អន្តរជាតិ
ម៉ាឡេស៊ី​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​បង្កើត​សវនាការកាត់ទោស​អ្នកបាញ់​យន្តហោះ MH17
03, Jul 2015 , 5:07 pm        
រូបភាព
ដោយ:
សល់​រយៈពេល​ត្រឹមតែ២សបា្តហ៍​ទៀត​តែប៉ុណ្ណោះ នឹង​ឈានដល់​ខួប​មួយឆ្នាំ នៃ​ការបាញ់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ម៉ាឡេស៊ី MH17 នៅក្បែរ​ព្រំប្រទល់​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន។ មិនទាន់មាន​ប្រទេស​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ករណី​ធ្លាក់​នេះ​នៅឡើយ​នោះទេ។ ហើយ បញ្ហា​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ស្នើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ បង្កើត​តុលាការ​វែកមុខ និង​កាត់ទោស​អ្នកទទួលខុសត្រូវ។



ម្សិលមិញ​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ ស្តីពី​ការស្នើ​ឲ្យ ចេញ​សេចក្តីសម្រេច​ដើម្បី​បង្កើត​សវន​ការ​មួយ ស្វែងរក​អ្នកទទួលខុសត្រូវ​លើ​ករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​ម៉ាឡេស៊ី MH១៧ កាលពី២០១៤ កន្លងទៅនេះ។

បើ​យោងតាម​ការបញ្ជា​ក់រប​ស់អគ្គ​រាជទូត​ណូ​វែ​ល​ហ្សេ​ឡង់ លោក Gerard van Bohemen ដែលជា ប្រធាន​នៃ​ក្រុមប្រឹក្សាសន្តិសុខ ម៉ាឡេស៊ី​នឹង​បង្ហាញ​សេចក្តីព្រាង​ដំណោះស្រាយ​ថ្មី​មួយ​ទាក់ទង​នឹង បញ្ហា​ធ្លាក់​យន្តហោះ​MH១៧ ដើម្បី​ដាក់​ឲ្យ​ក្រុមប្រឹក្សា​អនុម័ត។ សំណើរ​នេះ​ធ្វើឡើង ក្នុង​គោលបំណង​បង្កើត​ក្រុម​ស៊ើបអង្កេត​ដែល​នឹង​ដឹកនាំ​ដោយ​ម៉ាឡេស៊ី អ៊ុយ​ក្រែ​ន   ហូ​ឡង់ អូស្ត្រាលី និង​ប៊ែ​ល​ហ្ស៊ិ​ក ឬ​សុំ​បង្កើត​តុលាការអន្តរជាតិ​មួយ​ដើម្បី​កាត់ទោស​ក្រុម​ឧក្រិដ្ឋជន។

 ការ​អនុ​វ​ម័ត​សេចក្តីសម្រេច​លើ​ការបើក​សវន​ការ​នេះ គឺ​ត្រូវ​ស្ថិតក្រោម​ដែន​កំណត់​ជំពូក៧ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។ ក្នុងនេះ មានន័យថា ប្រសិនបើ​រកឃើញថា រដ្ឋ ឬ​ក្រុម​ណាមួយ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការបាញ់​នេះ រដ្ឋ​ឬ​ក្រុម​នោះ​នឹងត្រូវ​ទទួលរង​ការដាក់ទណ្ឌកម្ម ដែល​កំណត់ដោយ​ក្រុមប្រឹក្សាសន្តិសុខ។

សូម​រំលឹក ផងដែរ​ថា ក្រោយពី​ការធ្លាក់​យន្តហោះ​នេះ មាន​បញ្ហា​ចម្រូងចម្រាស់​ជាច្រើន ជុំវិញ​ការស្វែងរក​អ្នកទទួលខុសត្រូវ។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង បណ្តា​លោកខាងលិច បាន​ចោទប្រកាន់​រុស្ស៊ី ថា​ជា​អ្នកបាញ់​យន្តហោះ​នោះ។  ស្របពេល​ជាមួយគ្នា​មានមតិ​ផ្សេងទៀត ទម្លាក់​ការទទួលខុសត្រូវ​លើ​ក្រុម​ឧទ្ទាម​ចង់​ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត។ យ៉ាងណាក៏ដោយ នោះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន ដែល​គ្មាន​មូលដ្ឋាន ត្រឹមត្រូវ​តែប៉ុណ្ណោះ។ ជុំវិញ​ការស្នើ​ឲ្យ​មានការ​បង្កើត​សវន​ការស្វែងរក​ការទទួលខុសត្រូវ​នេះ រដ្ឋាភិបាល​រុស្ស៊ី ដែលជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ មិនបាន​ជំទាស់​ទៅនឹង​សំណើរ​របស់ ម៉ាឡេស៊ី​នោះទេ តែ​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​ចប់សព្វគ្រប់​សិន៕


© រក្សាសិទ្ធិដោយ thmeythmey.com