ជាតិ
ប៉ុស្តិ៍នគរបាល​អាចារ្យ​លាក់ ជាប់​លេខ១បី​ឆ្នាំ​ផ្ទួនគ្នា​ពី​ភូមិ​ឃុំ មាន សុវត្ថិភាព
03, Jul 2015 , 3:30 pm        
រូបភាព
ដោយ:
កំពង់ធំ៖ នាពេល​កន្លងទៅថ្មីៗនេះ ប៉ុស្តិ៍​នគរ​រដ្ឋបាល សង្កាត់​អាចារ្យ​លាក់ បានទទួល​ទាំង​បណ្ណ​សរសើរ​ដល់​អង្គភាព ព្រម​លិខិត​សរសើរ​ចំពោះ​សមាជិក​ទាំងអស់ ព្រមទាំង​ប្រជា​ការពារ​គ្រប់រូប​ផងដែរ។ គឺជា​លា​ភី​ក្នុង​វិញ្ញាសា​ភូមិ​ឃុំ​មាន​សមត្ថភាព។ ការចែក​បណ្ណ​សរសើរ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់លោក​អភិបាលខេត្ត និង អនុ​រដ្ឋលេខា​ក្រសួងមហាផ្ទៃ។



កាលពី​ឆ្នាំ២០១០ ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នៅ​កម្មវិធី​ប្រកួតប្រជែង​មួយ ក្រោម​ប្រធានបទ «ភូមិ​ឃុំ​មាន​សុវត្ថិភាព» នៅតាម​ភូមិ​សង្កាត់​ទូទាំងប្រទេស​កម្ពុជា។ នៅក្នុង​ការប្រឡងប្រណាំង​នេះដែរ សង្កាត់​និង​ប៉ុស្តិ៍នគរបាល​អាចារ្យ​លាក់ បានសម្រេច​ទៅតាម​គោលដៅ​របស់​ក្រសួងមហាផ្ទៃរហូត​ទទួលបាន​ចំណាត់​លេខ១ ទូទាំងប្រទេស។ ការសម្រេចបាន​លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ គឺ​សុទ្ធ
តែមាន​កិច្ចសហការ​ល្អ ពី​លោក​ចៅសង្កាត់ និង​លោក​មេ​ប៉ុស្តិ៍នគរបាល អាចារ្យ​លាក់។បុរស​សម្បុរ​ស្រអែម មាន​មាឌ​ធាត់ ខ្ពស់ កំពុង​អង្គុយ​ធ្វើការ​យ៉ាង​មមាញឹក​ក្នុង​ការិយាល័យ​បណ្តើរ ឆ្លៀតពេល​និយាយ​ជាមួយ​អ្នកកាសែតថ្មីៗបណ្តើរ ពី​ដំណើរ​ដើមចម​ដែល​ធ្វើឱ្យ​ប៉ុស្តិ៍នគរបាល​របស់លោកទទួលបាន​ចំណាត់ថ្នាក់១ ផ្ទួនៗគ្នា​នេះ។

លោកអនុសេនីយឯកស៊ុនគ្រឿនបានមានប្រសាសន៍ថា៖«ដើម្បីទទួលបានជោគជ័យនេះគឺយើងត្រូវចុះឱ្យដល់ទីលំនៅរបស់ពលរដ្ឋឬតាមមូលដ្ឋានហើយត្រូវដឹងពីតម្រូវការ​របស់គាត់។ យើង​នៅ​ប៉ុស្តិ៍ គ្រាន់តែ​តំណាងឱ្យ​ភូមិ តែ​យើង​មិនអាច​ដឹងថា នៅតាម​មូលដ្ឋាន​មាន​អ្វី​កើត​ខ្លះ​ទេ»។

លោក​បាន​បន្ថែមថា តម្រូវការ​ប្រជាពលរដ្ឋ​សព្វថ្ងៃ គឺ​ភាព​សុខដុម សុវត្ថិភាព និង​សន្តិសុខ​សង្គម ទាំង​សម្រាប់​ផ្ទាល់ខ្លួន​ពួកគាត់ ទាំង​ក្នុង​ក្រុមគ្រួសារ និង​ក្នុង​សហគមន៍​ផងដែរ។

លោក​អនុសេនីយ៍ឯក ពន្យល់ថា ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺជា​ភូមិ​ដែល​គ្មាន​ចោរលួច ចោរប្លន់ គ្មាន​ការចែក​ចាយ​ប្រើប្រាស់​គ្រឿងញៀន គ្មាន​អំពើហិង្សា មិនមាន​ក្មេង​ទំនើង និង​មិនមាន​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ រួមទាំង​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍។

