ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ុំ សំអាន ជា​តំណាងរាស្ត្រ​ទី ២ បន្ទាប់ពី​លោក សុន ឆ័យ ដែល​ត្រូវ​លោក ឈាង វុន ដេញចេញ​ពីស​ភា
01, Jul 2015 , 4:45 pm        
រូបភាព
ដោយ:

នៅថ្ងៃនេះ លោក ឈាង វុន បាន​បណ្តេញ​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត​ក្នុង​បរិវេណ​វិមាន​រដ្ឋសភា។ ការបណ្តេញ លោក អ៊ុំ សំអាន ពី​សំណាក់​លោក ឈាង វុន នេះ បាន​ធ្វើឡើង​ពីក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​ចំនួន ៣ នៅ​វិមាន​រដ្ឋសភា​ស្តីពី​សេចក្តីព្រាងច្បាប់ សមាគម និង​អង្គការក្រៅរដ្ឋាភិបាល។ លោក អ៊ុំ សំអាន ជា​អ្នកតំណាងរាស្ត្រ​ទី ២ ហើយ ដែល​ត្រូវ​លោក ឈាង វុន ដេញ​ចេញពី​វិមាន​រដ្ឋសភា បន្ទាប់ពី​លោក សុន ឆ័យ។



បន្ទាប់ពី​លោក សុន ឆ័យ លោក អ៊ុំ សំអាន គឺជា​អ្នកតំណាងរាស្ត្រ​ទី ២ ដែល​ត្រូវ​លោក ឈាង វុន បណ្តេញ​ចេញពី​បរិវេណ​រដ្ឋសភា​មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​សារព័ត៌មាន។តាមពិតទៅ ដើមចម ដែល​នាំ​ឲ្យ​លោក ឈាង វុន ខឹង លោក អ៊ុំ សំអាន ហើយ​បណ្តេញ​អ្នកតំណាងរាស្ត្រ​រូបនេះ​ចេញពី​វិមាន​រដ្ឋសភា​នោះ ដោយសារ​លោក អ៊ុំ សំអាន ប្រុង​ផ្តល់​បទ​សម្ភា​ន៍​ដល់​អ្នកសារព័ត៌មាន ក្រោយពី​លោក​ចេញពី​កិច្ចប្រជុំ​គណៈកម្មការ​រដ្ឋសភា​ចំនួន ៣ ស្តីពី​សេចក្តីព្រាងច្បាប់ សមាគម និង​អង្គការក្រៅរដ្ឋាភិបាល នៅ​ថ្ងៃ​ពុធ​នេះ។

តែ​លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញមក​បង្អា​​ក់ ហើយ​បណ្តេញ​លោក អ៊ុំ សំអាន ព្រមទាំង​​ហាម​អ្នកកាសែត​មិន​ឲ្យ​សម្ភាសន៍​តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ​នៅក្នុង​បរិវេណ​រដ្ឋសភា។ លោក ឈាង វុន និង​លោក អ៊ុំ សំអាន បានប្រកែក​គ្នា​ពី​សិទ្ធិរៀងៗខ្លួន។ លោក ឈាង វុន បាន​ប្រាប់​ទៅ​លោក អ៊ុំ សំអាន ថា បើ​លោក ចង់​និយាយប្រាប់​អ្នកកាសែត​នៅក្នុង​រដ្ឋសភា ត្រូវសុំ​ច្បាប់​ពី​ប្រធានរដ្ឋសភា​ជាមុនសិន ហើយ​លោក ឈាង វុន ថែមទាំង​អះអាងថា អ្នក​ដែលមាន​សិទ្ធិ​និយាយ​មានតែ​រូបលោក​ដែលជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ប៉ុណ្ណោះ។ «ខ្ញុំ​ទទួល​សិទ្ធិ​ពីស​ម្តេច​ប្រធាន ខ្ញុំ​អាន​និយាយបាន »។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈាង វុន ។

ក៏ប៉ុន្តែ​លោក អ៊ុំ សំអាន ក៏បាន​ប្រកែក​តប​ទៅ​លោក ឈាង វុន វិញ​ថា រូបលោក​ក៏មាន​សិទ្ធិ​និយាយ​ដែរ ព្រោះ​លោក​ជា​តំណាង​ពលរដ្ឋ​ដែល​បោះឆ្នោត​ជូន​លោក​ឲ្យ​កាន់តំណែង​ជា​តំណាងរាស្ត្រ។ បើទោះបីជា​ប្រកែក​ជាមួយ​លោក ឈាង វុន យ៉ាងណាក្តី លោក អ៊ុំ សំអាន នៅតែ​មិនអាច​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត​បាន​ដដែល​ពី​ព្រោះតែ​លោក ឈាង វុន ព្រមាន​ហៅ​សន្តិសុខ​រដ្ឋសភា ឲ្យ​អូស​អ្នកកាសែត​ចេញ បើ​នៅតែ​ចចេស​សម្ភាសន៍​លោក អ៊ុំ សំអាន ទៀត​នោះ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ លោក ឈាង វុន បាន​ប្រាប់​សន្តិសុខ​ថា ប្រសិនបើ​លោក អ៊ុំ សំអាន ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​នៅ​កន្លែង​ណា​ដែល​លោក​មិន​បានឃើញ​នៅក្នុង​បរិវេណ​រដ្ឋសភា​នោះ ត្រូវ​រាយការណ៍​មក​លោក​ជាបន្ទាន់។

សូមបញ្ជាក់ថា ករណី​ស្រដៀង​គ្នា​នេះដែរ កាលពី​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៣ លោក ឈាង វុន ក៏​ធ្លាប់បាន​បណ្តេញ​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ចេញពី​វិមាន​រដ្ឋសភា​មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​កាសែត​ផងដែរ បន្ទាប់ពី​រូបលោក​ធ្វើ​សន្និសីទកាសែត​ស្តីពី​ការសម្រេច​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ​បក្សប្រឆាំង​នៅពេលនោះ។ ហេតុផល​របស់លោក ឈាង វុន ពេលនោះ ដោយសារ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ពោលគឺ លោក សុន ឆ័យ ត្រូវបានគណៈ​កម្មាធិការ​អចិន្រ្តៃយ៍​​​រដ្ឋសភា​លុប​​សុពល​ភាពជា​តំណាងរាស្ត្រ​ចោល៕


© រក្សាសិទ្ធិដោយ thmeythmey.com