ជាតិ
សង្គមជាតិ
ក្រុមយុវជន​ស្ម័គ្រចិត្ត​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ Pigo Challenge ដើម្បី​លើកកម្ពស់​សុចរិត​ភាពនៅថ្ងៃស្អែក
04, Jul 2015 , 9:55 am        
រូបភាព
ដោយ:
យុវជន​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា​មួយក្រុម​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ Pigo Challenge នៅ​ថ្ងៃទី៥ កក្កដា​ខាងមុខនេះ។ ព្រឹត្តិការណ៍​រយៈពេល​ពេញ​មួយថ្ងៃ​នេះ មាន​គោលបំណង ផ្សព្វផ្សាយ លើកកម្ពស់​សុចរិត​ភាព អប់រំ​យុវជន​ឲ្យ​យល់ដឹង​ពី​អំពើពុករលួយ និង​កៀងគរ​យុវជន​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​នៅ​កម្ពុជា។



សមាជិក​ក្រុម Pigo កញ្ញា លី ញុ​គ​ជិន បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ពេញ​មួយថ្ងៃ​នេះ​មាន​អ្នកចូលរួម​ជិត៨០នាក់។ អ្នកចូលរួម​ទាំងអស់​នឹង​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា ដើម្បី​ធ្វើការ​ប្រកួតប្រជែង និង​លេងល្បែង​កម្សាន្តផ្សេងៗ ហើយ​ឆ្លើយ​នឹង​សំណួរ​ជុំវិញ​អំពើពុករលួយ មុននឹង​ពួកគេ​ចេញដំណើរ​ទៅកាន់​តំបន់​គោលដៅផ្សេងៗគ្នា ដើម្បី​ផ្សព្វផ្សាយ​និង​លើកកម្ពស់​សុចរិត​ភាព។ តំបន់​គោលដៅ​ដែល​ក្រុមយុវជន Pigo បានគ្រោង​ទុក​មាន៧កន្លែង​ផ្សេងគ្នា។

បន្ថែម​ពីនេះ​ក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​យុវតី លី ញុ​គ​ជិន នឹង​ផ្សព្វផ្សាយ​ពី​មជ្ឈមណ្ឌល​តស៊ូ​មតិ និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ (ALAC) របស់​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា និង​ផ្សាយ​ពី​កម្មវិធី​ទូរ​សព្ទ​ឈ្មោះ Bribespot ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី​នេះ​រាយការណ៍​ពី​អំពើពុករលួយ​ផងដែរ។ សូមបញ្ជាក់ថា Pigo (Promote Integrity go) ជា​ក្រុមយុវជន​ស្ម័គ្រចិត្ត​ធ្វើការ​ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​សុចរិត​ភាព​នៅ​កម្ពុជា៕ 


© រក្សាសិទ្ធិដោយ thmeythmey.com