ស្ថិតក្នុង​ឯកសណ្ឋាន​នគរបាល ក្នុងពេល​កំពុង​បំពេញភារកិច្ច ដោយ​នៅលើ​តុ​ការងារ​មានឯកសារ​ជាច្រើន​ដែល​ត្រូវបំពេញ លោក​មេ​ប៉ុស្តិ៍​រូបនេះ មានបទពិសោធន៍​ច្រើន​ជា​មេ​ប៉ុស្តិ៍នគរបាលព្រោះ​លោក​បាន​ចូល​បម្រើ​ការងារ​តាំងពី​ឆ្នាំ១៩៨៧ ជា​នគរបាល​ខេត្ត និង​ក្រោយមក​បាន​ផ្លាស់​មក​ធ្វើជា​មេ​ប៉ុស្តិ៍​នៅ​សង្កាត់​អាចារ្យ​លាក់​ក្នុង​ឆ្នាំ១៩៩៦ ។ លោក​បញ្ជាក់ថា កាលពីមុន​ឃុំ​មួយ​នេះ ជា​ឃុំប្រឈម​មួយ ព្រោះ​កាលនោះ ការអនុវត្ត​ច្បាប់​មិនសូវ​តឹងរ៉ឹង​ដូច​សព្វថ្ងៃ ដូចជា​មានការ​បាញ់បោះ​សេរីអ៊ីចឹង​ហើយ ពេល​នោះដែរ​ក៏មាន​អំពើ​ឆក់​ប្លន់​ច្រើន​ដែរ។ ប៉ុន្តែ​ខាង​លោក​បាន​រឹតបន្តឹង ឱ្យ​សមាជិក​នគរបាល អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ និង​ការពារ​ឱ្យនូវ​រាល់​ចំណុច​អសកម្ម​ទាំងឡាយ ទើប​សង្កាត់​មួយនេះ ចាប់ផ្តើម​មាន​សុខសន្តិភាព​បន្តិចម្តងៗ រហូតមកដល់​សព្វថ្ងៃ។ ក្រៅពីនេះ តាម​ការសហការជាមួយ​លោក​ចៅសង្កាត់ តប​តាម​គោលដៅ​របស់​ថ្នាកលើ ក្រុម​ប្រជា​ការពារ​មួយ​ត្រូវបាន​បង្កើតឡើងដើម្បីឱ្យ​ភូមិ​ឃុំ កាន់​តែមាន​សុវត្ថិភាព បញ្ជៀ​ស​នូវ​ចំណុច​អសកម្ម​ទាំងឡាយ។

លោក​បញ្ជាក់ថា ការ​រើស​ប្រជា​ការពារ ត្រូវធ្វើឡើង​ទៅតាម​ការ​ស្ម័គ្រ​ពី​ពលរដ្ឋ​ក្នុងភូមិនីមួយៗ ។ក្រុម​ប្រជា​ការពារ​ត្រូវ​បែង​ចែកជាក្រុមៗ មាន​សមាជិក៦ទៅ៧នាក់ ហើយ​ត្រូវ​ចុះ​យាម​តាម​គោលដៅ
ជា​រៀងរាល់ថ្ងៃ។ ប្រជា​ការពារ ត្រូវមាន​ភារកិច្ចសំខាន់ៗបួន គឺ ទីមួយ ពួកគាត់​មាន​សិទ្ធិ​ចូលរួមសហការ​ជាមួយ​កង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ។ ទី២ក្រើនរំលឹក​ប្រជាពលរដ្ឋ ឱ្យ​ចេះ​ទុកដាក់​ទ្រព្យសម្បតិ្ត ក្រែង​មានការ​ធ្វេសប្រហែស​ណាមួយ។ ទី៣ គាត់មាន​សិទ្ធិ​ចូលរួម​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ដូចជា ឆក់ ប្លន់ រំលោភ​ជាដើម។ ទី៤ ពួកគាត់​គ្មាន​សិទ្ធិ​បំពាក់អាវុធ​ពី​កម្លាំង​ណាមួយ​ឡើយ។

បើ​គិត​មកដល់​ឥឡូវនេះ សមាជិក​ប្រជា​ការពារ​ក្នុង​សង្កាត់​នេះ មានចំនួន៥៦នាក់ បើ​គិត​ទាំង​សមាជិក​នៃ​ប៉ុស្តិ៍នគរបាល។ តាមរយៈ​កម្លាំង​ប្រជា​ការពារ​នេះ ដែល​បំពេញភារកិច្ច​ប្រកបដោយ​ទំនួល​ខុសត្រូវ រក្សាបាន​នូវ​សុខសន្តិភាព និង​សណ្តាប់ធ្នាប់​ដល់​សង្កាត់ ទើប​ប៉ុស្តិ៍លោក អាច​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​ទាំង​ក្នុង​ខេត្ត​និង​ប្រទេស។


© រក្សាសិទ្ធិដោយ thmeythmey.com