ព័ត៍មានសុខភាព
សុខភាព៖ អ្វី​ទៅ​ដែល​ធ្វើឱ្យ​ខ្ញុំ ប្រឈម​នឹង​ជំងឺ​គាំងបេះដូង?
04, Jul 2015 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ

កត្តា​ដែលនាំឱ្យ​កើតមាន ជំងឺ​ក្រិន​រឹង​សរសៃ​ឈាមអាកទែ មាន​ច្រើន​ខ្លាំងណាស់។ ដូច្នេះ តើ​វា​មាន​អ្វី​ខ្លះទៅ?



១) អាយុ៖ បុរស​អាយុ​ចាប់ពី ៤៥ ឆ្នាំ​ឡើងទៅ និង​ស្ត្រី​អាយុ​ចាប់ពី ៥៥ ឆ្នាំ​ឡើងទៅ ទំនងជា​ងាយ​នឹងមាន ជំងឺ​គាំងបេះដូង​ច្រើនជាង​បុរស និង​ស្ត្រីវ័យក្មេង។

២) បារី៖ ការជក់បារី និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ អាចធ្វើឱ្យ​ប្រឈមមុខ​នឹង ជំងឺ​គាំងបេះដូង កាន់តែខ្លាំង​បាន។

៣) លើស​សម្ពាធ​ឈាម៖ រយៈពេលយូរៗទៅ ការ​លើស​សម្ពាធ​ឈាម អាច​ទៅ​បំផ្លាញ​សរសៃឈាម​អាកទែ ដែល​ទៅ​ចិញ្ចឹម​បេះដូង​បាន តាមរយៈ​ជំងឺ​ក្រិន​រឹង​សរសៃឈាម​អាកទែ។ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​កើត​លើ​មនុស្ស​ធាត់​ជ្រុល អ្នក​ជក់បារី អ្នកមាន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ខ្ពស់ ឬ​ជំងឺ​ទឹកនោមផ្អែម​នោះ សុទ្ធតែ​ប្រឈមមុខ​ខ្លាំងជាងគេ​ហើយ។

៤) កូ​ឡេ​ស្តេ​រ៉ុល ឬ​ខ្លាញ់ Triglyceride ក្នុង​ឈាម​ឡើង​ខ្ពស់៖ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ឡើង​ខ្ពស់ ទំនងជា​ងាយ​នាំឱ្យ​សរសៃឈាម​អាកទែ រួម​តូច​ណាស់។ កម្រិត​ដ៏​ខ្ពស់​របស់​ខ្លាញ់ Triglyceride ដែល​ទាក់ទង​នឹង​ចំណីអាហារ​នោះ ក៏​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ខ្ពស់​ដែរ។ ទោះបីជា​យ៉ាងនេះ​ក្តី ការឡើង​ខ្ពស់​នៃ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ប្រហែលជា​បន្ថយ​ការប្រឈមមុខ នឹង​ជំងឺ​គាំងបេះដូង​បាន។

៥) ជំងឺ​ទឹកនោមផ្អែម៖ អាំង​ស៊ុយ​លីន ដែលជា​អ័រម៉ូន​បញ្ចេញ​ពី​លំពែង គឺជា​អ្នក​ជួយ​ឱ្យ​រាងកាយ អាច​ប្រើប្រាស់​គ្លុយកូស​បាន។ ការ​មាន​ជំងឺ​ទឹកនោមផ្អែម នឹង​ធ្វើឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង ហើយក៏​ប្រឈមមុខ​នឹង ជំងឺ​គាំងបេះដូង​ដែរ។

៦) គ្រួសារ​ធ្លាប់មាន​ប្រវត្តិ កើត​ជំងឺ​គាំងបេះដូង៖ បើសិនជា​បងប្អូន ឪពុកម្តាយ ឬ​ជីដូន​ជីតា ទើបតែ​មាន​ជំងឺ​គាំងបេះដូង​ហើយ អ្នក​ប្រហែលជា​ប្រឈម​នឹង ជំងឺ​នេះ​ដូចគ្នា​ដែរ។

៧) កង្វះ​លំ​ហាត់ប្រាណ៖ របៀប​រស់នៅ​ដោយ​អសកម្ម នឹង​នាំមក​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ធាត់​ជ្រុល។ អ្នក​ដែល​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​ទៀងទាត់ នឹងមាន​សុខភាព​បេះដូង និង​សរសៃឈាម​ល្អ ដូច្នេះ វា​នឹង​បន្ថយ​ការ​ប្រឈម​នឹង ជំងឺ​គាំងបេះដូង​បាន​ទាំងស្រុង។ ការហាត់​ប្រាណ ក៏មាន​ប្រយោជន៍ ក្នុងការ​បន្ថយ​សម្ពាធ​ឈាម​ដែរ។

៨) ស្ត្រេ​ស៖ អ្នក​ប្រហែលជា​ឆ្លើយតប​នឹង បញ្ហា​ស្ត្រេ​ស​ក្នុងស្ថានភាព​ច្រើនយ៉ាង ហើយក៏​អាច​ប្រឈម​នឹង ការ​គាំងបេះដូង កាន់តែច្រើន​ណាស់ដែរ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com