សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ៖ ឧស្សាហកម្ម​ផ្លូវភេទ​ប្រើ​មនុស្ស២.៨លាន​នាក់​និង​រក​ចំណូល​ជាង៦ពាន់​លាន​ដុល្លារ​រាល់​ឆ្នាំ
03, Jul 2015 , 4:25 pm        
រូបភាព

របរ​រកស៊ី​ផ្លូវភេទ​នៅក្នុង​ប្រទេស​ថៃ​ត្រូវបាន​គេ​ហៅថា​ជា​ឧស្សា​កម្ម​ទៅហើយ ព្រោះ​របរ​រកស៊ី​នេះ​ជា​អាច​ទាញ​ចំណូល​ពី​អ្នកទេសចរ​បាន​ជាង៦ពាន់​លាន​ដុល្លារ​រាល់​ឆ្នាំ។ បើទោះជា​មិន​មានការ​ទទួលស្គាល់ថា អាជីវកម្ម​ផ្លូវភេទ​ស្របច្បាប់​ក្តី យោងតាម​របាយ​ការស្រាវជ្រាវ​ប្រជាជន​ថៃ២.៨លាន​នាក់​កំពុង​បម្រើ​សេវាកម្ម​ផ្លូវភេទ​រួចទៅហើយ។ យ៉ាងណាមិញ រដ្ឋាភិបាល​សឹក​និង​ប្រជាជន​ថៃ​មួយចំនួន​ចង់​ដោះស្រាយ​បញ្ហា​រកស៊ី​ផ្លូវភេទ​ដែល​ធ្វើ​ឲ្យ​អាប់អោន​កិត្តិយស​រាជាណាចក្រ​ថៃ​ផង។


លោក មុំ ពិទូរ្យ ល​ម្ងិ​ត​ព័ត៌មាន​នេះ



របរ​រ​រកស៊ី​ជួញដូរ​ផ្លូវភេទ ក្លាយជា​រឿង​សាមញ្ញ​ហើយ​នៅក្នុង​ប្រទេស​ថៃ ដោយ​គេ​ចាត់ទុក​វា​ជា​ឧស្សាហកម្ម​ដែល​ទាញ​ចំណូល​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​សេដ្ឋកិច្ច​ថៃ​រៀងរាល់ឆ្នាំ។ អាច​និយាយបានថា​ទីផ្សារ​ផ្លូវភេទ​របស់​ថៃ​ជា​ប្រភព​ចម្បង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

បើ​យោងតាម AsianCorrespondent ឧស្សា​កម្ម​ផ្លូវភេទ​ថៃ អាច​ទាញ​ចំណូល​ពី​អ្នកទេសចរ​បរទេស​បាន​រហូតដល់៦.៤ពាន់​លាន​ដុល្លារ​អាមេរិក​រៀងរាល់ឆ្នាំ ហើយ​អ្នក​ដែល​កំពុង​ប្រកប​របរ​នេះ​មាន​រហូតដល់២.៨លាន​នាក់​ឯណោះ។ បើតាម​អ្នកស្រាវជ្រាវ អ្នកសុខ​ចិត្ត​ប្តូរ​ខ្លួន​ដើម្បី​ប្រកប​របរ​ដែល​សង្គម​មិន​ស្វាគមន៍​នេះ ក៏​ដោយសារតែ​ប្រឈម​បញ្ហា​សេដ្ឋកិច្ច និង​ដោយសារ​គ្មាន​ចំណេះដឹង​ដែរ។

