសួងការបរទេស​ក​ម្ពុ​ជា ចេញ​កំណត់​ទូត​ថ្មី​មួយទៀត​នៅ​ថ្ងៃ​ពុធ​នេះ ផ្ញើ​ទៅកាន់​ស្ថានទូត​វៀតណាម ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ជាបន្ទាន់​នូវ​ការសាងសង់​សំណង​នៅតាម​បន្ទាត់​ព្រំដែន ដែល​មិនទាន់​បានកំណត់ នៅ​ខេត្តស្វាយរៀង។កំណត់​ទូត​ថ្មី​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នេះ ធ្វើឡើង​ក្រោយពី​ការប៉ះទង្គិច​ត្រង់ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ ។ ការប៉ះទង្គិច​គ្នា​នោះ​ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​លោក​Le Hai Binh ចោទថា បណ្ដាលមកពី​ជន​ជ្រុលនិយម​មួយចំនួន​ល្មើស​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា។



កំណត់​ទូត​ថ្មី​ជា​ភាសារ​អង់គ្លេស​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី០១ ខែកក្កដា​នេះ ឲ្យ​ដឹងថា ភាគី​វៀតណាម​ត្រូវ​បញ្ឈប់​ជាបន្ទាន់​រាល់​គម្រោង​ស្ថាបនា​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ដោយ​រង់ចាំ​គណៈកម្មាធិការ​ព្រំដែន​រួម​នៃ​ប្រទេស​ទាំងពីរ​បញ្ចប់​ការកំណត់​ព្រំដែន តាម​ផែនទី១/១០០.០០។ ក្រសួងការបរទេស​ក​ម្ពុ​ជា​ទាមទារ​ឲ្យ​វៀតណាម​ផ្តល់ព័ត៌មាន​ពី​កន្លែង ដែល​អាជ្ញាធរ​វៀតណាម​គ្រោង​ស្ថាបនា​ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។ ជាពិសេស​ផែនទី​នៃ​តំបន់​ស្ថាបនា​ផ្លូវ​នៅតាម​ព្រំដែន ដែល​គណៈកម្មាធិការ​ព្រំដែន​រួម​នៃ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​ក្នុង​ការដាំ​បង្គោល​ព្រំដែន ឬ​ការសម្រេច​ដោះដូរ​ដី ក្នុង​ក្របខណ្ឌ​នៃ​អនុស្សរណៈ​យោគយល់​គ្នា(MOU)ឆ្នាំ២០១១ ។

ក្រសួងការបរទេស​ក​ម្ពុ​ជា​ទាមទា​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​ជាបន្ទាន់​នូវ​គម្រោង​កសាង​ផ្លូវ​ក្នុង​តំបន់៣តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង ដែល​មិនទាន់​ត្រូវបាន​កំណត់ព្រំដែន។ តំបន់​ទាំងនោះ​រួមមាន កំណាត់​ផ្លូវ​ចន្លោះ​បង្គោល​ព្រំដែន​លេខ១៩៤ និង២០៣ ប្រហែល២០ម៉ែត្រ​ពី​បន្ទាត់​ព្រំដែន ក្នុងស្រុក​ចន្ទ្រា ខេត្តស្វាយរៀង។ កំណាត់​ផ្លូវ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ២១១ និង២១៣ ប្រហែល១០ម៉ែត្រ​ពី​បន្ទាត់​ព្រំដែន ក្នុងស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង និង​កំណាត់​ផ្លូវ​នៅ​ចន្លោះ​បង្គោល​លេខ២១៣ និង២២៧ ប្រហែល៤៥ម៉ែត្រ​ពី​បន្ទាត់​ព្រំដែន​ក្នុងស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។

កំណត់​ទូត​ថ្មី​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នេះ ធ្វើឡើង​ស្របពេល​តំណាងរាស្ត្រ​បក្សប្រឆាំង​និង​អ្នកវិភាគ រិះគន់​ក្រសួងការបរទេស​ថា មាន​ភាពកម្សោយ​និង​ផ្ដល់​ភាពអាម៉ាស​សម្រាប់​កម្ពុជា ដែល​មិន​អើពើ​ចំពោះ​ការប៉ះទង្គិច​គ្នា រវាង​ភាគី​វៀតណាម និង​កម្ពុជា នៅ​ព្រំដែន​ខេត្តស្វាយរៀង ខណៈដែល​ក្រសួងការបរទេស​វៀត​ណា​ម​ថ្កោលទោស​ភាគី​កម្ពុជា​កាលពីពេលថ្មីៗនេះ។

រយៈពេល​ចុងក្រោយ​នេះ​ក្រសួងការបរទេស​កម្ពុ​ជា​បានចេញ​កំណត់​ទូត​ជា​បន្តបន្ទាប់ ទៅកាន់​រដ្ឋាភិបាល​វៀត​ណា​ម ពី​បញ្ហា​ព្រំដែន ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ការឆ្លើយតប​ពី​ភាគី​វៀតណាម​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា​វិញ​នៅឡើយ​ទេ។ កន្លងមក​គណបក្សប្រឆាំង និង​អ្នកវិភាគ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​អង្គការសហប្រជាជាតិ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដែរ ក្នុងករណី​ដែល​ភាគី​វៀតណាម​មិន​ឆ្លើយតប​តាម​កំណត់​ទូត៕




© រក្សាសិទ្ធិដោយ thmeythmey.com