គេ​មិនអាច​ប្រកែក​បានឡើយ ដែលថា ទេសចរណ៍​ផ្លូវភេទ​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការរកចំណូល​ជួយ​ជាតិ និង​សង្គម​ថៃ​ហាក់​បើកទូលាយ​បន្តិច​មែន ប៉ុន្តែ​ឧស្សាហកម្ម​ផ្លូវភេទ​មិនទាន់​ត្រូវ​រដ្ឋាភិបាល​សម្រេច​ទទួល​ស្គាល់​ថា​ជា​របរ​រកស៊ី​ស្របច្បាប់​ឡើយ។ បន​ស្រី រង្គសាល​ឬ​ក្លឹប​ដែល​ផ្តល់​សេវា​ផ្លូវភេទ​នៅ​បន្ត​រកស៊ី​ជាសម្ងាត់ និង​ចំហរ​ខ្លះ​អាស្រ័យ​តាម​ស្ថានភាព ប៉ុន្តែ​សម្រាប់​អ្នក​ដែល​រកស៊ី​របរ​នេះ​នៅ​លាក់កំបាំង​អត្តសញ្ញាណ​ខ្លួន​នៅឡើយ។ នេះ​បង្ហាញ​យ៉ាងច្បាស់​ថា ប្រជាជន​នៅ​មិនទាន់​មានគំនិត​ចង់​ទទួលស្គាល់​ការបង្កើត​ឲ្យ​មាន​ឧស្សា​កម្ម​ផ្លូវភេទ​ស្របច្បាប់​នៅក្នុង​រាជាណាចក្រ​ថៃ​នៅឡើយ​ទេ។

ប្រជាជន​ថៃ​មួយចំនួន​ចង់​ឲ្យ​មានការ​បង្ក្រាប​រប​ររ​ក​ស៊ី​នេះ ដោយ​ពួកគេ​បារម្ភ​ពី​ផលប៉ះពាល់​ដែល​កើតមាន​ចំពោះ​ប្រពៃណី និង​វប្បធម៌​ដ៏​ផូរផង់​របស់​ថៃ ដែល​ថៃ​ជា​ប្រទេស​គោរព​ប្រតិបត្តិ​សាសនាព្រះពុទ្ធ មាន​សីលធម៌ និង​វិន័យ​ល្អប្រសើរ​ផង។ តែ​សម្រាប់​ប្រជាជន​ថៃ​ខ្លះ មើលឃើញថា ឧស្សាហកម្ម​នេះ​នាំ​ចំណូល​ច្រើនសន្ធឹក​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ថៃ​ផងដែរ ដែល​បញ្ជាក់ថា​ការបង្ក្រាប​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចៀស​មិន​រួច។

ជុំវិញ​ការខ្វែងគំនិត​នេះ របប​សឹក​ថៃ ក្រោម​ការដឹកនាំ​របស់​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា ធ្លាប់​ប្រកាសថា​ចង់​រៀបចំ​ដោះស្រាយ​បញ្ហា​សីលធម៌​ក្នុងសង្គម​ថៃ​បច្ចុប្បន្ន​ផងដែរ ដូចជា​ដោះស្រាយ​បញ្ហា​ទេសចរណ៍​ផ្លូវភេទ​អាណា​ធិ​តេ​យ្យ​ជាដើម។ ប៉ុន្តែ​ដូច​ឃើញស្រាប់​ហើយ បើ​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវ​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ផ្សេងទៀត​ដូចជា​ការបាត់បង់​ចំណូល​ជាតិ​ប្រចាំឆ្នាំ​ច្រើនសន្ធឹក។ យ៉ាងណាមិញ  អ្វីដែល​រដ្ឋាភិបាល​ត្រូវផ្តោត​ការចាប់អារម្មណ៍​គឺ​ភាពក្រីក្រ និង​កង្វះខាត​ចំណេះដឹង ដែល​វា​នៅតែ​ជា​ឬ​សគល់​នៃ​ការលះបង់​ខ្លួនប្រាណ​ដើម្បី​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​នេះ។ ម្យ៉ាងទៀត​សង្គម​ថៃ​ទាំងមូល​ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ដោយ​បើកទូលាយ​ទទួលយក​អ្វីដែល​កើតមាន​យូរអង្វែង​រួចទៅហើយ​ក្នុងសង្គម​របស់ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com